ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អារាម​ជាទី​តាំង​នៃ​ជំនឿ​របស់​ពុទ្ធបរិស័ទ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ វត្ត​ប្រាសាទ​ចន្ទរង្សី​បន្ទាយ​ចាស់ ឬ​ហៅ​ថា វត្ត​បន្ទាយ​ក្បាល​ចិន ស្ថិត​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​ដែរ​នោះ មាន​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​សម្បូរ​បែប ត្រូវ​បាន​រក្សា​ទុក និង​បន្ត​គោរព​ប្រតិបត្តិ​ជា​តំណ​រៀង​មក យូរណាស់​មក​ហើយ សម្រាប់​ទុក​កេរ្តិ៍​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។

ខេត្តសៀមរាប ៖ វត្ត​ប្រាសាទ​ចន្ទរង្សី​បន្ទាយ​ចាស់ ឬ​ហៅ​ថា វត្ត​បន្ទាយ​ក្បាល​ចិន ស្ថិត​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​ដែរ​នោះ មាន​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​សម្បូរ​បែប ត្រូវ​បាន​រក្សា​ទុក និង​បន្ត​គោរព​ប្រតិបត្តិ​ជា​តំណ​រៀង​មក យូរណាស់​មក​ហើយ សម្រាប់​ទុក​កេរ្តិ៍​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។

គេ​ដឹង​ហើយ​ថា វត្ត​អារាម​ជាទី​តាំង​នៃ​ជំនឿ​របស់​ពុទ្ធបរិស័ទ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ដោយសារ​ពុទ្ធបរិស័ទ​ខ្មែរ​មាន​ជំនឿ​តតាំង​ពី​ដូនតា ទាំង​ផ្នែក​ជំនឿ​លើ​ព្រលឹង លើ​អារក្ខ​អ្នកតា និង​ព្រហ្មញ្ញសាសនា​ផង​នោះ ទើប​ធ្វើ​ឱ្យ​វត្ត​ភាគច្រើន​របស់​ព្រះពុទ្ធ​សាសនា​ក៏​ក្លាយជា​ទីតាំង​នៃ​ជំនឿ​ដូនតា​ទាំង​អស់នេះ​ដែរ ។ ហើយ​គេ​អាច​ឃើញ​ជំនឿ​ចម្រុះ​នេះ​បាន​តាម​រយៈ​កិច្ច​ប្រតិបត្តិ​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដូច​ជា​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​ជន្ម សូត្រ​មន្ត​លើករាសី​កាត់​គ្រោះ​រំដោះ​កម្ម ពិធី​ហៅ​ព្រលឹង ពិធី​ដេក​អង្ករ​រាប ព្រម​ជាមួយនឹង​ការ​តុបតែង​គ្រឿង​រណ្ដាប់​ស្លាធម៌ បាយសី ជម ជាដើម ។

តាម​ការ​សង្កេត នៅ​រៀងរាល់ថ្ងៃ​សីល វត្ត​នេះ មាន​កិច្ច​មួយ​ចំនួន ដែល​ឧបាសក ឧបាសិកា ចូល​មក​កាន់​វត្ត មិន​ត្រឹមតែ​យក​ចង្ហាន់ មក​ប្រគេន​ព្រះសង្ឃ​ប៉ុណ្ណោះ​ទេ គឺ​ពួក​គាត់​មក​ដើម្បី​ឲ្យ​ព្រះសង្ឃ​កាត់​គ្រោះ លើករាសី ឬ​ក៏​ធ្វើ​កិច្ច​ចម្រើន​ព្រះ​ជន្ម អាស្រ័យ​ទៅ​លើ​ការ​គន់គូរ ជោគជតារាសី​របស់​ពួក​គាត់ ។ ប្រសិនបើ ជោគជតារាសី ចង្អុលបង្ហាញ​ថា ត្រូវ​ចម្រើន​ព្រះ​ជន្ម ព្រះសង្ឃ​នឹង​រៀបចំ​សូត្រ​មន្ត​ចម្រើន​ព្រះ​ជន្ម​ឱ្យ​ភ្លាម​តែ​ម្ដង ព្រោះ​គ្រឿង​រណ្ដាប់​គ្រប់យ៉ាង​បាន​រៀបចំ​ទុក​រួច​ស្រេច​ហើយ ។

កិច្ច​មួយទៀត ត្រូវ​បាន​ធ្វើ​រាល់ថ្ងៃ សម្រាប់​ឧបាសក ឧបាសិកា ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ គឺ​ការ​កាត់​គ្រោះ​លើករាសី ។ កិច្ច​នេះ មិន​តម្រូវ​ឱ្យ​មានការ​រៀបចំ​វែង​ឆ្ងាយ​នោះ​ទេ គឺ​ពេល​ពុទ្ធបរិស័ទ​យក​ចង្ហាន់​មក​ប្រគេន ព្រះសង្ឃ ចាប់ផ្ដើម​សូត្រ​មន្ត​កាត់​គ្រោះ​យ៉ាង​សង្ខេប បន្ទាប់​មក​ដូនជី​ពីរ​បី​នាក់​ចូល​មក​ធ្វើ​កិច្ច​ហៅ​ព្រលឹង​ឱ្យ ដោយ​សំឡេង​អឺងកង​រំពង លន្លង់លន្លោច ។ នេះ​ជា​ការ​រួមរស់​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត នៃ​ពហុ​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

អ្នកស្រុក​អង្គរ ត្រូវ​បាន​គេ​ជឿ​ថា ជា​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​ដោយ​ជំនឿ​ដូនតា ទំនៀមទម្លាប់​បុរាណ​យ៉ាង​សម្បូរ​បែប ។ នេះ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនៀម​ពិធី​របស់​ដូនតា​ខ្មែរ ដែល​កំពុង​តែ​បន្ត​រស់នៅ​ជាមួយនឹង​អ្នកស្រុក​អង្គរ ហើយ​ធ្វើ​ឱ្យ​អង្គរ​ជា​បេតិកភណ្ឌ​មានជីវិត​របស់​មនុស្សជាតិ​ពិតប្រាកដ ៕