រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានអះអាងថា បច្ចុប្បន្ននេះមានពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃជាង៣០ម៉ឺននាក់មិនទាន់ទទួលបានភាពស្របច្បាប់ក្នុងការរស់នៅ និងធ្វើការងារនៅប្រទេសថៃនៅឡើយទេ តែយ៉ាងហោចណាស់៧០ម៉ឺននាក់ផ្សេងទៀតទទួលបានភាពស្របច្បាប់ហើយ។
ការអះអាងរបស់លោករដ្ឋមន្ត្រីធ្វើឡើងនៅឯកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសពលករឯកជនប្រចាំនៅប្រទេសថៃ នៅក្នុងស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកកាលពីថ្ងៃទី២០ខែកក្កដា។
យោងតាមវេបសាយក្រសួងការងារចុះផ្សាយនៅថ្ងៃទី២០ កក្កដាថា នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃមានចំនួន១លាន៥ម៉ឺននាក់ ក្នុងចំណោមពលករទាំងនោះមានពលករជាង៧០ម៉ឺននាក់ជាពលករស្របច្បាប់ ខណៈដែលជាង៣០ម៉ឺននាក់ទៀតនៅពុំទាន់មានភាពស្របច្បាប់នៅឡើយ»។
លោក អ៊ិត សំហេង ក៏បានធ្វើការលើកឡើងពីបញ្ហារសើបមួយចំនួនដែលទាក់ទងទៅនឹងបងប្អូនពលករខ្មែរនៅថៃ ជាពិសេសបងប្អូនពលករខុសច្បាប់ដោយអាជ្ញាធរថៃបានកែទម្រង់ច្បាប់ រឹតបន្តឹងដល់និយោជក និងកម្មករខុសច្បាប់។ បញ្ហានេះនាំឲ្យបងប្អូន និងក្រុមគ្រួសាររបស់ពលករខ្មែរយើង មានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថភាព និងជីវភាពរបស់ពួកគាត់ ជាពិសេសការបណ្តេញចេញពលករខុសច្បាប់ពីប្រទេសថៃ ដែលធ្លាប់បានកើតឡើងម្តង រួចមកហើយកាលពីឆ្នាំ២០១៤។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ដោយសារកត្តាទាំងនេះក្នុងកិច្ចទប់ស្កាត់ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ទើបក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យមានក្រុមហ៊ុនជ្រើសរើសគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីជៀសវាងនូវការរំលោភបំពាន ការជួញដូរមនុស្ស និងការរស់នៅខុសច្បាប់»៕
ចែករំលែកព័តមាននេះ