ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុន​ខ្មែរ​អន្តរជាតិ បាន​សម្រេច​អនុម័ត​លើ​វិញ្ញ​សារ​ចំនួន​១៩ សម្រាប់​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ដំបូង​របស់​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ បាន​សម្រេច​

​រាជធានី​ភ្នំពេញ ​៖ ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ដំបូង​របស់​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ បាន​សម្រេច​អនុម័ត​លើ​វិញ្ញ​សារ​ចំនួន​១៩​ប្រភេទ ដើម្បី​ដាក់​ចូល​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ប្រភេទ​វិញ្ញាសា​រទាំង​១៩​ប្រភេទ ដែល​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​បាន​សម្រេច​ដាក់​បញ្ចូល​ប្រកួត​នេះ​មាន ១១​ប្រភេទ​វិញ្ញាសារ​បុរស ៦​ប្រភេទ​វិញ្ញាសារ​នារី និង​ប្រភេទ​វិញ្ញាសារ​គុន​គ្រូ​បុរស ១​វិញ្ញាសារ និង​គុន​គ្រូ​នារី ១​វិញ្ញាសារ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ធ្វើ​ឡើង​នៅ​កំឡុង​ដើមខែ​ឧសភា ខាង​មុខ​នេះ ។

កិច្ចប្រជុំ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣​កន្លង​ទៅ មាន​ចំនួន ៨​ប្រទេស​នៅ​តំបន់​អាស៊ាន ដែល​នឹង​ចូលរួម និង​បាន​គាំទ្រ អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ «​គុន​ខ្មែរ​» ដោយ​មិន​មានការ​កែប្រែ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​មាន កម្ពុជា​ជា​ម្ចាស់ផ្ទះ ឡាវ វៀតណាម មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី និង ម៉ា​ឡេ​ស៊ី ខណៈ​ថៃ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចូលរួម​ប្រកួត​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​ថៃ​មាន​ក្រុមកីឡា​រួច​ហើយ​ដែល​អាច​ចូលរួម​បាន នេះ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ឯកឧត្ដម វ៉ា​ត់ ចំរើន ក៏​បាន​ពន្យល់​ថា ការ​ដាក់​គុន​ខ្មែរ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ គឺជា​ការ​ប្រើប្រាស់​អត្តសញ្ញាណ​ខ្មែរ​សុទ្ធសាធ​ដោយ​មិន​ប៉ះពាល់​ដល់​ក្បាច់គុន​របស់​ប្រទេស​ណាមួយ​ឡើយ​។ អត្តសញ្ញាណ​ខ្មែរ​សុទ្ធ​គឺ ការ​ថ្វាយបង្គំ​គ្រូ ការ​ប្រើ​ក្រមា​ខ្មែរ​ដោយ​មាន​ទង់ជាតិ​ខ្មែរ​ជូត​លើ​ក្បាល រុំ​អំបោះឆៅ​លើ​ដៃ និង​ប្រើ​ឧបករណ៍​ការពារ​ខ្លួន​រួម​មាន ពាក់មួក​ការពារ​ក្បាល ពាក់អាវ​ការពារ​ទ្រូង និង​ពាក់​ក្រណាត់​ដើម្បី​ការពារ​កែង ព្រមទាំង​បទបញ្ជា​ការ​ប្រកួត និង​គោលការណ៍​គុន​ខ្មែរ​ទាំងស្រុង​។ សម្រាប់​ការ​ប្រើ​ក្រមា​ដាក់​ទង់ជាតិ​នៅ​លើ​ក្បាល​នេះ ប្រសិនបើ​ប្រទេស​ផ្សេង​ដាក់​ទង់ជាតិ​របស់​ខ្លួន​នៅ​លើ​ក្រមា​គឺ​អាច​ប្រើ​បាន​។ ចំពោះ​ការ​ប្រើ​អំបោះឆៅ ប្រសិនបើ​ប្រទេស​ផ្សេង​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ប្រើប្រាស់​តាម​ជំនឿ​របស់​ពួក​គេ​ក៏​អាច​ដាក់​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​ប្រវត្តិសាស្ត្រ​ប្រចាំ​តំបន់​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែល​មាន​១១ ប្រទេស​ជា​សមាជិក គឺ Sea Games 2023 នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ផ្លូវការ​ពី​ថ្ងៃ​ទី​០៥ ខែ​ឩ​សភា ឆ្នាំ​២០២៣ និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​ដែល ASEAN Para Games 2023 នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ដល់​ថ្ងៃ​ទិ​០៩ ខែមិថុនា ឆ្នាំ​២០២៣៕ (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ