ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះជា​ចៅស្រី​សម្តេច​ចក្រី ពេជ្រ ប៉ុណ្ណ ទៅ​ដល់​កន្លែង​ខ្មែរក្រហម​ស​ម្លា​.​ប់​ស្វាមី និង​គ្រួសារ​ជាង​​៣០​នាក់ ដូច​បំណងប្រាថ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក វី​រៈ វ៉ា​រ៉ា​នី អនុប្រធាន​ក្រុមព្រះ​សុរិយា និង​សមាជិក សមាជិកា បាន​ជូន​លោកស្រី ប៉ុន ស៊ី​រ៉ា​ដា (​អរុណ ស៊ី​រ៉ា​ដា​) ចៅស្រី​សម្តេច​ចក្រី ពេជ្រ ប៉ុណ្ណ និង​ជា​អតីត​គ្រូបង្រៀន​មួយ​រូប បាន​រៀបចំ​ពិធី​បង្សុកូល នា​បរិវេណ​វត្ត​ជី​ខ​លើ (​អតីត​មន្ទីរឃុំឃាំង​ខ្មែរក្រហម​)

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ លោក វី​រៈ វ៉ា​រ៉ា​នី អនុប្រធាន​ក្រុមព្រះ​សុរិយា និង​សមាជិក សមាជិកា បាន​ជូន​លោកស្រី ប៉ុន ស៊ី​រ៉ា​ដា (​អរុណ ស៊ី​រ៉ា​ដា​) ចៅស្រី​សម្តេច​ចក្រី ពេជ្រ ប៉ុណ្ណ និង​ជា​អតីត​គ្រូបង្រៀន​មួយ​រូប បាន​រៀបចំ​ពិធី​បង្សុកូល នា​បរិវេណ​វត្ត​ជី​ខ​លើ (​អតីត​មន្ទីរឃុំឃាំង​ខ្មែរក្រហម​) ស្ថិត​ក្នុង​ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​របស់​ស្វាមី​លោកស្រី និង​វរៈជន​ខ្មែរ ដែល​ត្រូវ​ខ្មែរក្រហម​ស​ម្លា​.​ប់​នៅ​ទីនោះ ក្នុង​កំឡុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។

លោក វី​រៈ វ៉ា​រ៉ា​នី បាន​អះអាង​ថា លោកស្រី ប៉ុន ស៊ី​រ៉ា​ដា តែងតែ​សន្សំ​ចិត្ត​ប៉ង​ទៅ​ធ្វើបុណ្យ​នៅ​ទីកន្លែង​ដែល​ខ្មែរក្រហម​បាន​ស​ម្លា​.​ប់​ស្វាមី និង​កូន​ៗ និង​សាច់ញាតិ​របស់​លោកស្រី​ជាង​៣០​នាក់ ដែល​អោយ​លោកស្រី​មាន​ក្តី​សោក​សង្រែក និង​អាឡោះអាល័យ​យ៉ាង​ខ្លាំង​។

លោក​បន្ត​ថា លោកស្រី ប៉ុន ស៊ី​រ៉ា​ដា មាន​សេចក្តី​ក្តុកក្តួល​ជា​ខ្លាំង​ពេល​ទៅ​ដល់ទី​នោះ​ជា​ថ្មី​ម្តងទៀត ដែល​ជាទី​អនុស្សាវរីយ៍​ដ៏​សែន​កំសត់​ក្នុង​ឆាកជីវិត​របស់​លោកស្រី​ដែល​បាន​ឆ្លងកាត់​ជាមួយ​ក្រុម​គ្រួសារ​។

លោក​បញ្ជាក់​ថា ទិដ្ឋភាព​នៅ​ក្នុង​វត្ត ត្បិត​តែ​ប្រែប្រួល​អស់​ច្រើន​ក៏​ពិតមែន តែ​លោកស្រី​នៅ​ចង​ចាំទី​នោះ​យ៉ាង​ច្បាស់ គ្មាន​ភ្លេច​មួយ​ចំណុច​ណា​ឡើយ​។ ជាមួយ​គ្នា​នេះ លោកស្រី ប៉ុន ស៊ី​រ៉ា​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមព្រះ​សុរិយា ដែល​បាន​ជូន​លោកស្រី​មក​កាន់​កន្លែង​នេះ សម​តាម​បំណង​ដែល​លោកស្រី​ប៉ងប្រាថ្នា​ចង់​មក​ធ្វើបុណ្យ​បង្សុកូល​នៅ​កន្លែង​មរណៈ​របស់​ស្វាមី​លោកស្រី អស់​រយៈពេល​៤៥​ឆ្នាំ​មក​ហើយ​នោះ​។ លោកស្រី ក៏​ថ្លែងអំណរគុណ​ចំពោះ​លោក តុង ស្រេង រស់នៅ​ប្រទេស​កា​ណា​ដា ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា​រៀបចំ​ពិធី​ប​ង្សូ​កូ​ល​នេះ​។

សូម​ជម្រាប​ផង​ដែរ​ថា លោកស្រី ប៉ុន ស៊ី​រ៉ា​ដា បច្ចុប្បន្ន​មាន​វ័យ​៦៥​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​កូនស្រី​ទី​៤ របស់​លោក​ចាងហ្វាង​សាលាដំបូង​ខេត្តកំពត ប៉ុន អរុណ (​កូនប្រុស​សម្តេច​ចក្រី ពេជ្រ ប៉ុណ្ណ​)​។ មុន​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ពី​រស​ប្តា​ហ៍ លោកស្រី​បាន​រៀប​មង្គលការ​ជាមួយ​លោក​អនុសេនីយ៍ឯក បាន ណា​រិ​ន្ទ (​ឯម សំ​អឿ​ន​)​។ នៅ​ឆ្នាំ​១៩៧៧ លោក​អនុសេនីយ៍ឯក បាន ណា​រិ​ន្ទ ត្រូវ​បាន​ខ្មែរក្រហម​ស​ម្លា​.​ប់​ដោយ​វះ​ពោះ​ទាំង​រស់ ក្រោយ​ពី​ដឹង​ថា លោក​ជា​ទាហាន​របស់​រដ្ឋាភិបាល​ល​ន់នល់​។

ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម លោកស្រី​បាន​បាត់បង់​ឪពុក ម្តាយ និង​បងប្អូន​ៗ រួម​ទាំង​ស្វាមី និង​កូនប្រុស​។ កន្លង​ទៅ ក្រុមព្រះ​សុរិយា បាន​ចេញផ្សាយ​ពី​ប្រវត្តិ​ដ៏​ជូរ​ចត់​របស់​លោកស្រី នៅ​ក្នុង​នាទី​ខ្សែជីវិត ចំនួន​៣​វគ្គ​រួច​មក​ហើយ ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​ក្រុមព្រះ​សុរិយា មាន​ក្តី​អាណិត​ចំពោះ​លោកស្រី​ជា​ពន់ពេក​។

សម្តេច​ចក្រី កុញ្ជរាធិបតី ឧត្តម​ក្រុម​ពាហុ ពេ​ជ ប៉ុន សេនាបតី​ក្រសួង​យុទ្ធនាធិការ សិក្សាធិការ និង​យោធាធិការ​។ សម្តេច​ចក្រី ពេ​ជ ប៉ុន មាន​វីរភាព និង​ស្នាដៃ​ច្រើន​ណាស់ ក្នុង​ការ​ចូលរួម​ជួយ​ប្រទេស​ជាតិ តាំងពី​រជ្ជកាល​ព្រះបាទ នរោត្តម រហូត​ដល់​រជ្ជកាល​ក្រោយ​ៗ​មក និង​សម្តេច​ឧកញ៉ា​ចក្រី ពេ​ជ ប៉ុន ជា​រាជ​ព្រះ​ធី​តុ​បតី នៃ​ព្រះករុណា​ព្រះបាទ នរោត្តម ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ