ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ហាក់​ក្ដោប​ក្ដាប់​ទីផ្សារ​រថយន្ដ​នៅ​កម្ពុជា ខណៈ​កូរ៉េ​ក្ដោប​ខាង​ទូរស័ព្ទ​ដៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​តាម​ដង​វិ​ថី​តូច​ធំ​នានា​ក្នុង​ក្រុងភ្នំពេញ​ដែល​កកកុញ​ដោយ​រថយន្ត​ត្រៀបត្រា មិន​ថា​ស៊េរី​ទំនើប ស៊េរី​ចាស់ រថយន្ដ​ថ្មី​បក​ពី​កេស ឬ​មួយ​ទឹក​នោះ​ទេ ភាគច្រើន​គឺជា​ប្រភេទ​រថយន្ត​ដែល​ផលិត​នៅ

រាជធានី​ភ្នំពេញ ៖ នៅ​តាម​ដង​វិ​ថី​តូច​ធំ​នានា​ក្នុង​ក្រុងភ្នំពេញ​ដែល​កកកុញ​ដោយ​រថយន្ត​ត្រៀបត្រា មិន​ថា​ស៊េរី​ទំនើប ស៊េរី​ចាស់ រថយន្ដ​ថ្មី​បក​ពី​កេស ឬ​មួយ​ទឹក​នោះ​ទេ ភាគច្រើន​គឺជា​ប្រភេទ​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន ។ ជាក់ស្តែង​រថយន្ត​១០​គ្រឿង​រត់​នៅ​លើ​ដងផ្លូវ គឺ​មាន​រថយន្ត​ប្រភេទ​តូ​យ៉ូ​តា​ដល់​ទៅ​៧​ឬ​៨​គ្រឿង​ទៅ​ហើយ ។

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន RMA Group បាន​ឲ្យ​ដឹង​ថា ចំនួន​រថយន្ត​សរុប​ឆមាស​ទី​១ ឆ្នាំ ២០១៦ ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៦ ឃើញ​ថា ការ​នាំ​ចូល​ទាំង​ថ្មី និង​ជជុះ មានការ​ធ្លាក់​ចុះ​ប្រហែល​៣៨% ។

លោក​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន ដោយសារ​តែ​ចំនួន​ស្តុក​រថយន្ត​នាំ​ចូល​លើក​មុន​នៅ​មាន​ច្រើន និង​មួយទៀត វា​អាច​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​។ ប៉ុន្តែ​សម្រាប់​ការ​នាំ​ចូល​រថយន្ត​ថ្មី​វិញ នៅ​មាន​ភាពល្អ​ប្រសើរ ដោយ​រក្សា​បាន​ចំនួន​ភាគរយ​ល្អ អត់​មានការ​ប្រែប្រួល ឬ​ធ្លាក់​ចុះ​នោះ​ទេ គឺ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៧​នេះ សម្រាប់​ទីផ្សារ​ក្នុងស្រុក​ខ្មែរ បាន​នាំ​ចូល​រថយន្ត​ថ្មី​ប្រមាណ​១៨% ។

ចំណែក​រថយន្ដ​មួយ​ទឹក​វិញ ពុំ​មាន​តួលេខ​ច្បាស់លាស់​នោះ​ទេ ដោយ​លោក​បាន​ថ្លែង ថា ៖« ចំពោះ​រថយន្ដ​ចាស់ ខ្ញុំ​អត់​ដឹង​ថា​រថយន្ដ​អី​ទេ តែបើ​ចំពោះ​រថយន្ត​ថ្មី ខ្ញុំ​មាន​ជា​តួលេខ​ដែល​យើង​ឃើញ​រថយន្ត​ហ្វ​ដ​(Ford)​ឈានមុខ​គេ​។ ចំពោះ​ទីផ្សារ​ទាំងមូល​យើង​ប៉ាន់ស្មាន​ទៅ​គឺ​ប្រហែលជា​មាន​ចំណែក​ទីផ្សារ​ខ្ទង់​៣៥%​ដែរ​»​។

លោក​បាន​បន្ថែម​ថា ៖« រថយន្ត​មួយ​ទឹក ខ្ញុំ​អត់​មាន​តួលេខ​ច្បាស់លាស់​ទេ ប៉ុន្តែ​បើ​មើល​នឹង​ភ្នែក យើង​ឃើញ​ថា ខាង​តូ​យ៉ូ​តា​គឺ​មាន​ច្រើន​»​។

លោក ង​ន សាំង ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ប្រភេទ​រថយន្ត​ដែល​ក្តោប​ទីផ្សារ​ធំ​ជាងគេ​ទាំង​រថយន្ត​ថ្មី និង​ជជុះ​គឺជា​ប្រភេទ​រថយន្ត​ខ្ពស់ SUV​ដែល​ក្តោប​ទីផ្សារ​បាន​ដល់​ទៅ​២៣% និង​បន្ទាប់​មក​គឺជា​ប្រភេទ​រថយន្ត​តូច ឬ​ហៅ​ថា​(Sedan)​មាន​ចំនួន​២០% និង​មួយ​ប្រភេទ​ទៀត​ជា​រថយន្ត​មួយ​បាំង​កន្លះ ឬ​ហៅ​ថា​(Pick-up) មាន​ចំនួន​១៨% ។

លោក​មាន​សុទិដ្ឋិនិយម​ថា ទីផ្សារ​រថយន្ត​ថ្មី​នឹង​បន្ត​កើនឡើង និង​បាន​អះអាង​ថា ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក មាន​ហានិភ័យ​ច្រើន ទាំង​ថ្លៃ​ការ​ថែទាំ​ជួសជុល ស៊ីសាំង និង​បញ្ហា​នៃ​ការ​កាត់ត​រថយន្ត​ដែល​អ្នកទិញ​យក​ទៅ​ប្រើប្រាស់ ហាក់​មាន​ហា​និ​យ​ភ័យ​ដល់​អាយុជីវិត​ផង​ដែរ ។

លោក​បាន​ពន្យល់​ថា ៖« រថយន្ត​មួយ​ទឹក​មក​ពី​ស្រុក​គេ បើ​និយាយ​ពី​អាយុ​វិញ​សុទ្ធតែ​អាយុ​ជាង​១០​ឆ្នាំ​ហើយ អីចឹង​បើ​យើង​និយាយ​ពី​គុណភាព ពី​សុវត្ថិភាព ពី​ការ​ចំណាយ​ប្រាក់​ថែទាំ បើ​ធៀប​នឹង​រថយន្ត​ថ្មី គឺ​ខុស​គ្នា ។ បើសិនជា​កំណើន​ជីវភាព​ប្រជាជន​ល្អ គាត់​ត្រូវការ​រថយន្ត​ថ្មី​ហើយ ។ យើង​ឃើញ​ទំនោរ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​គឺ​កើនឡើង​នៃ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​អីចឹង​ដែរ »​។

យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ដឹក ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​១៩៩០​ដល់​ខែមេសា ឆ្នាំ​២០១៧​នេះ រថយន្ត​ដែល​បាន​ចុះ បញ្ជី​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៩១៥.៩៧៨​គ្រឿង ក្នុង​នោះ​រថយន្ត​ធម្មតា​មាន​ចំនួន​៥៦៦.១៥៧​គ្រឿង និង​រថយន្ត​ធ្វើ​អាជីវកម្ម​មាន​ចំនួន​៣៤៩.៨២១​គ្រឿង ។

សម្រាប់​អ្នកមាន​ជីវភាព​មធ្យម គឺ​ភាគច្រើន​ជ្រើសរើស​រថយន្ត​របស់​ជប៉ុន​ដោយសារ​តែ​កត្តា​តម្លៃ និង​លទ្ធភាព​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​សាំង ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​គ្រឿងបន្លាស់​ផង​ដែរ ។

អ្នក​នាង កែវ សុ​ជាតិ ដែល​ជា​អ្នក​ប្រើប្រាស់​រថយន្ដ​ទំនើប​ម៉ាក​តូ​យ៉ូ​តា​កាម​រី ហា​យ​ប្រ៊ី​ត បាន​ឲ្យ​ដឹង​ថា ៖« ខ្ញុំ​ប្រើប្រាស់​រថយន្ត​ម៉ាក​នេះ ដោយសារ​តែ​វា​សន្សំ​សំចៃ​សាំង តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ខ្ញុំ​ចង់​ផ្លាស់​ប្តូរ​វា​ចេញ »​។

ចំណែក​អ្នកស្រី ឌី លី​ណា អាយុ​៤១​ឆ្នាំ ជា​អាជីវករ​លក់​ខោអាវ​អន​ឡាញ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា សម្រាប់​បងប្អូន​របស់​អ្នកស្រី ក៏​ដូច​អ្នកស្រី​ផ្ទាល់ គឺ​ជ្រើសរើស​យក​រថយន្ត​ជប៉ុន ម៉ាក​តូ​យ៉ូ​តា ដោយសារ​តែ​កត្តា​តម្លៃ និង​ភាព​ងាយស្រួល​ក្នុង​ការ​រក​គ្រឿងបន្លាស់​ពេល​ត្រូវការ​ជួស​ជុស​ម្តង​ៗ ។

អ្នកស្រី​បាន​ពន្យល់​ថា ៖« បងប្អូន​ខ្ញុំ​៣​នាក់​គឺ​ប្រើ​រថយន្ត​តូ​យ៉ូ​តា​របស់​ជប៉ុន​ទាំងអស់ ។ ខ្ញុំ​ប្រើ​រថយន្ត​កាម​រី បងប្រុស​ខ្ញុំ​ប​ហា​យ​ឡែ​ន​ឌើ និង​ប្អូនស្រី​ខ្ញុំ​ប្រើប្រាស់​រថយន្ត​កូ​រ៉ូ​ឡា​។ ខ្ញុំ​ជឿ​ថា​ចំណែក​ទីផ្សារ​រថយន្ត​របស់​ជប៉ុន​គឺ​ច្រើន ដូច​នៅ​ម្តុំ​ផ្ទះ​ខ្ញុំ អ្នក​ជិតខាង​ភាគច្រើន​ប្រើ​រថយន្ត​តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ឌើ »​។

អ្នកស្រី​បន្ត​ទៀត​ថា ៖« កត្តា​ចម្បង​គឺ​រថយន្ត​ជប៉ុន​មាន​ច្រើន​ម៉ាក ហើយ​តម្លៃ​រាង​ធូរ​ថ្លៃ​ជាង​ម៉ាក​ល្បី​ៗ​របស់​អង់គ្លេស ឬ​អា​ល្លឺ​ម៉​ង់ មាន​ន័យ ថា ខ្ញុំ​មាន​ត្រឹមតែ​ជាង​១​ម៉ឺន​ដុល្លារ ក៏​អាច​ទិញ​បាន​រថយន្ដ​SUV​គ្រាន់បើ​យក​មក​ប្រើ​បាន​ដែរ​។​កត្តា​ទី​ពីរ​គឺ មិនសូវ​ចំណាយ​ច្រើន​លើ​សាំង បើ​ធៀប​នឹង​ម៉ាក​ល្បី​ផ្សេង​ៗ​ទៀត ហើយ​អ្វី​ដែល​ពិ​សេ​សេ គឺ​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​គ្រឿងបន្លាស់​ពេល​វា​ខូច » ។

ងាក​ទៅ​ទីផ្សារ​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ចំនួន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ទីផ្សារ​ក៏​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំងក្លា​ណាស់​ដែរ​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ជាមួយនឹង​ម៉ាក​ល្បី​ៗ​អន្តរជាតិ ដូច​ជា iPhone របស់​អា​មេ​រិ​ក Sasung របស់​កូរ៉េ ជា​ពិសេស​គឺ​វត្តមាន​ស្មា​ត​ហ្វូ​ន របស់​ចិន ដូច​ជា Huawei និង Oppo កំពុង​តែ​វាយលុក​ក្នុង​ទីផ្សារ​កម្ពុជា ។

ទិន្នន័យ​របស់​វិទ្យាស្ថាន​បើក​ទូលាយ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា (Open Institute) ឆ្នាំ​២០១៦ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទីផ្សារ​ទូរស័ព្ទ​នៅ​កម្ពុជា​គឺ​មាន​សន្ទុះ​កើនឡើង ដែល​ចំនួន​ជាង​៩៦%​នៃ​ប្រជាជន​កម្ពុជា អះអាង​ថា ពួក​គេ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន និង​ច្រើន​ជាង​៩៩%​អះអាង​ថា ពួក​គេ​អា​ចរក​មធ្យោបាយ​ផ្សេង​ៗ​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​បាន ។ ក្នុង​នោះ​ផង​ដែរ វិទ្យាស្ថាន​បាន​រក​ឃើញ​ថា មាន​ប្រមាណ​៤៨%​នៃ​ប្រជាជន​កម្ពុជា ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​(Smartphone) យ៉ាង​ហោច​ណាស់​១​គ្រឿងក្នុង​ដៃ កើន​ជាង​ឆ្នាំ​២០១៥ ដែល​រក​ឃើញ​ត្រឹមតែ​ប្រមាណ​៣៩,៥%​ប៉ុណ្ណោះ ។

លោក ឈឹ​ម សាង​ហេង  ម្ចាស់​ហាង​ទូរស័ព្ទ ហាក់​សែ សាខា​គី​រី​រម្យ ដែល​ជា​ហាង​ទូរស័ព្ទ​ដៃ​ធំ​មួយ​នៅ​ក្រុងភ្នំពេញ បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៧ ថា ទីផ្សារ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន គឺ​មាន​សន្ទុះ​កើនឡើង​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ស្ទើរតែ​៧០%​ទៅ​៨០%​នៃ​អតិថិជន​របស់​លោក គឺ​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​យ៉ាង​ហោច​ណាស់​ពីរ​គ្រឿង​សម្រាប់​មនុស្ស​ម្នាក់។

លោក​បាន​បញ្ជាក់​ថា ទីផ្សារ​ទូរស័ព្ទ​ដៃ​មានការ​ជឿនលឿន​ទាំង​ផ្នែក​បច្ចេកវិទ្យា ក៏​ដូច​ជា ប្រែ​ន​(​ម៉ាក​)​ទូរស័ព្ទ​ថ្មី​ៗ​នាំ​ចូល​ពី​ប្រទេស​ចិន តែ​ចំណែក​ទីផ្សារ​ធំ​នោះ​គឺ​ប្រភេទ​ស្មា​ត​ហ្វូ​ន​ម៉ាក​សាំ​សុង​(Samsung)​និង​អាយ​ហ្វូ​ន (iPhone) ហាក់​ពេញ​និយម​ប្រហាក់ប្រហែល​គ្នា ។

លោក ឈឹ​ម សាង​ហេង បន្ថែម​ទៀត​ថា ៖«​បើ​និយាយ​ពី​ចំនួន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក iPhone គឺ​មាន​ចំនួន​តិច​ជាង​Samsung ព្រោះ​ស្មា​ត​ហ្វូ​ន​ម៉ាក​Samsung គឺ​មាន​ច្រើន​ម៉ូ​ដ ច្រើន​ស៊េរី (Model) ហើយ​តម្លៃ​វិញ គឺ​មាន​ច្រើន​ជម្រើស​ពី​ថោក​ដល់​ថ្លៃ​ផង​ដែរ ខណៈ​ទូរស័ព្ទ iPhone ចេញ​តែ​មួយ​ស៊េរី ហើយ​ថ្លៃ ។ អីចឹង​ពិបាក​និយាយ​ថា ទីផ្សារ​ទូរស័ព្ទ​ដៃ​ធំ​គឺ Samsung ឬ iPhone អ្នក​ក្តោប​ខ្លាំង​ណាស់ ដោយសារ​សន្ទុះ​ប្រហាក់ប្រហែល​គ្នា »​។

កញ្ញា ខេ​ង រ​ដ្ឋា និ​សិ​ត្ស​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ប្រាប់​ឲ្យ ដឹង​ថា កញ្ញា​តែងតែ​ប្តូរ​ស៊េរី​ទូរស័ព្ទ​ម៉ាក iPhone​ជា​និច្ច ព្រោះ​មើលទៅ​វា​កាលី​ប មាន​ភាព​លេចធ្លោ និង​ងាយស្រួល​ប្រើ ។

កញ្ញារ​ដ្ឋា​ដែល​បច្ចុប្បន្ន​ប្រើប្រាស់​iPhone 6s បាន​បញ្ជាក់​ថា ៖« សម្រាប់​ទីផ្សារ​ទូរស័ព្ទ​ម៉ាក iPhone និង Samsung គឺ​ប្រហាក់ប្រហែល​គ្នា​។ បានជា​ខ្ញុំ​និយាយ​បែប​នេះ ព្រោះ​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ក្នុង​ថ្នាក់រៀន​របស់ខ្ញុំ​ដែល​មាន​គ្នា​ជាង​៥០​នាក់ គឺ​មាន​ចំនួន​ជាង​២០​នាក់​ហើយ​ដែល​ប្រើ​iPhone​ស៊េរី​ថ្មី ហើយ​ចំនួន​ប្រហែល​២០​នាក់​ផ្សេង​ទៀត ក៏​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ម៉ាក Samsung ទំនើប​ៗ​ដែរ​»​។

និ​សិ​ត្ស​សាកលវិទ្យាល័យ​រូប​នេះ​បាន​បន្ថែម​ថា ៖« សម្រាប់​ខ្ញុំ គឺ​ចូល​ចិត្ត​iPhone ដោយសារ​វា​មាន​ចំណុច​ពិសេស​ៗ​ច្រើន ដូច​ជា​កម្មវិធី​អត់​ស្មុគស្មាញ ហើយ​កម្មវិធី​វា​មាននៅ​លើ​អេ​ក្រង់​ទាំងអស់ ចំណែក​រូបរាង​វា​គឺ​លេចធ្លោ និង​កាលី​ប » ៕