ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចចាប់ក្មេងជំរិតទារប្រាក់… ត្រូវបាន​

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​-​កំពង់ឆ្នាំង ៖ បន្ទាប់​ពី​កើតទុក្ខបាយ​មិន​នឹក​ទឹក​មិន​ស្រេក ដោយសារ​កូនស្រី​ជាទី​ស្រលាញ់​ត្រូវ​ចាប់ពង្រត់​យក​ទៅ​អស់​រយៈពេល​៣​ថ្ងៃ មិនដឹង​ថា​មាន​សុខទុក្ខ​យ៉ាងណា ក៏​ស្រាប់តែ​ភាព​សោកសៅ និង​ការ​អស់សង្ឃឹម​បាន​រសាត់​បាត់​ភ្លាម​ៗ នៅ​ពេល​

ខេត្តកំពង់ស្ពឺ​-​កំពង់ឆ្នាំង ៖ បន្ទាប់​ពី​កើតទុក្ខបាយ​មិន​នឹក​ទឹក​មិន​ស្រេក ដោយសារ​កូនស្រី​ជាទី​ស្រលាញ់​ត្រូវ​ចាប់ពង្រត់​យក​ទៅ​អស់​រយៈពេល​៣​ថ្ងៃ មិនដឹង​ថា​មាន​សុខទុក្ខ​យ៉ាងណា ក៏​ស្រាប់តែ​ភាព​សោកសៅ និង​ការ​អស់សង្ឃឹម​បាន​រសាត់​បាត់​ភ្លាម​ៗ នៅ​ពេល​ដឹង​ថា​កូនស្រី​របស់​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​រំដោះ​បាន​មក​វិញ​ដោយ​សុវត្ថិភាព ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង លោក ម៉េ​ង អោ​ក អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​មួ​ច​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ជា​ឱ​ពុក​កុមារី​រង​គ្រោះ​បាន​សំដែង​នូវ​ភាព​ត្រេកអរ​យ៉ាង​ខ្លាំង​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន ព្រោះ​ក្រោយ​ពេល​បាត់​ខ្លួន​កូន​ទៅ រូប​លោក​និង​ភរិយា ព្រមទាំង​ជីដូន​ជីតា​កើតទុក្ខ​ឥត​ល្ហែ តែ​ពេល​នេះ​អ្វី​ៗ​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ ។

បុរស​ជា​ឪពុក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អស់លោក​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ជា​អនេក​កប្ប​ការ ដែល​បាន​ជួយ​ស្រោចស្រង់​ជីវិត​កូន​របស់​លោក​បាន​មក​វិញ ដោយ​សុវត្ថិភាព​មិន​ប៉ះពាល់​ដល់​អាយុជីវិត ។ លោក​ម៉េ​ង អោ​ក រៀបរាប់​ថា​តាម​ពិត​រវាង​លោក​និង​បងស្រី​ជីដូនមួយ​ម្នាក់​នោះ (​ស្ត្រី​ចាប់​កូនស្រី​លោក​) មិន​ដែល​មានរឿង​អ្វី​នឹង​គ្នា​ទេ ហើយ​ក៏​មិន​នឹក​ស្មានថា បងស្រី​រូប​នេះ​មានគំនិត​អាក្រក់​មក​លើ​គ្រួសារ​លោក​បែប​នេះ​ដែរ ។ ដោយ​ដំបូង​លោក​នឹក​ស្មានថា​កូនស្រី​របស់​លោក​ត្រូវ​គេ​ចាប់​យក​ទៅ​វះ​យក​ក្រលៀន​ដូច​ពាក្យ​ចចាមអារ៉ាម​ដែល​លេចឮ​ត​ៗ​គ្នា តែ​នៅ​ពេល​ដឹង​រឿង​ពិត​ថា អ្នក​ប្រព្រឹត្ត​ល្មើស​ជា​បងស្រី​ជីដូនមួយ​របស់​ខ្លួន​បែប​នេះ លោក​និង​ភរិយា​ព្រមទាំង​ក្រុម​គ្រួសារ​មានការ​ហួស​ចិត្តជា​ខ្លាំង ។

តាម​ពិត​បងស្រី​ជីដូនមួយ​ម្នាក់​នេះ​មាន​បំណង​នាំ​យក​កូនស្រី​របស់​លោក​តាំងពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ មក​ម្ល៉េះ ខណៈ​ដែល​លោក​មិន​នៅផ្ទះ​ប្រពន្ធ​លោក​ក៏​ទៅ​ធ្វើការ​នៅ​រោងចក្រ តែ​បំណង​លើក​ទី​មួយ​នោះ​បរាជ័យ ដោយសារ​ពេល​កំពុង​ដឹក​ដៃ​កូន​របស់​លោក​ទៅ​ជិះ​រថយន្ត​ត្រូវ​បាន​អ្នក​ភូមិ​ឃើញ​ហើយ​ស្រែកសួរ​ថា ទៅ​ណា? ពេល​នោះ​កូន​របស់​លោក​ប្រាប់​ថា អ៊ុំ​នាំ​ទៅ​រក​ប៉ា ។ ដោយ​​ដឹង​ថា បំណង​ខ្លួន​មិន​បាន​សម្រេច បងស្រី​ជីដូនមួយ​រូប​នេះ​ក៏​បាន​នាំ​កូន​របស់​លោក​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ធ្វើ​លេស​មក​សួរ​សុខទុក្ខ​ម្តាយក្មេក​របស់​លោក​បាន​មួយសន្ទុះ ក៏​លា​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ។

រហូត​ដល់​ថ្ងៃ​ទី​២០ កក្កដា ២០១៧ ពេល​ដែល​កូនស្រី​របស់​លោក​ទៅ​សាលា​ក៏​បាត់​ខ្លួន​តែ​ម្តង ហើយ​ការ​បាត់​ខ្លូ​ន​នេះ​ទៀត​សោត​ក៏​លោក​មិន​នឹក​ស្មានថា​បងស្រី​ជីដូនមួយ​នេះ​ជា​អ្នក​ប្រព្រឹត្ត​ឡើយ ដោយ​គិត​ថា​ជា​អ្នក​ដទៃ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អាក្រក់​ណាមួយ​មក​លើ​គ្រួសារ​របស់​លោក ។ ក្រោយ​បាត់​ខ្លួន​កូន​មួយ​ថ្ងៃ ស្រាប់តែ​មាន​ទូរស័ព្ទ​អនាមិក​មួយ​តេ​មក​លោក​។ ពេល​នោះ​លោក​បាន​លើក​និយាយ ស្រាប់តែ​ឮ​សំឡេង​កូនស្រី​របស់​លោក​និយាយ​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្តជា​ខ្លាំង ដោយ​កូនស្រី​លោក​ប្រាប់​ថា ប៉ា​ផ្ញើ​លុយ​ឱ្យ​គេ​៤០០០​ដុល្លារ ទើប​គេ​លែង​កូន​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។ បើ​មិន​បាន​លុយ​ទេ​គេ​វះ​ក្រលៀន​ខ្ញុំ​ហើយ​។ គ្រាន់តែ​ឮ​ពាក្យ​នេះ​រូប​លោក​មានការ​តក់ស្លុត​ជា​ខ្លាំង ព្រោះ​មិនដឹង​ថា​ត្រូវ​ទៅ​រក​លុយ​ឯណា យក​មក​ប្រគល់​ឱ្យ​គេ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​កូនស្រី​ខ្លួន​មក​វិញ ទីបំផុត​បងប្អូន​ដែល​ដឹង​រឿង បានឱ្យ​ខ្ចី​លុយ​ម្នាក់​បន្តិច​ៗ​ដើម្បី​លស់​យក​ជីវិត​កូនស្រី​មក​វិញ ។

ពេល​នោះ​ដោយ​មាន​ខាង​សមត្ថ​កិច្ច​ដែល​ចុះ​មក​ប្រចាំការ​នៅផ្ទះ​លោក​ផង​នោះ លោក​បាន​សុំ​ការ​អន្តរាគមន៍ ដោយ​បង​ៗ​សមត្ថ​កិ​ច​ជា​អ្នក​រៀបចំ​ទាំងអស់​តាំងពី​ការ​ចរចា​តាម​ទូរស័ព្ទ​លើក​ដំបូង ដោយ​បងស្រី​ជីដូនមួយ​រូប​នេះ​ទាមទារ​លុយ​៤០០០​ដុល្លារ រហូត​ធ្លាក់​មក​នៅ​ត្រឹម​៣៥០០​ដុល្លារ​។ ដំបូង​លោក​រួម​និង​សមត្ថកិច្ច​ក្នុង​ខេត្ត បាន​ទៅ​វេរ​លុយ​ចំនួន​២០០០​ដុល្លារ​នៅ​សល់​១៥០០​ដុល្លារ
ទៀត លោក​បាន​ពន្យារពេល​ដល់​រសៀល​ថ្ងៃ​ទី​២២ កក្កដា ២០១៧ ។ នៅ​ពេល​ដែល​សមត្ថកិច្ច​ប្រាប់​ថា បាន​កំណត់​ទីតាំង​ច្បាស់​ហើយ ទើប​លោក​វេរ​ថែម​ឱ្យទៅ​ទៀត តែ​បាន​ហៅ​លេខ​កូដ ខុស​មួយ​ខ្ទង់ ដើម្បី​ទុក​ឱកាស​ឱ្យ​សមត្ថកិច្ច​ធ្វើការ​កំណត់​ទីតាំង​របស់​អ្នក​ចាប់ជំរិត​។ ទីបំផុត​បងស្រី​ជីដូន មួយ​រូប​នេះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្រុង​កំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ និង​សាច់ញាតិ ដែល​ទៅ​ចោមរោម​មើល និង​រង់ចាំ​ស្វាគមន៍​ការ​មក​ដល់​របស់​កុមារី​រង​គ្រោះ​បាន​ខ្សឹបខ្សៀវ​គ្នា​ថា ស្ត្រី​សង្ស័យ​បាន​ចងគំនុំ​ជាមួយ​ឪពុក​កុមារី​រង​គ្រោះ ព្រោះ​ខឹង​រឿង​ខ្ចី​លុយ​មិន​បាន ដោយ​ស្ត្រី​រូប​នោះ​ដឹង​ថា ឪពុក​កុមារី​រង​គ្រោះ​ទើបនឹង​លក់​ដី​កេរ​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ ស្ត្រី​សង្ស័យ​គឺជា​មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​លេង​សុ​ី​ចាយ​សប្បាយ​ហុ​ឺ​ហារ ហូត​ប្តី​ដែល​រួមរស់​ជាមួយ​គ្នា​មានកូន​ដល់​ទៅ​៤​នាក់​សុំ​លែងលះ ចែកផ្លូវ​គ្នា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ស្ត្រី​រូប​នេះ​ទៅ​យកប្តី​ក្រោយ​មួយទៀត ទើប​មានកូន​ស្រី​តូច​ម្នាក់​ដែល​ព​បំបៅ​តាម​ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី សោម បូ​រ៉ា ស្នងការ​រង​ទទួល​បន្ទុក​យុត្តិធម៌​បាន​ថ្លែង​ក្រោយ​ពេល​នាំ​កុមារី​រង​គ្រោះ​មក​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​វិញ​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក វុ​ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​សន សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​ជួយ​សំរួល​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​ចូលរួម​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផង​ដែរ​។ លោកស្នងការ​រង​បន្ត​ថា ស្ត្រី​សង្ស័យ​ត្រូវ​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នៅ​ទីតាំង​វេរ​លុយ​មួយ​កន្លែង​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​រក​ឃើញ​កុមារី​រង​គ្រោះ​នៅ​ជាមួយ​ផង​ដែរ​។

លោក​សោម បូ​រ៉ា ក៏​បាន​ផ្តាំផ្ញើ​ដល់​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ សូម​យកចិត្តទុកដាក់​ដល់​កូន​ឱ្យ​បាន​គ្រប់ពេលវេលា ។ បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត ។​បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​បង្ហើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​កក្កដា​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​បំណង​នាំ​យក​ក្មួយ​ស្រី​ចាប់ជំរិត​យក​លុយ​នេះ​តាំងពី​ថ្ងៃ​ទី​១៧​មក​ម្ល៉េះ​ត្រូវ​បែក​ការណ៍ ដោយ​អ្នក​ភូមិ​ឃើញ រហូត​ដល់​ថ្ងៃ​ទី​២០ កក្កដា ខ្លួន​បាន​ជួល​រថយន្ត​ជិះ​ទៅ​ផ្ទះ​ប្អូន​ម្តងទៀត ហើយ​បាន​ទៅ​រក​ក្មួយ​ស្រី​នៅ​សាលារៀន និង​បាន​នាំ​នាង​ជិះ​រថយន្ត​ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ឆ្នាំង ហើយ​ក៏​ឱ្យ​ក្មួយ​ទូរស័ព្ទ​ទៅ​ឪពុក​របស់​គេ ដោយ​ខ្លួន​ជា​អ្នក​ខ្សឹប​ពីក្រោយ​ឱ្យ​ផ្ញើ​លុយ​មក បើ​មិន​បាន​គេ​នឹង​វះ​យក​ក្រលៀន​នាង ។
ជុំវិញ​ការ​ចាប់ខ្លួន​នៅ​ក្រុង​កំពង់ឆ្នាំង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ២២ កក្កដា សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ កំពង់ឆ្នាំង និង​កំពង់ស្ពឺ បាន​សហការ​គ្នា​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពេល​ទៅ​ដក​ប្រាក់​ពី​ផ្ទះ​វី​ង​វេរ​លុយ​មួយ​កន្លែង​នៅ​ចំណុច​ផ្សា​រលើ ក្នុង​ក្រុង​កំពង់ឆ្នាំង ។ ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជា​ករណី​ចាប់​ក្មេង​ស្រី​ពី​ខេត្តកំពង់ស្ពឺ មក​លាក់​ទុកជំរិតទារប្រាក់ពីឪពុកម្តាយក្មេងស្រីរងគ្រោះនៅខេត្តកំពង់ឆ្នាំងអស់រយៈពេល៣ថ្ងៃមកហើយទើបតាមចាប់ខ្លួនបាន។

លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌ បាន​ប្រាប់​នូវ​ដំណើររឿង​ថា កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២០ កក្កដា ក្មេង​ស្រី ឈ្មោះ ម៉ុ​ក ចាន់ រស្មី ហៅ​ម៉ី អាយុ​៨​ឆ្នាំ បាន​បាត់​ខ្លួន​ពេល​ចេញពី​សាលា​បឋម​សិក្សា​អង្គ​លំ​ទង ។ លុះដល់​យប់​ឡើង ក៏​ស្រាប់តែ​មាន​ទូរ​សព្ទ័​ជន​អ​នា​មឹក ចូល​ទៅ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ដោយ​គម្រាម​ទារប្រាក់​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ បើ​ចង់បាន​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ក្រោយមក​ការ​ចរចា​គ្នា​បាន​អូស​បន្លាយ​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា បាន​ធ្លាក់​មក​ត្រូវរ៉ូវ​គ្នា​ត្រឹម​ជាង​៣​ពាន់​ដុល្លារ ទើប​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ ព្រម​ផ្ញើ​ប្រាក់​តាម​វី​ង​ជា​ដំណាក់​ៗ រហូត​កំណត់​ទីតាំង​របស់​ជន​ចាប់ជំរិត​បាន ។ លុះដល់​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ពេល​ស្ត្រី​រូប​នោះ​ទៅ​ដក​លុយ​វី​ង​មួយ​កន្លែង​នៅ​ចំណុច​ផ្សា​រលើ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង បន្ទាប់​មក​បាន​ទៅ​រំដោះ​កុមារី​រង​គ្រោះ នៅ​ក្នុងផ្ទះ​សំណាក់​ហ្កា​ដែន ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ស្ត្រី​ចាប់​ក្មេង​ជំរិត​ទារប្រាក់​ខាងលើ មានឈ្មោះ សេង សុខ​លី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្រោយ​ការ​ចាប់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​គ្រឿងអលង្ការ​កាឡៃ​មួយ​ចំនួន និង​ប្រាក់​ដុល្លារ​ខ្មោច​ចំនួន​២៧០០​ដុល្លារ​ផង​ដែរ ដែល​តាម​សមត្ថកិច្ច​សន្និដ្ឋាន ស្ត្រី​ម្នាក់​នេះ​ជា​ជន​ឆបោក មាន​ជំនាញ​ខាង​ទម្លាក់យោង​តាម​ទី​សាធារណៈ​ផង​ដែរ ៕