ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ សុំ​ទោស​សម្តេច​តេ​ជោ និង​សម្រេច​ដកខ្លួន​ពី​គណបក្ស​ភ្លើងទៀន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ បាន​ប្រកាស​បញ្ចប់​តួនាទី និង​សកម្មភាព​ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន ព្រមទាំង​ប្រកាស​ទទួលកំហុស​ខ្លួន ព្រមទាំង​អរគុណ​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ បាន​ប្រកាស​បញ្ចប់​តួនាទី និង​សកម្មភាព​ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន ព្រមទាំង​ប្រកាស​ទទួលកំហុស​ខ្លួន ព្រមទាំង​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុគ្រោះ​ខ្លួន ។

យោង​តាម​លិខិត​ថ្លែងអំណរគុណ​របស់​លោក គង់ គាំ ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣ ហើយ​ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ​នេះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ ខ្ញុំបាទ គង់ គាំ និង​ភរិយា សូម​គោរព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

តាម​រយៈ គង់ បូ​រ៉ា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​មហាសន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​២៨-២៩ ខែមករា ឆ្នាំ​២០២៣ ដែល​បាន​ទទួល និង​នាំ​បណ្តាំ ពី​សម្តេច​ប្រធាន (​ថ្នាក់ដឹកនាំ​ទាំងអស់​) គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ពី​សមានចិត្ត​ក្នុង​រយៈ​ការ​រួមរស់ (​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ និង​ពី​ការ​យោគយល់​ក្នុង​រយៈកាល​ចាកចេញ​ជា​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង (​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ ២០២៣) ។ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​ថ្មី​ៗ ដើម្បី​កិត្តិយស និង​តម្លៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ដោយ​គ្មាន​ជម្រើស (​ទាំង​បង្ខំចិត្ត​) ដកហូត​ដី​ផ្ទះ​លេខ​៧១ ផ្លូវ​សម្តេច​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​សម្បត្តិ​ក្រសួងការបរទេស​វិញ ។

លិខិតបញ្ជាក់​ថា ៖ «​ខ្ញុំបាទ គង់ គាំ និង​ភរិយា សោកស្តាយ​អំពី​សេចក្តីសម្រេច​នេះ តែ​យើងខ្ញុំ​ប្តី​ប្រពន្ធ ព្រមទាំង​កូនចៅ​សូម​អរគុណ​សម្តេច ដែល​អនុគ្រោះ​មិន​បន្ត​បណ្ដឹង​ទៅ​តុលាការ​ចំពោះ​រូប​ខ្ញុំ​។ លើស​ពី​នេះ ខ្ញុំបាទ គង់ គាំ និង​ភរិយា រីករាយ និង​ដឹងគុណ​ចំពោះ​សណ្តាន​ចិត្ត រំឭក និង​យកចិត្តទុកដាក់ សណ្ដោស​ដល់​កូន គង់ បូ​រ៉ា ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​បាន​ផ្ដល់​រថយន្ត​មួយ​គ្រឿង​ជា​មធ្យោបាយ​បម្រើ​ការងារ ក្នុង​មនោសញ្ចេតនា នៃ​គ្រួសារ​ដ៏​កៀក​កិត​មួយ​កាលពី​គ្រា​កម្សត់កម្រ​» ។

លិខិត​បាន​បន្ត​ថា លើស​ពី​នេះ ខ្ញុំ​មាន​មោទនភាព ដែល​សម្តេច​បាន​យល់​ស្រប និង​គាំទ្រ​ផង​ដែរ​នូវ​ឧត្តមគតិ និង​គោល​ជំហរ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ បង្កើត និង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ដែល​ក្រោយមក ខ្ញុំបាទ មានឱកាស​ជា​ប្រធានកិត្តិយស គឺ​ពិតជា​មាន​ឧត្តមគតិ (​ប្រឆាំង​ក្រុម​ជ្រុលនិយម​) មាន​វប្បធម៌​ថ្មី (​ពិគ្រោះ និង​ផ្តល់​យោបល់​) បន្ទាប់​ពី​វប្បធម៌​សន្ទនា​មិន​ទទួល​បាន​ជោគជ័យ​។ ក្រោយ​លទ្ធផល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ សំឡេង​ប្រជាពលរដ្ឋ​បាន​គាំទ្រ គណបក្ស​នយោបាយ​ពីរ​ជា​សំខាន់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា (​កាន់​អំណាច​) និង​គណបក្ស​ភ្លើងទៀន​។

លិខិត​ដដែល​បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំបាទ គង់ គាំ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​សម្រេចការ​រួបរួម គឺ​ដើម្បី​គោលដៅ​អនុវត្ត​វប្បធម៌​នយោបាយ​ថ្មី និង​ដើម្បី​ចូលរួម​កសាង​លំហ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ការ​គោរព​សិទ្ធិ​នយោបាយ បរិយាកាស​បោះ​ឆ្នោត សេរី ត្រឹមត្រូវ និង​យុត្តិធម៌ (​គ្មាន​វត្តមាន​ក្រុម​ជ្រុលនិយម​ផ្តួលរំលំ​ក្រៅ​សំឡេង​ឆ្នោត​ទៀត​ទេ​) ។

លោក គង់ គាំ បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ទទួលកំហុស និង​សូម​អភ័យទោស​ពី​សម្តេច ពី​ថ្នាក់ដឹកនាំ ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល យល់​ឃើញ​ថា កាយវិការ និង​អំពើ​របស់​ខ្ញុំបាទ គង់ គាំ ក្នុង​សកម្មភាព​ចុង​ក្រោយ​នេះ បាន​ប៉ះពាល់​ដល់ កិត្តិយស សេចក្ដី​ថ្លៃថ្នូរ របស់​ថ្នាក់ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប៉ះពាល់​ដល់​ភាព​សុខសាន្ត ចំពោះ​សង្គម​ជាតិ​» ។

លោក​បន្ថែម​ថា «​ក្រោយ​ពិនិត្យ​ហេតុផល​កន្លង​មកនេះ និង​ពិនិត្យ​ពិចារណា​ពី សណ្ដាប់ធ្នាប់​ពិភពលោក និង​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​តំបន់ ពិសេស​នយោបាយ​កម្ពុជា ដែល​កំពុង​យកចិត្ត ទុកដាក់​ចំពោះ​អ្នកនយោបាយ​បន្តវេន ខ្ញុំបាទ គង់ គាំ សម្រេច​បញ្ចប់​តួនាទី និង​សកម្មភាព​ជា ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន ចាប់ពី​ពេល​នេះ​តទៅ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ