ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ៖ កែ​លម្អ​សុវត្ថិភាព និង​សុខភាព​ការងារ​ពេញ​មួយ​ជីវិត​ការងារ គឺជា​ការងារ​ចាំបាច់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ការ​លើកកម្ពស់​ការ​សិក្សា​ពេញ​មួយ​ជីវិត ​នៅ​លើសុវត្ថិភាព និង​សុខភាព​ការងារ អាច​ជួយ​កម្មករនិយោជិត និង​និយោជក ​ឲ្យស្វែង​យល់ និង​សម្រប​ខ្លួន​ទៅ​នឹង​ហានិភ័យ​ ដែល​កំពុង​កើត​មាន…

រាជធានី​ភ្នំពេញ ​៖ ការ​លើកកម្ពស់​ការ​សិក្សា​ពេញ​មួយ​ជីវិត ​នៅ​លើសុវត្ថិភាព និង​សុខភាព​ការងារ អាច​ជួយ​កម្មករនិយោជិត និង​និយោជក ​ឲ្យស្វែង​យល់ និង​សម្រប​ខ្លួន​ទៅ​នឹង​ហានិភ័យ​ ដែល​កំពុង​កើត​មាន ក៏​ដូច​ជា​ហានិភ័យ​ទាក់ទង ​នឹង​ការងារ​ជាប់លាប់ ដូច្នេះ​ការ​កែ​លម្អ​សុវត្ថិភាព និង​សុខភាព​ការងារ​ពេញ​មួយ​ជីវិត​ការងារ គឺជា​ការងារ​ចាំបាច់​នេះ​ជា​ការ​លើក​ឡើង​របស់​លោក ចាប ឫ​ទ្ធី រដ្ឋលេខាធិការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា ត្រីភាគី ការ​រៀបចំ​ផែនការមេ​លើក​ទី​៣ ស្ដី​ពី សុវត្ថិភាព និង​សុខភាព​ការងារ ឆ្នាំ​២០២៣-២០២៧ រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ សាន់​វ៉េ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ លោក​រដ្ឋលេខាធិការ បញ្ជាក់​ថា យោង​តាម​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ មាន​កម្មករ​ចំនួន ប្រមាណ​ជា ៣ លាន​នាក់ ​បាន​ស្លា.ប់​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​ទាក់ទង​នឹង​ការងារ ​។ ហើយ​កម្មករនិយោជិត​ប្រហែល ៣៧៤ លាន​នាក់​បន្ថែម​ទៀត ​ទទួល​រង​ពី​គ្រោះថ្នាក់​ការងារ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។ ក្រៅពី​ការ​ចំណាយ​ខាង​សេដ្ឋកិច្ច គឺ​មានការ​ចំណាយ​ ដែល​មិន​អាច​គណនា​ជា​តួលេខ ដែល​គេ​មិន​បាន​ទទួលស្គាល់​ក្នុង​ការ​វាយតម្លៃ​ទាំងនេះ ដែល​បញ្ហា​ទាំងនេះ គឺ​បណ្តាល​មក​ពី​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ​។ បញ្ហា​នេះ​គឺជា​សោកនាដកម្ម និង​ជា​ការ​គួរ​ឱ្យ​សោកស្តាយ ព្រោះថា​ការ​ស្រាវជ្រាវ និង​ការ​អនុវត្ត​ជា​ច្រើន​សតវត្ស​កន្លង​មកនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទុក្ខ​លំបាក​នេះ ភាគច្រើន គឺ​អាច​បង្ការ​បាន បើសិនជា​យើង​មាន​វិធានការ​ច្បាស់លាស់ ​។

លោក ​ចាប ឫ​ទ្ធី ឱ្យ​ដឹង​ថា ដោយ​មានការ​គាំទ្រ​ពី​គម្រោង ILO/Japan OSH ការ​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ នៃ​ការ​អនុវត្ត​ផែនការមេ​លើក​ទី​២ ស្តី​ពី OSH (២០១៨-២០២២) ត្រូវ​បាន​អនុវត្ត​នៅ​ខែសីហា ឆ្នាំ២០១៩ នៅ​ខេត្តមណ្ឌលគិរី​ ។ ទន្ទឹម​នឹង​នេះ ចាប់ពី​ខែសីហា ឆ្នាំ ២០២២ គម្រោង​បាន​ជ្រើសរើស​ក្រុម​ទីប្រឹក្សា​ (​ទីប្រឹក្សា​អន្តរជាតិ និង​ទីប្រឹក្សា​ជាតិ​) ដើម្បី​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​នាយកដ្ឋាន​ពេទ្យ​ការងារ (DoSH) លើ​ការ​អភិវឌ្ឍន៍​ថ្មី​ នៃ​ផែនការមេ​លើក​ទី៣ ស្តី​ពី OSH សម្រាប់​កម្ពុជា​។ ចាប់តាំងពី​ពេល​នោះ​មក មានការ​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​មានការ​គាំទ្រ​បច្ចេកទេស​ពី​ទីប្រឹក្សា​របស់ ILO នាយកដ្ឋាន​ពេទ្យ​ការងារ និង​ដៃគូ​ ត្រីភាគី​ពាក់ព័ន្ធ​ទាំងអស់​ នៅ​ក្នុង​ក្រុមប្រឹក្សា​ប្រឹក្សា​គម្រោង (PAB) បូក​រួម​ទាំង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចូលរួម​ផ្តល់​យោបល់​ក្នុង​ការ​បង្កើត​ផែនការមេ​លើក​ទី​៣ ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ ។

លោ​កប​ន្ដែ​ម​ថា​ ដើម្បី​ឈាន​ឆ្ពោះទៅ​មុខ​ក្នុង​ការ​បង្កើត​ផែនការមេ ​លើក​ទី​៣ ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​គម្រោង និង​ទីប្រឹក្សា​របស់ ILO នាយកដ្ឋាន​ពេទ្យ​ការងារ បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ក្នុង​គោលបំណង​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​ភាគី​ពាក់ព័ន្ធ (​ជាមួយ​រដ្ឋាភិបាល និយោជក និយោជិត និង​ផ្នែក​សេ​ដ្ឋ​កិច្ច ​ម៉ា​យ​ក្រូ ខ្នាត​តូច និង​មធ្យម​) ដើម្បី​បង្កើត​ឱ្យ​បានសកម្មភាព​លម្អិត សម្រាប់​គោលបំណង​ជាក់លាក់ និង​យុទ្ធសាស្ត្រ​នីមួយ​ៗ ​នៃ​ផែនការមេ​លើក​ទី៣ ​។ ភាគី​ពាក់ព័ន្ធ​នឹង​រៀបចំ​សិក្ខាសាលា​ត្រីភាគី​មួយទៀត ដែល​និង​ធ្វើ​ឡើង​ នៅ​ពេល​ខាង​មុខ ដើម្បី​ធ្វើ​ឱ្យ​មាន​សុគត​ភាព និង​បញ្ជាក់​ការ​បញ្ចប់​ផែនការ​សកម្មភាព​នេះ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ហើយ​ជា​បន្តរ​បន្ទាប់ ផែនការ​មេនេះ និង​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជាមួយគណៈកម្មការ​ជាតិ​ ស្តី​ពី​ សុវត្ថិភាព និង​សុខភាព​ការងារ និង​ធ្វើការ​បោះពុម្ព និង​ផ្សព្វផ្សាយ​អនុវត្ត​ ។

ជាមួយ​នេះ​ដែរ​លោក ​ចាប ឫ​ទ្ធី បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​បាន​សហការ គាំទ្រ ទាំង​ថវិកា និង​ជំនួយ​បច្ចេកទេស ដល់​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ដំណើរការ​រៀបចំ​ផែនការមេ​លើក​ទី​៣ ស្ដី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ឆ្នាំ​២០២៣-២០២៧ នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ