ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ខ្ទឹម​បារាំង​! តម្លៃ​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​មាស នៅ​ប្រទេស​ហ្វី​លី​ពី​ន

1 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ តម្លៃ​ខ្ទឹមបារាំង​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន បាន​ហក់​ឡើង​ខ្ពស់​យ៉ាង​លឿន ដោយ​អ្នកខ្លះ​

ហ្វី​លី​ពី​ន ៖ តម្លៃ​ខ្ទឹមបារាំង​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន បាន​ហក់​ឡើង​ខ្ពស់​យ៉ាង​លឿន ដោយ​អ្នកខ្លះ​បាន​ប្រដូច​ទៅ​នឹង​មាស ខណៈ​ដែល​ភោជនីយដ្ឋាន​ជា​ច្រើន បាន​ដក​បន្លែ​ខ្ទឹមបារាំង​ចេញពី​បញ្ជី​មុខម្ហូប​របស់​ពួក​គេ ចំ​ពេល​ដែល​មន្ត្រី​បាន​ធ្វើការ​ព្រមាន​ឈ្មួញ​ពី​ការ​នាំ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​ពិសេស​។ នេះ​បើ​យោង​តាម​ប្រភព​សារព័ត៌មាន The Guardian ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣​។

លោក Marcos Jr. ប្រធានាធិបតីហ្វីលីពីន

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បង្ហាញ​ថា ខ្ទឹមបារាំង​នាំ​ចូល​ខុសច្បាប់ ដែល​មាន​តម្លៃ​ចន្លោះ​ពី ៥០០-៦០០​លាន​ប៉េ​សូ ដែល​ស្មើនឹង​ប្រមាណ ៩-១១​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន កាលពី​ឆ្នាំ​មុន ដែល​មាន​ចំនួន ៣០% នៃ​ផលិតផល​កសិកម្ម​ដែល​រត់ពន្ធ ដោយ​វាយឆ្មក់​បាន​នៅ​ក្នុង​ឃ្លាំង​ស្តុក​ខុសច្បាប់ និង​លាក់​ក្នុង​ចំណោម​ការ​ដឹក​ជញ្ជូន​សម្លៀក​បំពាក់​។

លោក​សាស្ត្រាចារ្យ Leonardo Lanzona មក​ពី​សាកលវិទ្យាល័យ Ateneo de Manila មាន​ប្រសាសន៍​ថា ការ​កើនឡើង​តម្លៃ​ខ្ទឹមបារាំង គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ដោយ​តម្លៃ​ក្នុង​១​គីឡូក្រាម ហក់​ឡើង​ដល់ ៧២០​ប៉េ​សូ ដែល​ស្មើនឹង ១៣​ដុល្លារ នៅ​តំបន់​រាជធានី​ជាតិ Metro Manila កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២២ តម្លៃ​នោះ​គឺ​ច្រើន​ជាង​តម្លៃ​សាច់ និង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​តំបន់ ដែល​បាន​ត្រឹម​ចន្លោះ​ពី ៥៣៣-៥៧០​ប៉េ​សូ​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា តម្លៃ​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​ពេល​នោះ​មក ប៉ុន្តែ​ខ្ទឹមបារាំង​១​គីឡូក្រាម នៅ​តែ​មាន​តម្លៃ​ថ្លៃ​ជាង​សាច់​មាន់​១​ក្បាល​។

វា​មិន​ត្រឹមតែ​ខ្ទឹមបារាំង​ប៉ុណ្ណោះ​ទេ ដែល​បាន​ឡើងថ្លៃ ប៉ុន្តែ​តម្លៃ​ស៊ុត​ក៏​ឡើងថ្លៃ​ផង​ដែរ ខណៈ​ប្រទេស​ហ្វី​លី​ពី​ន ក៏​ប្រឈម​នឹង​ការ​ខ្វះខាត​ស្ករ​ថែម​ទៀត​ផង​។ វិបត្តិ​នេះ បាន​បង្កើន​សម្ពាធ​លើ​លោក​ប្រធានាធិបតី Marcos Jr. ដែល​បាន​តែងតាំង​ខ្លួន​គាត់​ជា​លេខាធិការ​កសិកម្ម នៅ​ពេល​ចូល​កាន់​តំណែង ដោយ​សន្យា​ថា នឹង​ជំរុញ​ផលិតកម្ម នៅ​ពេល​ដែល​តម្លៃ​អាហារ​ពិភពលោក​បាន​កើនឡើង​យ៉ាង​ខ្លាំង​។

ក្រុម​អ្នកជំនាញ និង​ក្រុម​កសិករ​បាន​ស្នើ​អំពី​ហេតុផល​ផ្សេង​ៗ សម្រាប់​វិបត្តិ​ខ្ទឹមបារាំង និង​កង្វះ​កន្លែង​ស្តុក​ទុក​ត្រជាក់ ដល់​ការ​កើនឡើង​តម្រូវការ ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ការ​រត់ពន្ធ និង​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។

អ្នក​ផ្សេង​ទៀត បាន​ចង្អុលបង្ហាញ​ថា គ្រោះ​មហន្តរាយ​ធម្មជាតិ​មិនមែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន ហើយ​ថា រដ្ឋាភិបាល​គួរតែ​រៀបចំ​ផែនការ​ជា​មុន និង​នាំ​ចូល​ការ​ផ្គត់ផ្គង់​បន្ថែម​ឱ្យ​បាន​ច្រើន ខណៈ​ការ​ព្រមាន​អំពី​ការ​ខ្វះខាត ដែល​កំពុង​កើតឡើង ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ដើមខែ​សីហា ឆ្នាំ​២០២២​។

លោក​សាស្ត្រាចារ្យ Lanzona សង្ស័យ​ថា មូលហេតុ​នៃ​វិបត្តិ គឺ​កើតឡើង​អំពី​ការ​ចែកចាយ​ជាង​ការ​ផ្គត់ផ្គង់ អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ជា​ច្រើន​ត្រូវ​បាន​បិទ អំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩ ដែល​វា​មាន​សក្តានុពល​ក្នុង​ការ​បំភ័ន្ត​ទីផ្សារ​។

ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក Marcos Jr. ដែល​បាន​រិះគន់​ការ​នាំ​ចូល​ចំណីអាហារ កាលពី​អតីតកាល បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ខ្ទឹមបារាំង​ចំនួន ២១,០៦០​តោន នៅ​ដើម​ខែមករា​នេះ ជាមួយនឹង​ការ​ដឹក​ជញ្ជូន​លើក​ដំបូង បាន​មក​ដល់​ក្នុង​ស​ប្តា​ហ៍​នេះ​។ ប៉ុន្តែ​កសិករ​បាន​និយាយ​ថា វា​មក​ដល់​យឺត​ពេល​ពេក ហើយ​កសិផល​នឹង​មក​ដល់​ដូច ដែល​កសិករ​ក្នុងស្រុក​ប្រមូល​ផលដំណាំ​របស់​ខ្លួន​។

យ៉ាងណាមិញ ក្រសួងកសិកម្ម​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា នឹង​មានការ​កំណត់​លើ​ការ​នាំ​ចូល ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​កសិករ​ក្នុងស្រុក​។ ជាក់ស្តែង នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN Philippines លោក​ប្រធាន​ធិ​បតី Marcos Jr. បាន​និយាយ​ថា គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​នាំ​ចូល​នោះ​ទេ ហើយ​លោក​ក៏​នឹង​ផ្តោត​លើ​ការ​កែ​លម្អ​ផលិតកម្ម និង​ការ​បង្ក្រាប​ការ​រត់ពន្ធ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ