ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​នៅ​ខេត្តកំពត​កំពុង​មាន​ទីផ្សារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​សម្បូរ​ដោយ​ការ​វិនិយោគ​របស់​ចិន​ហើយ​នោះ ពេល​នេះ​ខេត្តកំពត​ក៏​សម្បូរ​វិនិយោគិន​ចិន​សម្រុក​ទៅ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផង​ដែរ ដោយ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​សម្បូរ​ដោយ​ការ​វិនិយោគ​របស់​ចិន​ហើយ​នោះ ពេល​នេះ​ខេត្តកំពត​ក៏​សម្បូរ​វិនិយោគិន​ចិន​សម្រុក​ទៅ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផង​ដែរ ដោយ​មាន​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នឹង​ចាប់ផ្ដើម​នា​ពេល​ខាង​មុខ​នេះ ។

បើ​តាម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត បានឱ្យ​ដឹង​ថា ការ​ទិញ​ដីធ្លី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​មួយ​នេះ​កំពុង​ចាប់ផ្ដើម​មាន​សកម្មភាព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ហើយ​ភាគច្រើន​ជា​ក្រុមហ៊ុន​មាន​ភាគហ៊ុន​ជាមួយ​វិនិយោគិន​មក​ពី​ប្រទេស​ចិន ។

លោក សុខ គែន ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​អចលនវត្ថុ​មួយ​រូប​នេះ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​មមាញឹក​ជាមួយនឹង​អតិថិជន ដែល​ជា​អ្នកមាន​គម្រោង​មក​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ​នៅ​ក្នុង​ខេត្ត​នេះ។ វិនិយោគិន​ភាគច្រើន​ដែល​មក​បណ្ដាក់ទុន​នៅ​ក្នុង​ខេត្ត​ជា​ជំហាន​ដំបូង គឺ​កំពុង​ស្វែងរក​ដីធ្លី​នៅ​តំបន់​ណា​ដែល​មាន​សក្ដានុពល​នៅ​ពេល​អនាគត ។ ជាក់ស្ដែង តំបន់​នៅ​ជិត ឬ​ក្បែរ​ៗ​គម្រោង​កំពង់​ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត និង​តំបន់​មួយ​ចំនួន​តាម​បណ្ដោយ​ឆ្នេរ​ខេត្តកំពត​ជាដើម ។

លោក​បន្ត​ថា បើ​ទោះបីជា​បច្ចុប្បន្ន មិន​ទាន់​មាន​គម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​លេច​ជា​រូបរាង​ក្ដី ក៏​ប៉ុន្តែ​ដីធ្លី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ជា​ពិសេស ដី​នៅ​ជាប់​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ត្រូវ​បាន​វិនិយោគិន​បរទេស​ទាំងនោះ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ទិញ​ត្រៀម​ទុកជា​ស្រេច​ហើយ និង​រង់ចាំ​មើល​តែ​ការ​អភិវឌ្ឍ​ពេល​ខាង​មុខ​ប៉ុណ្ណោះ ។

លោក​ថា ៖« ដី​មាត់​ព្រែក និង​ដី​នៅ​ជិត​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ក្រុម​វិនិយោគិន​ចិន​ទាំងអស់​បាន​ទិញ​រួចរាល់​ខ្លះ​ហើយ និង​កំពុង​ស្វែងរក​ទិញ​បន្ត​ទៀត​ទុក​ត្រៀម​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​អភិវឌ្ឍន៍​ជា​បុរី​លំនៅ​ឋាន​ជា​បណ្ដើរ​ៗ​ហើយ » ។

លោក​បញ្ជាក់​ថា ដី​នៅ​តាម​មាត់​ព្រែក​ឆ្ងាយ​ពី​ក្រុង មាន​តម្លៃ​ប្រមាណ​៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ខណៈ​ដី​នៅ​ប៉ែក​ខាង​តំបន់​ភ្នំ មាន​តម្លៃ​ជា​មធ្យម​២៥​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ ក្រៅពី​ដី​នៅ​តំបន់​មាត់​ព្រែក និង​ក្បែរ​តំបន់​អភិវឌ្ឍន៍​គម្រោង​ធំ​ៗ ក៏​មាន​ដី​ជា​ច្រើន​កន្លែង​ទៀត​មាន​សក្ដានុពល​សម្រាប់​វិស័យ​កសិកម្ម ដោយ​មាន​ឈ្មួញ​ធំ​ៗ​ជា​ច្រើន​បាន​ទិញ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ក្នុង​ខេត្ត​មួយ​នេះ ។
លោក ប៉ូ អ៊ា​វ​គង់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន វាយតម្លៃ​អចលនវត្ថុ អ៊ែ​ដ​វ៉ា​ន់​ស៍ (Advance) បានឱ្យ​ដឹង​ថា ដោយសារ​តែ​នៅ​រាជធានី​ភ្នំពេញ ការ​វិនិយោគ​ភាគច្រើន​ទៅ​លើ​វិស័យ​សំណង់ ដូច​ជា អគារ​ខុន​ដូ និង​អា​ផាត​មិនជា​ដើម ទើប​ចិន​មួយ​ចំនួន​បាន​ងាក​ទៅ​តាម​ខេត្ត​ទេសចរណ៍​របស់​កម្ពុជា ដើម្បី​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ និង​ផ្នែក​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍
ហើយ​ក្រុម​វិនិយោគិន​ទាំងនោះ​មើលឃើញ​ពី​សក្ដានុពល​សម្រាប់​អភិវឌ្ឍន៍​នា​ពេល​អនាគតផង​ដែរ ។

លោក​បន្ត​ថា វា​ជា​ការ​ល្អ​ដែល​វិនិយោគិន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​បើ​តាម​អ្វី​ដែល​លោក​ដឹង មិនមែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ដែល​មាន​វិនិយោគិន​ចិន​ច្រើន​នោះ បច្ចុប្បន្ន​នេះ ចិន​បាន​វិនិយោគ​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ។ ដោយឡែក នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា ខេត្ត​ព្រះ​សីហ​នុ មាន​ជនជាតិ​ចិន​ជា​ច្រើន​បណ្ដាក់ទុន​វិនិយោគ ហើយ​មាន​ច្រើន​ជាង​ខេត្ត​កំពត​ទៅ​ទៀត ។ ទាំងនេះ យើង​គ្មាន​ការ​ព្រួយបារម្ភ​ទេ តែ​ផ្ទុយ​ទៅ​វិញ គឺ​ពួក​គេ​ទៅ​វិញ​ទេ​ត្រូវ​បារម្ភ​ថា តើ​ពួក​គេ​នឹង​ទទួល​បាន​ផល​ចំណេញ​អ្វីខ្លះ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ ។ លោក​និយាយ​ថា ៖«​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ ។ ដូចនេះ បើ​តាម​ទស្សនៈ​ខ្ញុំ​ផ្ទាល់ មិន​មានការ​ព្រួយបារម្ភ​អ្វី​ទេ សម្រាប់​វិនិយោគិន​មក​ពី​ប្រទេស​ចិន » ៕