ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើល្អដែលបុគ្គលធ្វើហើយឱ្យផលមិនរំលងជាតិឡើយ​​​

6 ឆ្នាំ មុន

សឹងតែ​កុំ​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ អំពើ​ជា​កុសល​ដែល​បុគ្គល​ប្រព្រឹត្ត​ហើយ រមែង​ហុច​ផល​ឱ្យ​មិន

សឹងតែ​កុំ​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ អំពើ​ជា​កុសល​ដែល​បុគ្គល​ប្រព្រឹត្ត​ហើយ រមែង​ហុច​ផល​ឱ្យ​មិន​រំលង​ជាតិ​ឡើយ ។ ជុំវិញ​ទស្សនៈ​នេះ អ្នកប្រាជ្ញ​ខាង​សាសនា​ក៏​យល់​ស្រប​ដូច្នេះ​ថា មែន​! ធម៌​៤​ប្រការ​ឬ​ហៅ​ថា ចក្ក​ធម៌​តែង​នាំ​បុគ្គល​អ្នក​ធ្វើ​តាម​បាន​សម្រេច​ផល​ដូច​បំណង​មិន​រំលង​បច្ចុប្បន្ន​ជាតិ​ឡើយ តែ​ការ​ហុច​ផល​ឱ្យ​ភ្លាម​ៗ​នេះ​លុះណាតែ​បុគ្គល​ប្រព្រឹត្ត​បាន​គ្រប់​អង្គ​ទាំង​៤​ដោយ​បរិបូរណ៍​ដែរ ។ ធម៌​៤​ប្រការ​នេះ​លោក​ប្រៀប​ដូច​កង់​រថ​ទាំង​បួន​ជាប់​ទាក់ទង​ព្រម​គ្នា​មិន​ដាច់ នាំ​អ្នកដំណើរ​ដាក់​ដល់ទី​ដែល​គេ​ប្រាថ្នា​ទៅ​យ៉ាង​សុខសាន្ត តែបើ​កង់​ទាំងនោះ​ណាមួយ​ខូច​ក៏​វិល​ទៅ​មុខ​មិន​ស្រួល​ដែរ​ជា​ហេតុ​នាំ​ឲ្យ​រអាក់រអួល​តាម​ផ្លូវ ឬ​ទៅ​មិន​ដល់​ទីដៅ ។

ធម៌​៤​ប្រការ​នោះ​មាន ៖
១-​បដិរូប​ទេស​វាសៈ នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ
២-​សប្បុ​រិ​សូប​សំ​សេវៈ សេពគប់​សប្បុរស
៣-​អត្ត​សម្មា​ប​ណី​ធិៈ តាំងខ្លួន​បាន​ដោយ​ប្រពៃ
៤-​បុព្វេ​កត​បុញ្ញ​តាៈ ជា​អ្នក​បាន​ធ្វើបុណ្យ​ទុក​ហើយ​ក្នុង​កាលពីមុន​មក ។

ពិត​ណាស់​ប្រទេស​ដ៏​សមគួរ​លោក​សំដៅយក​ប្រទេស​ដែល​មាន​សប្បុរស អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ​ចេះ​សិល្ប៍វិជ្ជា​អាច​អប់រំ ប្រៀនប្រដៅ​អ្នក​ដទៃ​បាន​យ៉ាង​ល្អ តែ​ក្នុង​ផ្លូវធម៌​លោក​សំដៅយក​បុគ្គល​អ្នកមាន​សន្ដាន​ចិត្តស្ងប់​រម្ងាប់ ប្រព្រឹត្ត​ខ្លួន​តែ​ក្នុង​សុចរិតធម៌ ហើយ​អាច​ណែនាំ​អ្នក​ដទៃ​ឱ្យ​តាំងនៅ​ក្នុង​គុណធម៌​ដ៏​វិសេស ។
ចំណែកឯ​មួយ​មាតិកា​ទៀត​លោក​សំដៅលើ​ការ​ព្យាយាម​ប្រយ័ត្ន​មិន​ឱ្យ​បាប​កើតឡើង​នៅ​ក្នុង​សន្ដាន​១ (​សំវរ​ប្បធាន​) ព្យាយាម​លះ​បាប​ដែល​កើតឡើង​ហើយ​១ (​ប​ហាន​ប្បធាន​) ព្យាយាម​ញុំ​ា​ង​កុសល​ឱ្យ​កើតឡើង​ក្នុង​សន្ដាន​១ (​ភាវនា​បធាន​) ព្យាយាម​រក្សា​កុសល​ដែល​កើតឡើង​ហើយ​មិន​ឱ្យ​សាបសូន្យ​ទៅ​វិញ​១ (​អនុរក្ខ​នា​បធាន​) ការ​ប្រព្រឹត្ត​ដូច្នេះ​ឈ្មោះ​ថា តាំងខ្លួន​បាន​ដោយ​ប្រពៃ ។

មួយទៀត​ការ​រៀបចំ​ឫកពា​ខ្លួន​ឱ្យ​សម​ទៅ​នឹង​ឋានៈ​តួនាទី​ដល់​ជីវិត​រស់នៅ​របស់​ខ្លួន បើ​គេ​ជា​អ្នកធំ​ឬ​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ក៏​គួរ​ប្រព្រឹត្ត​ខ្លួន បន្ទាប​កាយ​ដោយ​អាការ​គោរព​ចំពោះ​អ្នក​នោះ បើជា​មនុស្ស​មាន​ឋានៈ​ស្មើគ្នា ក៏​ប្រព្រឹត្ត​ខ្លួន​ឱ្យ​មូល​មិត្ត​ស្មោះត្រង់​ដល់​គ្នា​និង​គ្នា ធ្វើ​បាន​ដូច្នេះ​ក៏​ឈ្មោះ​ថា តាំងខ្លួន​ដោយ​ប្រពៃ ។
ភាព​ជា​អ្នកមាន​វាសនា​ខ្ពង់ខ្ពស់​ឈ្មោះ​ថា អ្នក​បាន​ធ្វើបុណ្យ​ទុក​មក​ហើយ​ក្នុង​កាលពីមុន ។ ពាក្យ​ថា «​ក្នុង​កាល​មុន​» គឺ​លោក​សំដៅ​ទៅ​ជាតិ​មុន ឬ​ជាតិ​នេះ តែ​សំដៅយក​វេលា​ដែល​ជា​ចំណែក​អតីត​កាលដែល​បុគ្គល​នោះ​បាន​ធ្វើបុណ្យ​ទុក​មក ។ សឹង​បាន​សេចក្តី​ថា បុណ្យ​កុសល​ដែល​បុគ្គល​បាន​អប់រំ​សន្សំទុក​មក​តាំងពី​កាល​មុន តែង​ហុច​ផល​ឲ្យ​មិន​រំលង​ជាតិ​ឡើយ ហើយ​អ្នក​ដែល​ទទួលផល​យ៉ាង​ត្រជាក់ចិត្ត​នោះ​គេ​តែង​និយាយ​ថា​ជា​អ្នកមាន​វាសនា តែ​ហេតុផល​បច្ច័យ​ដែល​បាន​តាក់តែង​ឡើង​នេះ ជា​អំពើ​ល្អ​ដែល​សាមីខ្លួន​បាន​សន្សំទុក​មក​កាលពីមុន​យ៉ាង​ពិតប្រាកដ ៕

(​ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​សម្រាប់​ថ្ងៃសីល ១៥​រោច ខែអាសាឍ​)