ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរមានការ​កើនឡើង​នៅ​តាម​​រមណីយដ្ឋាន​​ក្នុងស្រុកកៀនស្វាយ​

13 ឆ្នាំ មុន

​ខេត្ត​កណ្តាល​ ៖ ​ទោះបីជា​គេមិន​​ទាន់អាច​​ប៉ាន់​ស្មាន​​​បាននូវ​​ចំនួន​ភ្ញៀវ​​ទេសចរ​​​ ចូលទៅ​កម្សាន្ត​​​តាមបណ្តា​​រមណីយដ្ឋាន​​​ក្នុង​ស្រុក​​កៀន​ស្វាយ​ តែលោក​អភិបាល​ស្រុក​​បានអះអាង​​ថា ភ្ញៀវ​​​ទេសចរ​​​ឆ្នាំនេះ​មានការ​កើនឡើង​​ សំខាន់​ភ្ញៀវ​​​​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ​​​អញ្ជើញ​​​ចូល​មក​​លំហែ​កាយ និង​​កម្សាន្ត​​​ជា​លក្ខណៈ​គ្រួសារ​​នៅ​រមណីយ ដ្ឋាន​​​វត្ត​កៀន​ស្វាយ​​ក្រៅ ​ស្ថិត​ក្នុង​​ឃុំ​ភូមិ​ធំ ។

ខេត្ត​កណ្តាល​ ៖ ​ទោះបីជា​គេមិន​​ទាន់អាច​​ប៉ាន់​ស្មាន​​​បាននូវ​​ចំនួន​ភ្ញៀវ​​ទេសចរ​​​ចូលទៅ​កម្សាន្ត​​​តាមបណ្តា​​រមណីយដ្ឋាន​​​ក្នុង​ស្រុក​​កៀន​ស្វាយ​ តែលោក​អភិបាល​ស្រុក​​បានអះអាង​​ថា ភ្ញៀវ​​​ទេសចរ​​​ឆ្នាំនេះ​មានការ​កើនឡើង​​ សំខាន់​ភ្ញៀវ​​​​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ​​​អញ្ជើញ​​​ចូល​មក​​លំហែ​កាយ និង​​កម្សាន្ត​​​ជា​លក្ខណៈ​គ្រួសារ​​នៅ​រមណីយ ដ្ឋាន​​​វត្ត​កៀន​ស្វាយ​​ក្រៅ ​ស្ថិត​ក្នុង​​ឃុំ​ភូមិ​ធំ ។

លោកហេង ​ធៀម ​អភិបាល​ស្រុក​កៀន​ស្វាយ​ បានមានប្រសាសន៍​​​ថា ​​ទិដ្ឋ​ភាព​​នៃ​ការ​​កម្សាន្ត​​សប្បាយ​របស់ប្រជា​ពលរដ្ឋ​​​ទូទាំង​​ស្រុក​ឆ្នាំ​នេះ​​​មាន​ភាព​អធិក​អធម​​ជាង​បណ្តា​ឆ្នាំ​​​កន្លង​ទៅ​ ហើយ​គ្រោះថ្នាក់​ផ្សេងៗ​​ក៏​មានការ​ថយ​ចុះ​គួរ​ឱ្យកត់សម្គាល់​​​​ផងដែរ ។ ​​អ្វី​​ជា​ការ​ចាប់​​អារម្មណ៍​​​បំផុតនោះគឺ​​​ចំនួន​ភ្ញៀវ​​​​ទេសចរ​​​នៅ​តាម​រមណីយ ដ្ឋាន​​​​ហាក់​មាន​ការ​​កើន​ឡើង​ សំខាន់​​រមណីយដ្ឋាន​​​ធម្មជាតិ​វត្តកៀន​ស្វាយ​ក្រៅ​​​តែម្តង ។​
លោក​​បញ្ជាក់​ថា អ្វីដែល​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេស​ចរ​​​កើនឡើង​​ខ្ពស់នោះ​គឺ​​ មកពី​កត្តា​ជា​ច្រើន​ក្នុង​​នោះ​រួមមាន​​​ប្រទេស​ជាតិ​ទទួលបាន​សុខ​សន្តិ​ភាព​គ្រប់​​​គ្រាន់​​​ ការ​ការពារ​សន្តិសុខ​​​បានល្អ និង​​មាន​​សណ្តាប់ធ្នាប់​​​ គ្រប់​​ផ្លូវ​អាច​ធ្វើ​​ចរាចរណ៍​​ដោយ​ងាយស្រួល ការ​គ្រប់​គ្រង​បាន​​នូវ​តម្លៃ​​​ម្ហូប​អាហារ​ សុវត្ថិភាព​គ្រប់គ្រាន់​​សម្រាប់​ភ្ញៀវ​​​ រួម​ទាំង​ការថែរក្សា​​​អនាម័យ​​ក៏​បានល្អ​​​ផងដែរ ​។ ​​លោកអភិបាល​​ស្រុក​បាន​សម្តែង​​​នូវ​មោទន​ភាព​ថា ​​ទាំងអស់​​នោះគឺ​បាន​មក​ពី​​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​​ឈ្លាស​វៃ​​ និង​ប្រកប​ដោយ​​គតិបណ្ឌិត​​របស់​សម្តេច​អគ្គមហា​​សេនាបតីតេជោ​ហ៊ុន សែន ​​​​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ។​
ភ្ញៀវ​​​ទេសចរ​ដែលបាន​ទៅកម្សាន្ត​​​នៅ​រមណីយដ្ឋាន​​​​​វត្តកៀន​ស្វាយ​​ក្រៅបាន​និយាយ​ថា ​​ឆ្នាំនេះ​​​ហាក់​ដូចជា​​​មានការ​​ខុសប្លែក​​ពីបណ្តា​ឆ្នាំ​មុនៗ អំពី​ចំនួន​ភ្ញៀវ​​ដែល​មកកាន់​ទីនេះ ព្រោះ​​រយៈ​ពេល​​​ប៉ុន្មាន​​ថ្ងៃ​​ចូលឆ្នាំ​នេះ មានភ្ញៀវ​​​ទេសចរ​ខ្លះ​ត្រូវ​​វិល​ត្រឡប់​ទៅ​វិញ ដោយសារ​​តែ​គ្មា​ន​កន្លែង​​​​​ចំណត​រថយន្ត​​​​ ព្រោះ​ទីធ្លា​សម្រាប់​​​ចំណត​រថយន្ត​ពេញ​អស់​ទៅ​ហើយ ។ ​ម្យ៉ាង​ទៀត​​​​បើ​តាម​ការ​ពិនិត្យ​​​ជាទូទៅ​គេ​មើល​ឃើញ​ថា ឆ្នាំ​នេះ​​អាជ្ញា​ធរ​​​មាន​ការ​​រៀបចំ​បានល្អទាំង​​សន្តិសុខ​​សណ្តាប់​ធ្នាប់​​ និង​ការ​បង្ក​លក្ខណៈ​​​ឱ្យ​មាន​ការ​កម្សាន្ត​​​សប្បាយ ។ ​ទន្ទឹមនោះ​អ្វីដែលជា​​​ការ​ព្រួយបារម្ភ​​​របស់ភ្ញៀវ​​​អំពី​តម្លៃ​​​នៃ​ម្ហូបអាហារ​​​ដែលតែង​តែ​​​ឡើងថ្លៃ​​​ហួសហេតុុ​​​នោះ​ក៏ដូចជា​​​មិន​​​មានដែរ ក្នុងរយៈ​ពេល​​ចូលឆ្នាំ​​នេះ​។​
ទោះបីជាយ៉ាង​​នេះក្តី​ ភ្ញៀវ​​​ទេសចរ​​​សុទ្ធ​តែ​​លើកជា​​សំណូមពរ​​ឱ្យអាជ្ញាធរ​​ទីនោះ​មាន​ការ​​កែលម្អ​​​ឱ្យកាន់តែ​​ប្រណីត​​បន្ថែមទៀត​ក្នុង​​រមណីយ​ដ្ឋាន​​ដ៏ចំណាស់​មួយនេះ ។​
គួររំឭក​ថា ស្រុក​​កៀនស្វាយ​​​មានរមណីយ​ដ្ឋាន​​សំខាន់​ៗ​ជា​ច្រើន​​ដែលភ្ញៀវ​​​​ទេសចរ​​​ចូល​ចិត្ត​​ទៅកម្សាន្ត​​​នៅទីនោះ​​ដូចជា​ ​រមណីយដ្ឋាន​​វត្ត​កៀន​ស្វាយ​​​ក្រៅ វត្ត​​ពុទ្ធ​មណ្ឌល ​​វត្ត​​អង្គរជ័យ ​​​វត្ត​ទួល​​ប្រាសាទប្រាំ ​​និង​រមណីយដ្ឋាន​​​​ទួល​ដំបូក​ខ្មៅ ​​ដំបៅ​ជ្រុំ​​​ជាដើម ។ ​នាប​៉ុន្មាន​​​ឆ្នាំ​ចុង​ក្រោយ​នេះ​​រមណីយដ្ឋាន​​ក្នុងស្រុក​​កៀនស្វាយ​​ហាក់​​ស្រូប​​​យក​ភ្ញៀវ​​​​ទេសចរ​​​កាន់តែ​ច្រើន​​ឡើង ​ខណៈ​ពេល​ដែល​​​រមណីយដ្ឋាន​​​នីមួយៗ​​បានធ្វើ​​ការ​កែ​លម្អ​​​ទាំង​​សោ​ភ័ណ​ភាព​​​​ និង​ការ​ថែ-​​រក្សា​​សុវត្ថិ​ភាព​ រួម​​ជា​​​មួយហេដ្ឋារចនាសម្ព័ន្ធ​​​​​ផ្លូវ​ថ្នល់​​​ផងដែរ ។​
លោក​អភិបាល​ស្រុកកៀន​ស្វាយ​​បានសន្យា​ថា ​នា​ពេល​​ខាង​មុខនេះ​រមណីយដ្ឋាន​​​ទាំងអស់​ក្នុង​​ស្រុក នឹងធ្វើ​​​ការអភិរក្ស ​ដើម្បី​​​​ឈាន​ឡើង​​កម្រិត​​ស្តង់​ដា​​​ដូច​បណ្តា​រមណីយដ្ឋាន​​​​ដទៃទៀត​​​ក្នុង​​ព្រះរាជាណាចក្រកម្ពុជា ។ លោក​អំពាវ​នាវ​​​ផង​ដែរ ​​ដល់ប្រជា​ពលរដ្ឋ​​​តាម​មូលដ្ឋាន​​​ចូល​រួម​កាន់​តែ​សកម្ម​ថែមទៀត​​​ក្នុងគោល​នយោបាយ​​​​ទេសចរណ៍​​របស់រាជ​រដ្ឋាភិបាល​​កម្ពុជា​ដើម្បី​​​​ទាក់​ទាញ​​ភ្ញៀវ​​ទេសចរ​ជាតិ និងអន្តរជាតិ សំដៅ​​ធ្វើ​​ឱ្យ​វិស័យ​​ទេសចរណ៍​​​ក្លាយ​ជា​​​ឧស្សាហ​កម្ម​ទេស​ចរណ៍​​​ដូចបណ្តា​ប្រទេស​លើ​​សាកល​លោក ៕