ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់ ​អ្នក​ស្លា.ប់​ឡើង​ដល់​119​នាក់

6 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ថា សាកសព​មនុស្ស​២៥​នាក់ ក្នុង​នោះ​១៧​នាក់​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​ត្រូវ​បាន​រក​ឃើញ​ពេល​ទឹកជំនន់​ស្រក​ចុះ​ក្រោយ​ពី​ជន់​លិច​ភូមិឋាន​ទាំងឡាយ​នៅ​រដ្ឋ

ឥណ្ឌា ៖ ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ថា សាកសព​មនុស្ស​២៥​នាក់ ក្នុង​នោះ​១៧​នាក់​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​ត្រូវ​បាន​រក​ឃើញ​ពេល​ទឹកជំនន់​ស្រក​ចុះ​ក្រោយ​ពី​ជន់​លិច​ភូមិឋាន​ទាំងឡាយ​នៅ​រដ្ឋ GUJARAT ភាគ​ខាងលិច​ឥណ្ឌា ដែល​នៅ​ទីនោះ​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​តុល្យការ​អ្នក​ស្លាប់​មក​ទល់​ពេល​នេះ​ឡើង​ដល់​១១៩​នាក់​ហើយ ។

លោក AKSHARAJ MAKWANA អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​ថ្លែងប្រាប់ AFP ថា សរុប​សាកសព​មនុស្ស​២៥​នាក់​ត្រូវ​បាន​ស្រង់​ក្នុងភូមិ​២ ស្ថិត​នៅ​ជាប់មាត់​ស្ទឹង BANAS ក្នុងស្រុក BANASKANTHA ។ មុន​នេះ​បន្តិច​អធិការ​ប៉ូលិស​ម្នាក់​រាយការណ៍​ថា សាកសព​មនុស្ស​១៧​នាក់​នៃ​គ្រួសារ​តែ​មួយ​ត្រូវ​បាន​រក​ឃើញ ។ ពួក​គេ​ហាក់ដូចជា​ត្រូវ​លង់ទឹក​ស្លាប់ ។ សាកសព​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​កប់​ក្នុង​ភក់ ។

បណ្តា​អ្នក​ជួយ​សង្គ្រោះ​រដ្ឋ GUJARAT ថ្លែង​នា​ថ្ងៃ​ទី​២៦ កក្កដា ថា បណ្តា​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​បណ្តា​តំបន់​រង​ការ​បំផ្លាញ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ ។

ទឹកជំនន់​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១៩​នាក់ ក្នុង​រដ្ឋ​នា​ចុង​ខាងលិច​ឥណ្ឌា​នេះ ហើយ​ញ៉ាំង​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ដល់​ទៅ​ជាង​៣៦.០០០​នាក់ ទៅ​កាន់​កន្លែង​មាន​សន្តិសុខ​នានា ខណៈ​បណ្តា​ឧទ្ធម្ភាគចក្រ និង​នាវា​ប៉ុនប៉ង​រុលចូល​ឱ្យ​ដល់​តំបន់​ដាច់​ស្រយាល​នានា ។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី កាលពី​ថ្ងៃ​ទី​២៥ កក្កដា បាន​ទៅ​កាន់​រដ្ឋ​នេះ ។ ក្រៅពី​រដ្ឋ GUJURAT រដ្ឋ​នៅ​ភាគ​ឦសាន​ប្រទេស​គឺ​រដ្ឋ ARUNACHAL PRADESH និង​រដ្ឋ ASSAM ក៏​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​ដែរ ក៏​ដូច​ជា​នៅ​តំបន់​មួយ​ចំនួន​នៃ​រដ្ឋ ODISHA និង​រដ្ឋ BIHAR ៕