ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ឆមាស​ទី​1​ឆ្នាំ​នេះ សុខភាព​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​តែ​ល្អ​ប្រសើរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នា​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែល​បាន​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​ខ្លាំង ។ គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ ប្រាក់​បញ្ញើ​របស់

រាជធានី​ភ្នំពេញ ៖ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នា​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែល​បាន​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​ខ្លាំង ។ គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ ប្រាក់​បញ្ញើ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ កើនឡើង​២៣,៤% ដល់​៧០,៨​ទ្រី​លាន​រៀល ស្មើនឹង​៧៦,៥%​នៃ​ផ​.​ស​.​ស ខណៈ​ដែល​ឥណទាន​កើនឡើង​២០,៤% ដល់​៧៦,៥​ទ្រី​លាន​រៀល ស្មើនឹង​៨៣%​នៃ​ផ​.​ស​.​ស ។ ចំណែក​ទ្រព្យសកម្ម បាន​កើនឡើង​២១,៨% ដល់​១២៦,៨​ទ្រី​លាន​រៀល ស្មើនឹង​១១៧%​នៃ​ផ​.​ស​.​ស ។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ការ​ផ្ដល់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បាន​បន្ត​បែងចែក​ទៅ​វិស័យ​ចម្បង​ៗ​នៃ​សេដ្ឋកិច្ច ដូច​ជា ពាណិជ្ជកម្ម​លក់ដុំ​និង​រាយ មាន​ចំនួន​៣១%, សំណង់​និង​អចលនទ្រព្យ ចំនួន​១៥%, គ្រួសារ ចំនួន​១៦% និង​កសិកម្ម ចំនួន​១០% ។ ចំណែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​បែងចែក​ទៅ​គ្រួសារ​មាន​ចំនួន​៣២%, កសិកម្ម​ចំនួន​២៩%, ពាណិជ្ជកម្ម ចំនួន​១៨% និង​សេវាកម្ម​១០% ។ ទន្ទឹម​នឹង​នេះ របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​វិញ បាន​កើន​ដល់​៤,៨​លាន​នាក់ គិត​ជា​ភាគរយ​មាន​កំណើន​១១% ខណៈ​ចំនួន​អ្នក​ខ្ចីប្រាក់​បាន​ថយ​ចុះ​បន្តិច​មក​២,៦​លាន​នាក់ គិត​ជា​ភាគរយ​ថយ​ចុះ​០,១៦% ។

ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត​បូក​សរុប លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៧ របស់​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ថា ក្នុង​នាម​ជា​អាជ្ញាធរ​រូបិយ​វត្ថុ អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ និង​គ្រប់គ្រង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ពិសេស​តាម​រយៈ​ការ​ចូលរួម​ចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​វិស័យ​ធនាគារ និង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់ ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក អុ​ិ​ន ចាន់​នី បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ការ​ផ្តល់​ឥណទាន​របស់​អេ​ស៊ី​លី​ដា​ឆ្នាំ​នេះ មាន​កំណើន​ទាប​ជាង​១% ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​ទំហំ​ទឹកប្រាក់​បាន​កើន​ពី​២.៧៧១ ដល់​២.៧៩៣​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ គឺ​ស្មើនឹង​កំណើន​០,៧៩% ។ ទោះជា​យ៉ាងណា លោក​ថា ប្រាក់​បញ្ញើ​មាន​កំណើន​ល្អ​ប្រសើរ ដោយ​ទំហំ​ប្រាក់​បញ្ញើ​បាន​កើន​ពី​៣.០៥១ ដល់​៣.២៥៣​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២០២​លាន​ដុល្លារ ស្មើនឹង​កំណើន​៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​មាន​ប្រសាសន៍​ថា ៖ « ការ​ផ្តល់​ឥណទាន​មិនសូវ​លូតលាស់ ដោយសារ​កសិផល​របស់​ប្រជា​កសិករ​មាន​បញ្ហា​នៅ​ឆ្នាំ​នេះ ទើប​ពួក​គេ​មិន​សម្រេចចិត្ត​ខ្ចីប្រាក់ ហើយ​អ្នកមាន​ប្រាក់​នៅ​សល់​បាន​យក​ប្រាក់​មក​ទុក​នៅ​ធនាគារ ដោយសារ​ការ​វិនិយោគ​គ្មាន​ផល​ចំណេញ​» ។ លោក​រំពឹង​ថា ឥណទាន​ទូទៅ​ឆ្នាំ​នេះ មាន​ទំហំ​ប្រហាក់ប្រហែល​ឆ្នាំ​មុន បើ​គិត​រហូត​ដល់​ដំណាច់ឆ្នាំ ។

របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​កម្ពុជា​ឲ្យ​មាន​ភាពរឹងមាំ​នេះ ដោយសារ​តែ​ហានិភ័យ​ម៉ាក្រូសេដ្ឋកិច្ច និង​ហានិភ័យ​វិស័យ​ធនាគារ​ស្ថិត​ក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន ។ ការ​ធ្វើតេស្ត​លើ​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន​របស់​វិស័យ​ធនាគារ​បង្ហាញ​ថា គ្រឹះស្ថាន​ធនាគារ​មាន​ភាព​ធន់​ខ្ពស់​ទៅ​នឹង​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​តាមដាន​វឌ្ឍនភាព​វិស័យ​ធនាគារ​យ៉ាង​ប្រុង​ប្រយ័ត្ន ជា​ពិសេស ទៅ​លើ​កំណើន​នៃ​ឥណទាន ឥណទាន​មិន​ដំណើរការ តាមដាន​វឌ្ឍនភាព​ក្នុង​វិស័យ​អចលនទ្រព្យ ទំហំ និង​រយៈពេល​នៃ​លំហូរ​ទុន​បរទេស​មក​លើ​វិស័យ​ធនាគារ និង​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​កំពុង​ត្រូវ​បាន​លើកកម្ពស់​គុណភាព ដើម្បី​តាមដាន​នូវ​រាល់​ហានិភ័យ​ដែល​អាច​បណ្តាល​មក​ពី​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ ។

ជាមួយ​គ្នា​នេះ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ត្រូវ​បាន​លើកកម្ពស់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី រួម​មាន មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី  សហ​ប្រតិ​បត្តិការ​អាស៊ាន និង​សហប្រតិបត្តិការ​អាស៊ាន​+៣ ។​ល​។ ទន្ទឹម​នឹង​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ធនាគារកណ្តាល​អា​ល្លឺ​ម៉​ង់ បារាំង លុ​ច​សំបួ ឆែក តួ​ក​គី កូរ៉េ ថៃ វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី និង​រដ្ឋាភិបាល​ឥណ្ឌា ជាដើម ។ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ជំនាញ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ។ ទទួល​ជំនួយ​បច្ចេកទេស និង​ពង្រឹង​សមាហរណកម្ម​តំបន់ និង​ពិភពលោក ។

យោង​តាម​របាយការណ៍​បង្ហាញ​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ ធនាគារពាណិជ្ជ​មាន​ចំនួន​៣៩, ធនាគារ​ឯកទេស​១៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៧៣ ក្នុង​នោះ​ទទួល​ប្រាក់​បញ្ញើ​៧, ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​២៦៧, ក្រុមហ៊ុន​ភតិសន្យា​១២, អ្នកដំណើរ​កា​រត​តិ​យ​ភាគី​១៣, ក្រុមហ៊ុន​ក្រេ​ឌី​ត​ប៊្យូ​រ៉ូ​១, ការិយាល័យ​តំណាង​ធនាគារ​បរទេស​៦ និង​អាជីវករ​ប្ដូរ​ប្រាក់​២.៤៩៦ ។ បើ​ធៀប​នឹង​ចុងឆ្នាំ​២០១៦ ធនាគារពាណិជ្ជ​កើនឡើង​២, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើនឡើង​៣, ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​កើនឡើង​៩៧, អ្នកដំណើរ​កា​រត​តិ​យ​ភាគី​កើនឡើង​៥, ការិយាល័យ​តំណាង​ធនាគារ​បរទេស​ថយ​ចុះ​១ និង​អាជីវករ​ប្តូរ​ប្រាក់​កើនឡើង​២១៣ ក្នុង​នោះ​មាន​អាជ្ញាប័ណ្ណ​៤៥ និង​លិខិតអនុញ្ញាត​១៦៨ ៕