រាជធានីភ្នំពេញ ៖ ស្របពេលកំណើននៃការប្រើប្រាស់យានយន្ដកើនឡើង ករណីគ្រោះថ្នាក់ចរាចរណ៍ក៏កើនឡើងផងដែរ ដែលភាគច្រើនបណ្ដាលមកពីកត្តាមនុស្ស គឺការបើកបរមិនប្រុងប្រយ័ត្ន មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ បើកជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ឬ បើក្នុងស្ថានភាពស្រវឹង ជាដើម ។
បើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន២៨១លើក កើនឡើង១៥% បើធៀបគ្រាដូចគ្នាឆ្នាំ២០១៦ ។
កត្តាធ្វើបង្កឱ្យមានគ្រោះថ្នាក់នេះ បើតាមរបាយការណ៍បង្ហាញថា ការបើកបរលឿនមិនប្រយ័ត្ន មាន៣៨% បើកបរមិនគោរពសិទ្ធិអាទិភាព២២% បើកបរមិនប្រកាន់ស្តាំ១៩% បើកបរជែងមិនពិនិត្យឧបសគ្គ៧% បើកបរខ្ជីខ្ជាធ្វេសប្រហែស៦% បើកបរក្នុងករណីស្រវឹង ៦% និងកត្តាផ្សេងៗ២% ។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរចារណ៍នេះ បើតាមមាត្រា៨៥នៃច្បាប់ចរាចរណ៍ផ្លូវគោកបានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមួយឬច្រើនដូចចែងក្នុងមាត្រា៥៣នៃក្រមព្រហ្មទណ្ឌ ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានទៅ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីខាងក្រោម ៖
-បើកបរដោយគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមប្រភេទយានយន្ត ។
-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាល់កុលចាប់ពី០,៤០មីល្លីក្រាម ក្នុង១លីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុង១លីត្រឈាមឡើងទៅ ។
-បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ ។
-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស ៖
១- ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន ។
២-ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន ។
៣-ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន ។
៤-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល២ខែយ៉ាងច្រើន ។
៥-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ។
៦-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់រយៈពេល៨ថ្ងៃយ៉ាងច្រើន ៕
ចែករំលែកព័តមាននេះ