ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​ ទៅ​ឥណ្ឌូ​នេ​ស៊ី ចូលរួម​កិច្ចប្រជុំ (ACC) លើក​ទី​៣២ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ប្រមុខ​ការទូត​របស់​កម្ពុជា ឯកឧត្តម ​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ…

រាជធានីភ្នំពេញ ​៖ ប្រមុខ​ការទូត​របស់​កម្ពុជា ឯកឧត្តម ​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​គណៈប្រតិភូ ​អញ្ជើញ​ចេញ​ដំណើរ​ទៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) លើក​ទី​៣២ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣-៤ ខែកុម្ភៈ ឆ្នាំ​២០២៣​ ។

ការ​ចូលរួម​កិច្ចប្រជុំ​សំខាន​ៗ​ទាំង​២​ខាងលើ​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោកស្រី រ៉េ​ត​ណូ អិ​ល​ ភី​ ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រី​ការ​បរទេស ​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​១ កុម្ភៈ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ ACC លើក​ទី​៣២ នឹង​ផ្តោត​លើ​ការ​បន្ត​តាមដាន «​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តី​ពី​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​» និង​«​សេចក្តី​ប្រកាស​ស្តី​ពី​សេដ្ឋកិច្ច​បៃតង​»​។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​នឹង​ពិភាក្សា​អំពី​អាទិភាព​នានា​ នៅ​ក្នុង​ឆ្នាំ​២០២៣ ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​ការ​បន្ត​តាមដាន​ការងារ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន ​លើក​ទី​៤០ និង​៤១ រួម​ទាំង «ការ​ពិនិត្យ​ឡើង​វិញ​និង​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​» និង «​អនុសាសន៍​ ស្តី​ពី​ការ​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​ស្ថាប័ន​របស់​អាស៊ាន ដោយ​ក្រុមការងារ​កម្រិត​ខ្ពស់​លើ​ចក្ខុវិស័យ​ក្រោយ​ឆ្នាំ​២០២៥ ​របស់​សហគមន៍​អាស៊ាន​» ព្រមទាំង​ផ្លាស់​ប្តូរ​ទស្សនៈ​ អំពី​ទំនាក់ទំនង​ខាង ក្រៅ​របស់​អាស៊ាន ក៏​ដូច​ជា​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​កង្វល់​រួម​ផង​ដែរ ​។

ឥណ្ឌូ​នេ​ស៊ី នឹង​ដឹកនាំ​ដំណើរការ​អាស៊ាន​ នៅ​ឆ្នាំ​នេះ ក្រោម​មូលបទ «​អាស៊ាន​សំខាន់​៖ ចំណុចកណ្តាល​នៃ​កំណើន​» ដើម្បី​ធានា​ថា ​អាស៊ាន​ក្លាយជា​ចំណុច ​នៃ​កិច្ច​សហប្រតិបត្តិការ ដែល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​តំបន់ និង​ពិភពលោក​ ។

នៅ​ក្នុង​ឱកាស​នៃ​ជំនួប​ខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រំពឹង​ថា​ នឹង​មាន​កិច្ច​សន្ទនា​ដាច់​ដោយឡែក​ជាមួយ​សម​ភាគី​របស់​ឯកឧត្ដម​ពី​ប្រទេស​អាស៊ាន​មួយ​ចំនួន​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ