ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខ្ចី​លុយ​មិនមែន​ជា​រឿង​អាក្រក់ តែ​ត្រូវ​ចេះ​គ្រប់គ្រង​ហានិភ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​២​លាន​នាក់​នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត បាន​ប្រើប្រាស់​កម្ចី​ពី​គ្រឹះស្ថាន​នានា​ដែល​ប្រតិបត្តិការ​ផ្ដល់​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ប្រទេស ។ ការ​ផ្ដល់​កម្ចី និង

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​២​លាន​នាក់​នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត បាន​ប្រើប្រាស់​កម្ចី​ពី​គ្រឹះស្ថាន​នានា​ដែល​ប្រតិបត្តិការ​ផ្ដល់​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ប្រទេស ។ ការ​ផ្ដល់​កម្ចី និង​ប្រើប្រាស់​ឥណទាន​នេះ ពិតជា​បាន​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ តាម​រយៈ​ការ​ពង្រីក​មុខរបរ​រកស៊ី​កាន់តែ​ប្រសើរ​ឡើង ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ឲ្យ​រក្សា​បាន​កំណើន​ក្នុង​រង្វង់​៧%​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​។ ការ​ខ្ចី​លុយ​នេះ ពលរដ្ឋ​តែងតែ​គិត​ថា មិនល្អ​នោះ​ទេ តែបើ​តាម​ទ្រឹស្ដី​សេដ្ឋកិច្ច​ថា មិនមែន​ជា​រឿង​អាក្រក់​ឡើយ តែ​ត្រូវ​ចេះ​គ្រប់គ្រង​ហានិភ័យ និង​ប្រើប្រាស់​កម្ចី​ឲ្យ​ចំ​គោលដៅ ។

ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​តាម​រយៈ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ដែល​រៀបចំ​ធ្វើ​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ម្សិលមិញ លោក​បណ្ឌិត ង៉ែត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក៏​មាន​សារ​ប្រយោជន៍​ដែរ ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់តែ​ដំណើរការ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត ។

លោក​ថ្លែង​ថា ៖« បើ​យើង​ពឹងពាក់​តែ​លើ​ប្រាក់​សន្សំ​ម្ដង​បន្ដិច​ៗ​នោះ យើង​អត់​មាន​ដើមទុន​គ្រប់គ្រាន់​ក្នុង​ការ​ពង្រីក​មុខរបរ​ទេ អីចឹង​យើង​ត្រូវ​តែ​ខ្ចី ឲ្យ​តែ​យើង​យក​កម្ចី​ទាំងនោះ​ទៅ​ប្រើ​ចំ​គោលដៅ និង​ប្រើប្រាស់​ឲ្យ​ទទួល​បាន​ប្រភព​ចំណូល​មក​វិញ » ។

ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ដើរតួ​ជា​អ្នក​ផ្ដល់​កម្ចី និង​ជា​អ្នក​ប្រមូល​ប្រភព​ទុន​យក​ឲ្យ​អតិថិជន​ខ្ចី ដើម្បី​បង្កើត ឬ​ពង្រីក​មុខរបរ​រកស៊ី​។ ដូច្នេះ ការ​ខ្ចី មិនមែន​ជា​រូបភាព​អវិជ្ជមាន​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ ការ​ខ្ចីប្រាក់​នេះ វា​មាន​ហានិភ័យ​ខ្ពស់ ប្រសិនបើ​មិន​បាន​សិក្សា​ពី​ប្រាក់​ចំណូល ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់ និង​ឈ្វេងយល់​ពី​អតិថិជន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដែល​នឹង​ក្លាយជា​បំណុល​វ័ណ្ឌក​នៅ​ថ្ងៃ​អនាគត ព្រោះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែង​នៅ​មានការ​លាក់លៀម​មិន​ចង់​ឲ្យ​គេ​ដឹង​ថា ខ្លួន​ជំពាក់​លុយ​គេ ដែល​នេះ​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​មាន​ហានិភ័យ ក្នុង​ករណី​ពួក​គេ​បន្ដ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ឬ​ខ្ចី​ពី​ឯកជន​រកស៊ី​ចងការ​ប្រាក់​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ។
លោក​ថ្លែង​ថា​៖« ខ្មែរ​យើង​នៅ​មាន​ផ្នត់គំនិត​មួយ គឺ​ខ្មាស​គេ មិន​ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួនឯង​ខ្ចី​លុយ​គេ ហើយ​កន្លង​មក មាន​អតិថិជន​ខ្លះ​យក​អចលនទ្រព្យ​ពីរ​ឬ​បី​កន្លែង​ទៅ​ដាក់​នៅ​គ្រឹះស្ថាន​ផ្សេង​ៗ​គ្នា ។ ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រាកដជា​មិនដឹង​លម្អិត​ពី​អតិថិជន​របស់​ខ្លួន​ឡើយ​។ ដូច្នេះ​ហើយ​ទើប​មាន​បញ្ហា​អតិថិជន​ជំពាក់​បំណុល​ជាន់​គ្នា រហូត​ក្លាយជា​បំណុល​វ័ណ្ឌក​នោះ » ។

ដើម្បី​គ្រង់​គ្រង​នូវ​ហានិភ័យ​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បង្កើត​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា CBC ជា​អ្នក​គ្រប់គ្រង និង​ចែករំលែក​របាយការណ៍​ឥណទាន​អតិថិជន​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ដែល​ជា​សមាជិក​របស់​ខ្លួន ដើម្បី​ចែករំលែក​ទិន្នន័យ​អតិថិជន ជៀសវាង​កុំ​ឲ្យ​មាន​បំណុល​វ័ណ្ឌក​នេះ ។

យោង​តាម​សេចក្ដី​ប្រកាស ស្ដី​ពី ការ​ចែករំលែក​ព័ត៌មាន​ឥណទាន ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា គឺ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ចូលរួម​ផ្ដល់​ទិន្នន័យ​ឥណទាន​ពី​ឯកទត្ត​ជន​ទៅ​កាន់​ការិយាល័យ​ឥណទាន​កម្ពុជា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទៅ​ក្នុង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​នេះ ហើយ​ត្រូវ​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​នេះ មុន​នឹង​ឲ្យ​អតិថិជន​របស់​ខ្លួន​ខ្ចី ។ ក្នុង​ករណី​មិន​បាន​ប្រើប្រាស់​ទេ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​ចាត់​ទុក​ថា បាន​រំលោភ​លើ​សេចក្ដី​ប្រកាស ហើយនឹង​ត្រូវ​រង​នូវ​ការ​ពិន័យ​ទៅ​តាម​បទ​ប្បញ្ញត្តិ​ដែល​បាន​ចែង ។ ក្នុង​នោះ ដើម្បី​ឲ្យ​ការិយាល័យ​ឥណទាន​កម្ពុជា មាន​របាយការណ៍​ច្បាស់លាស់ ក៏​ត្រូវ​ទាមទារ​ឲ្យ​សមាជិក​ទាំងអស់​ផ្ដល់​របាយការណ៍​ស្មោះត្រង់ ទាំង​ល្អ និង​អាក្រក់​ដល់​ការិយាល័យ​នេះ​ផង​ដែរ ។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី​ការិយាល័យ​ឥណទាន​កម្ពុជា បាន​លើក​ឡើង​ថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៧​នេះ CBC​បាន​បង្កើន​សមាជិក​រហូត​ដល់​១៣៩​ស្ថាប័ន ដែល​រួម​មាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​ប្រតិបត្តិ​ករ​ឥណទាន ដែល​មាន​អតិថិជន​ជាង​៤​លាន​នាក់​ក្នុង​ប្រព័ន្ធ​ទិន្នន័យ ហើយ​ការ​ឆែក​ប្រវត្តិ​អតិថិជន​មាន​ជាង​១៥​លាន​កំណត់​ត្រា ។

លោក​ថ្លែង​ថា ៖« ការ​ឆែក​មើល​នេះ នឹង​ជួយ​ក្នុង​ការ​វាយតម្លៃ​អតិថិជន​តាម​រយៈ​ការ​ត្រួតពិនិត្យ​ទៅ​ប្រវត្តិ​ខ្ចីប្រាក់ ឬ​របាយការណ៍​សង​ត្រឡប់ និង​ការ​ដាក់​ពិន្ទុ​ជាដើម » ។ លោក​ថា ៖« ប្រសិនបើ​អតិថិជន​មួយ​មានការ​សង​ប្រាក់​ល្អ គឺ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ជា​អតិថិជន​ល្អ ដែល​ងាយ​ក្នុង​ការ​ខ្ចី​នៅ​ថ្ងៃក្រោយ​ទៀត ហើយ​តាម​រយៈ​ការ​ពិនិត្យ​របាយការណ៍​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​អាច​ដឹង​ពី​លទ្ធភាព​នៃ​ការ​សងបំណុល​របស់​អតិថិជន​ខ្លួន​រយៈពេល​១២​ខែ​ខាង​មុខ​ទៀត​ផង​ដែរ ។ ផ្ទុយ​ពី​នេះ ប្រសិនបើ​របាយការណ៍​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មានការ​សង​យឺតយ៉ាវ​នោះ គេ​នឹង​ពិបាក​ក្នុង​ការ​ផ្ដល់​កម្ចី​ណាស់ » ។ យ៉ាងណា​ក៏​ដោយ លោក​បញ្ជាក់​ថា ស្ថាប័ន​មួយ​នេះ​ពុំ​មាន​សិទ្ធិ​សម្រេច​ថា គួរ​ឲ្យ​អតិថិជន​ខ្ចី ឬ​មិន​គួរ​នោះ​ទេ គឺ​អាស្រ័យ​ទៅ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​អ្នក​សម្រេច ។

តាម​របាយការណ៍​ពី​ការិយាល័យ​ឥណទាន​កម្ពុជា នៅ​ឆ្នាំ​២០១៦ ទឹកប្រាក់​ចំនួន​១២,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​នៅ​ទូ​ទាំង​ប្រទេស​ផ្ដល់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់​នៅ​២៥​រាជធានី​ខេត្ត​-​ក្រុង ។ ក្នុង​នោះ កម្ចី​នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាងគេ រហូត​ដល់​៥,៣​ប៊ី​លាន​ដុល្លារ ស្មើនឹង​៤២,៦%​នៃ​ឥណទាន​សរុប​ទូ​ទាំង​ប្រទេស ។

តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ធនាគារជាតិ​នៃ​កម្ពុជា​មាន​សាខា​ចំនួន​២១, ធនាគារពាណិជ្ជ​ចំនួន​៣៩, ធនាគារ​ឯកទេស​ចំនួន​១៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧៣, ក្រុមហ៊ុន​ភតិសន្យា​ចំនួន​១២, ការិយាល័យ​តំណាង​ធនាគារ​បរទេស​ចំនួន​៦, អ្នកដំណើរ​កា​រត​តី​យ​ភាគី​ចំនួន​៦, ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យូ​៊​រ៉ូ​១ និង​អាជីវករ​ប្ដូរ​ប្រាក់​ចំនួន​២.៤៣៧ ៕