ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ខ្មែរ​ឡើងថ្លៃ​វិញ បន្ទាប់​ពី​ចិន​បើក​ទីផ្សារ​នាំ​ចូល​ជ្រូក​វៀតណាម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​បាន​ហក់​ឡើង​ស្រឺ​ត​ៗ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​តាំងពី​ដើមឆ្នាំ​មក ។ កាលពីមុន តម្លៃ​ជ្រូក​រស់​១​គីឡូក្រាម​ត្រឹមតែ​ជាង​៥​ពាន់​រៀល ប៉ុន្ដែ​ពេល​នេះ​កើនឡើង​ជាង

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​បាន​ហក់​ឡើង​ស្រឺ​ត​ៗ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​តាំងពី​ដើមឆ្នាំ​មក ។ កាលពីមុន តម្លៃ​ជ្រូក​រស់​១​គីឡូក្រាម​ត្រឹមតែ​ជាង​៥​ពាន់​រៀល ប៉ុន្ដែ​ពេល​នេះ​កើនឡើង​ជាង​៧​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។ ការ​ឡើងថ្លៃ​នេះ ដោយសារ​ចិន​បាន​បើក​ទីផ្សារ​នាំ​ចូល​ជ្រូក​វៀតណាម​វិញ ក្រោយ​ផ្អាក​ការ​នាំ​ចូល​ជា​ច្រើន​ឆ្នាំ​មក ។ នេះ​បើ​តាម​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បង្ហើប​ឲ្យ​ដឹង ។

បើ​តាម​ប្រភព​ពី​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ឱ្យ​ដឹង​ថា តម្លៃ​ជ្រូក​ក្នុងស្រុក​ឡើងថ្លៃ ដោយសារ​តែ​ជ្រូក​វៀតណាម​ឡើងថ្លៃ​ដែរ ហើយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ចូល បាន​ងាក​មក​ចាប់​ជ្រូក​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​សាច់​លើ​ទីផ្សារ​វិញ​។ ការ​ឡើងថ្លៃ​ជ្រូក​វៀតណាម​នេះ​ដែរ សមាគម​អ្នក​ចិញ្ចឹមសត្វ​បង្ហើប​ឱ្យ​ដឹង​ថា ដោយសារ​តែ​ចិន​បាន​បើក​ទីផ្សារ​ឱ្យ​ជ្រូក​វៀតណាម​នាំ​ចូល​ទៅ​ប្រទេស​ចិន​វិញ ក្រោយ​ពី​បិទ​ទីផ្សារ​មួយ​រយៈ ។

លោក នាង ច​ន្ថា ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ តម្លៃ​ជ្រូក​ដែល​ឈ្មួញ​ចុះ​មក​ចាប់​ក្នុង​១​គីឡូក្រាម​៧.៧០០​រៀល ខណៈ​មុន​នេះ​បន្តិច តម្លៃ​ជ្រូក​រស់​ត្រឹមតែ​៥.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ។

លោក​បន្ត​ថា ៖« កន្លង​មក តម្លៃ​ជ្រូក​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ធ្វើ​ឱ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ដែល​មាន​ដើមទុន​តិចតួច​បោះបង់​ការ​ចិញ្ចឹម ក៏​ព្រោះតែ​គ្មាន​លុយ​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​បង់ការ​ប្រាក់​ធនាគារ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​សុខ​ៗ​ស្រាប់តែ​តម្លៃ​ហក់​ឡើង​វិញ ដែល​វា​ជា​រឿង​ប្លែក​មួយ​មិន​ធ្លាប់​មាន​ពី​មុន » ។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​រូប​នេះ​និយាយ​ថា បើ​ទោះបីជា​តម្លៃ​ជ្រូក​ឡើង​រហូត​ដល់​ជិត​៨​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​ក្តី ក៏​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ចំណេញ​ដែរ គឺ​បាន​ត្រឹមតែ​ទប់ទល់​នឹង​ការ​ចំណាយ​ទៅ​លើ​ចំណី និង​ពលកម្ម​ប៉ុណ្ណោះ តែបើ​ចង់ឱ្យ​ចំណេញ លុះត្រាតែ​តម្លៃ​ជ្រូក​ចន្លោះ​ពី​៨​ពាន់ ទៅ​៨.៥០០​រៀល​ក្នុង​១​គីឡូក្រាម ។ តម្លៃ​នេះ​អាច​ទទួលយក​បាន​ទាំង​អ្នក​ចិញ្ចឹម និង​អ្នក​បរិភោគ ព្រោះ​វា​មិន​ថោក ហើយ​ក៏​មិន​ថ្លៃ​ពេក​ដែរ ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ការ​ចិញ្ចឹម​ជ្រូក​ជួប​ប្រទះ​នឹង​ហានិភ័យ​ច្រើន​ណាស់ បើសិនជា​អ្នក​គ្មាន​ដើមទុន​គ្រប់គ្រាន់​នោះ ប្រាកដជា​ប្រឈម​នឹង​បញ្ហា​ច្រើន ព្រោះ​អ្នកខ្លះ​ត្រូវ​យក​លុយ​ពី​ធនាគារ​មក​ធ្វើ​ដើមទុន ដែល​មានការ​ប្រាក់​ខ្ពស់ ការ​ទប់ស្កាត់​នូវ​ការ​ហូរ​ចូល​ពី​បរទេស​នៅ​មាន​កម្រិត ដែល​វា​អាច​ចម្លងជំងឺ​ដល់​ជ្រូក​ក្នុងស្រុក ជា​ពិសេស ទីផ្សារ​គ្មាន​ភាព​ច្បាស់លាស់ ដោយ​ពឹង​អាស្រ័យ​ទៅ​លើ​ទីផ្សារ​ប្រទេស​ជិតខាង​ទៅ​វិញ ។ ជាក់ស្ដែង នៅ​ពេល​ជ្រូក​ប្រទេស​ជិតខាង​ធ្លាក់​ថ្លៃ ជ្រូក​ក្នុងស្រុក​ក៏​ធ្លាក់​ដែរ ។

កាលពី​ពេល​កន្លង​ទៅ​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក លី ឡា​វី​ល បាន​អំពាវនាវ​ឱ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ដែល​គ្មាន​ដើមទុន​ច្រើន​ឲ្យ​ផ្អាក​ការ​ចិញ្ចឹម​សិន ព្រោះ​ជ្រូក​ពី​វៀតណាម​កំពុង​តែ​សម្រុក​ហូរ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ក៏​ប៉ុន្តែ​ពេល​នេះ ស្រាប់តែ​ជ្រូក​វៀតណាម​ឡើងថ្លៃ​វិញ ធ្វើ​ឱ្យ​ជ្រូក​កម្ពុជា​ក៏​ឡើង​តាម​គេ​វិញ​ដែរ ។ ទាំងនេះ​អាច​បញ្ជាក់​ថា កម្ពុជា​គ្មាន​ទីផ្សារ​ច្បាស់លាស់​សម្រាប់​កសិករ​ឡើយ  ។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ពេល​ជ្រូក​ធ្លាក់​ថ្លៃ រយៈពេល​ប្រមាណ​តែ​៦​ខែ បាន​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ខាតបង់​ប្រាក់​ប្រមាណ​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន​ទាំង​កសិករ ម្ចាស់​កសិដ្ឋាន​ផ្ទាល់ អ្នក​ផ្គត់ផ្គង់ និង​អ្នក​ផលិត​ចំណី​ជ្រូក ៕