ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ឃុំ​តា​ជេស ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវ​មួយ​ខ្យែ​ប្រហែល​ជាង​៧​គីឡូម៉ែត្រ បែក​ចេញពី​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ផ្សារ​ថ្នល់ទទឹង​ចុះ​ទៅ​មាត់កំពង់​ទឹក​តា​ជេស

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវ​មួយ​ខ្យែ​ប្រហែល​ជាង​៧​គីឡូម៉ែត្រ បែក​ចេញពី​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ផ្សារ​ថ្នល់ទទឹង​ចុះ​ទៅ​មាត់កំពង់​ទឹក​តា​ជេស ស្ថិត​ក្នុងភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច បាន​រង​ការ​ខូចខាត ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួសជុល​ផ្លូវ​មួយ​ខ្យែ​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ផ្លូវ​មួយ​ខ្យែ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់ សម្រាប់​ដឹក​កសិផល និង​ផល​នេសាទ​ពី​មាត់កំពង់​ទៅ​កាន់​ផ្សារ​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា​ផង​ដែរ​។

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ​បាន​លើក​ឡើង​ថា ចាប់តាំងពី​ធ្លាក់​ភ្លៀង​មក​ផ្លូវ​ដែល​មាន​ប្រវែង​ជាង​៦​គីឡូម៉ែត្រ​ចេញពី​ផ្សារ​ថ្នល់ទទឹង​ដល់​មាត់ទឹក​ភូមិ​តា​ជេស​នេះ បាន​រង​ការ​ខូចខាត​ជា​ខ្លាំង ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ខ្លាំង ជា​ពិសេស​សិស្សសាលា​ពេល​ខ្លះ​ដួល​កង់ ម៉ូតូ ប្រឡាក់​ខោអាវ​ជាដើម ព្រោះតែ​ផុង និង​រអិល​ហើយ​បើ​ពេល​ភ្លៀង​ម្តង​ៗ គឺ​កាន់តែ​យា​ប់​មែនទែន​។ ពួក​គាត់​បាន​បញ្ជាក់​ថា រយៈពេល​២-៣​ខែ​ហើយ​ដែល​ផ្លូវ​នេះ​បាន​រង​ការ​ខូចខាត ហើយ​ការ​ធ្វើ​ដំណើរ​បាន​ជួប​ការ​លំបាក​។

ពួក​គាត់​ជា​ប្រជាពលរដ្ឋ និង​ជា​សិស្សានុសិស្ស សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​កសាង​ផ្លូវ​មួយ​ខ្យែ​នេះ​ឲ្យ​បាន​ឆាប់​ផង​។ ជុំវិញ​បញ្ហា​ផ្លូវ​ដែល​កំពុង​ជួប​ការ​លំបាក​នេះ​ដែរ​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ថា តាម​ពិត​ផ្លូវ​មួយ​ខ្យែ​នេះ​កំពុង​មានការ​សាងសង់​ដោយ​ក្រសួង​សាធ​រណៈការ និង​ដឹក​ជញ្ជូន ក្នុង​គម្រោង​ផ្លូវ​ប្រវែង​ជាង​១៣០​គីឡូម៉ែត្រ ចេញពី​មាត់កំពង់​តា​ជេស កាត់​ខ្វែង​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​ថ្នល់ទទឹង​បន្ត​ទៅ​ដល់​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​។

ផ្លូវ​ដែល​ត្រូវ​សាងសង់​នេះ​ជា​ថវិកា​ធានា​គារ​ADB  អនុវត្ត​គម្រោង​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដោយ​កសាង​ជា​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ​ស្តើង បើ​តាម​ក្នុង​គម្រោង​នឹង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ ទោះ​យ៉ាងនេះ​ក្តី​បើ​តាម​គម្រោង​នៅ​សល់​តែ​ប្រមាណ​ជាង​៨​ខែ​ទៀត​ប៉ុណ្ណោះ និង​បញ្ចប់​គម្រោង សង្ឃឹមថា​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ខាងលើ​ពិតជា​នឹង​បាន​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត​ជា​ពុំខាន​៕                      .