ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ថៃ​ល្បី​៣​រូប​ចេញ​មុខ​បញ្ជាក់​ពី​សាវតា​ខ្លួន ក្រោយ​មានការ​អះអាង​ថា ជាប់​ឈាមជ័រ​ខ្មែរ

1 ឆ្នាំ មុន

ថៃ ៖ កំពូល​អ្នក​ប្រដាល់​ថៃ សម្បត្តិ ប៊ូ​ខាវ បញ្ជា​មេឃ (Sombat Buakaw Banchamek) បាន​បញ្ជាក់​តាម​

ថៃ ៖ កំពូល​អ្នក​ប្រដាល់​ថៃ សម្បត្តិ ប៊ូ​ខាវ បានឆា​មេឃ (Sombat Buakaw Banchamek) បាន​បញ្ជាក់​តាម​រយៈ​ការ​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​យ៉ាង​ច្បាស់​ថា រូបគេ​មាន​ដើម​កំណើត​ពី​ជនជាតិ​ដើម​ភាគតិច​កួយ ប៉ុន្តែ​មាន​សញ្ជាតិ​ថៃ ដែល​ការ​បញ្ជាក់​នេះ កើតឡើង​បន្ទាប់​ពី​មានការ​អះអាង​មួយ​ចំនួន​ថា អ្នក​ប្រដាល់​រូប​នេះ មាន​ដើម​កំណើត​ខ្មែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ បាងកក​ប៉ុ​ស្តិ៍​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​។

ការ​ចេញ​មក​អះអាង​របស់​កំពូល​អ្នក​ប្រដាល់​រូប​នេះ កើតឡើង​ស្រប​ពេល​ប្រទេស​ថៃ និង​កម្ពុជា កំពុង​មានរឿង​ចម្រូងចម្រាស​ជាមួយ​គ្នា ពាក់ព័ន្ធ​នឹង​ដើម​កំណើត​ស្របច្បាប់​នៃ​ក្បាច់គុន​បុរាណ​។ ការ​ចាប់អារម្មណ៍​ខ្លាំង​បន្ថែម​ទៀត​នោះ គឺ​កម្ពុជា​បាន​សម្រេច​ផ្លាស់​ប្តូរ​ឈ្មោះ​កីឡាប្រដាល់​ពី «​មួយ​ថៃ​» (Muay Thai) ទៅ​ជា «​គុន​ខ្មែរ​» (Kun Khmer) ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​ប្រដាល់ Muay Thai បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ ជុំវិញ​ការ​សម្រេចចិត្ត​នេះ និង​បាន​បញ្ជាក់​ថា ថៃ​នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក Muay Thai ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​០៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

លើស​ពី​នេះ​ទៅ​ទៀត ថៃ​ថែម​ទាំង​បាន​ព្រមាន​ថា ប្រទេស​ណា​ដែល​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ការ​ប្រកួត «​គុន​ខ្មែរ​» ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ នឹង​ត្រូវ​ហាមប្រាម​ពី​សហព័ន្ធ Muay Thai អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៀត​។

ក្រោយ​ផ្ទុះ​រឿង​ចម្រូងចម្រាស​អំពី​ដើម​កំណើត​ក្បាច់គុន​បុរាណ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​អាជីព​ថៃ​៣​រូប ចេញ​មក​បញ្ជាក់​អំពី​សាវតា​ថៃ​របស់​ខ្លួន បន្ទាប់​ពី​អ្នកគាំទ្រ​កម្ពុជា​បាន​អះអាង​ផ្ទុយ​ពី​នេះ​។ នេះ​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍​បាន​ចេញផ្សាយ​។
ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមករា កន្លង​ទៅ ប៊ូ​ខាវ បាន​បង្ហោះ​សំ​ណេ​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា «​ខ្ញុំ​ជា​ពលរដ្ឋ​ថៃ មាន​ដើម​កំណើត​ជនជាតិ​កួយ មិនមែន​ជា​ពលរដ្ឋ​ខ្មែរ ដូចដែល​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ខុស​នោះ​ទេ​»​។

ដោយឡែក កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកគាំទ្រ​ក៏​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ ជុំវិញ​រូបភាព​អ្នក​ប្រដាល់​២​រូប ដែល​ថត​បង្ហាញ​ស្ទីល​ក្បាច់គុន ដែល​គេ​អះអាង​ថា ជា​ក្បាច់គុន​បុរាណ​ខ្មែរ «​ល្បុក្កតោ​»​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា អ្នក​ប្រដាល់​អាជីព​ថៃ Panupong Tanjad ដែល​ជា​ម្ចាស់​រូបភាព​នោះ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គេ កាលពី​ថ្ងៃ​ទី​២៤ ខែមករា ថា រូបថត​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​រូបគេ និង​បងប្រុស​គេ​ផ្ទាល់ ដោយ​បង្ហាញ​ពី Muay Thai នៅ​ក្នុង​ខេត្ត​សុរិន្ទ​។ Panupong បាន​សរសេរ​ថា រូបគេ​ទទួល​បានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ក្នុង Muay Thai និង​ជា​អត្ត​ព​លិ​ក Muay Thai របស់​ជាតិ និង​ជា​គ្រូបង្វឹក Muay Thai​។

Panupong បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ដែល​បាន​ហ្វឹកហាត់​ល្បុក្កតោ ឬ​គុន​ខ្មែរ​នោះ​ទេ​។ ប៉ុន្តែ​អ្នក​ប្រដាល់​ក្នុង​រូបថត​នេះ គឺជា​បងប្រុស​ខ្ញុំ និង​ខ្ញុំ ហើយ​កន្លែង​ថតរូប នៅ​ឃុំ​ក្របៅ ស្រុក​ថា​ទុំ ខេត្ត​សុរិន្ទ​»​។

ពាក់ព័ន្ធ​នឹង​ការ​សម្រេច​មិន​បញ្ជូន​អត្ត​ពលិកម​ក​ចូលរួម​ការ​ប្រកួត «​គុន​ខ្មែរ​» នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ពី​សំណាក់​ប្រទេស​ថៃ ជុំវិញ​បញ្ហា​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​ស៊ី​ហ្គេ​ម មិន​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេចចិត្ត​ពី​ប្រទេស​ថៃ រឿង​មិន​ប​ញ្ចូ​ន​អត្ត​ពលិកម​ក​នោះ​ទេ ដោយ​នោះ​គឺជា​សិទ្ធិ​គេ ហើយ​កម្ពុជា​ក៏​នឹង​ត្រៀម​រៀបចំ​ការ​ប្រកួត «​គុន​ខ្មែរ​» ឱ្យ​ខាង​តែ​បាន​ដែរ​។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បញ្ជាក់​ថា មាន​ប្រទេស​ចំនួន ៦ ហើយ​បាន​សម្រេចចិត្ត​ចូលរួម​ការ​ប្រកួត «​គុន​ខ្មែរ​» ដោយ​ប្រទេស​ទាំងនោះ​រួម​មាន ឥណ្ឌូ​ណេ​ស៊ី វៀតណាម ហ្វី​លី​ពី​ន ឡាវ មី​យ៉ា​ន់​ម៉ា និង​ម៉ា​ឡេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ