ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខូច​​​ខាត​​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លាន​ពាន​​របស់​ទាហាន​ថៃ

15 ឆ្នាំ មុន

ការឈ្លានពានរយៈពេល​បួន​ថ្ងៃ (ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ២០១១) ពីសំណាក់​កង​ទ័ព​ថៃ​​ បានបង្កឱ្យមានការខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រាសាទ​ព្រះវិហារ និងតំបន់ជុំ​វិញ​ប្រាសាទ​ដែល​មាន​ប្រជាជនរស់នៅ ក៏​ដូច​ជា​តំបន់ដែល​ស្ថិត​នៅ​ជ្រៅរហូតដល់ទៅ​២០​គីឡូ​មែត្រ​ក្នុងទឹកដី​កម្ពុជា​ផងដែរ។ ការវាយ​ប្រហារ​របស់ថៃ ដោយ​ប្រើទាំងទ័ពថ្មើរជើង និង​កាំភ្លើង​ធំ​ បានបណ្តាល​ឱ្យទាហានកម្ពុជា ៤​នាក់ និង​នគរ​បាល​ម្នាក់​បាត់​បង់ជីវិត និងរបួស​៣០​នាក់​ផ្សេង​ទៀត ហើយ​ការ​បាញ់ផ្លោងរបស់ថៃនេះ ក៏បាន​សម្លាប់ប្រជា​ជន​កម្ពុជា ២នាក់​ និងរបួស​​ម្នាក់​​ផង​ដែរ។

ការបាញ់ផ្លោងរបស់ថៃ គឺដូចជាមានចេតនា​ជាក់លាក់ក្នុងការបាញ់សំដៅមកលើ​ទាំង​តំបន់​ប្រជា​ជន​រស់នៅ និងតំបន់សាសនា និង​វប្ប​ធម៌​របស់ខ្មែរ។ ដោយសារតែការវាយប្រហារ​នោះ​ហើយ ប្រជាជនត្រូវបានបង្ខំចិត្តឱ្យចាកចេញ​ពី​ភូមិ​ឋាន​របស់ខ្លួន ដូចជាពីភូមិស្វាយជ្រំ ភូមិធម្ម​ជាតិ ភូមិសម្តេចតេជោបុសស្បូវ និងភូមិ​សែន​ជ័យ។ ប្រសិនបើចេតនារបស់ពួកថៃ​ចង់​បង្ក​ឱ្យ​មាន​ជនភៀសខ្លួនច្រើន ដើម្បីញ៉ាំងដល់ការ​លំបាក​របស់អាជ្ញាធរខ្មែរ ដូចនេះតាមរយៈការ​វាយ​ប្រហារបស់ថៃនោះ គឺជាលទ្ធផល​ដែល​ពួកថៃ​ចង់បានហើយ។ យើងសូមបញ្ជាក់ថា អ្នក​ភូមិខ្មែប្រមាណជាង​១០.០០០​នាក់ ដែលក្នុង​នោះ​មានកុមារចំនួន​១.០០០​នាក់ និងចាស់​ជរា​ចំនួន​៥០០​នាក់ បានបង្ខំចិត្តចាកចេញពីលំនៅ​​ឋាន​របស់ខ្លួន។

ការបង្កការខូចខាតដល់ទ្រព្យសម្បត្តិ​សាសនា និងសម្បត្តិវប្បធម៌ រួមមានការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នូវ​វត្តកែវសិក្ខាគិរីស្វារៈ ដែលជា​គោល​ដៅនៃការវាយប្រហាររបស់ពួកថៃកាលពី ថ្ងៃទី៤ ដល់ទី​៧ ខែកុម្ភៈ កន្លងមកនេះ។ ការ​ខូច​ខាត​រួមមាន​ ការបំផ្លាញ​ព្រះ​ពុទ្ធ​បដិមា​ និង​វត្ថុ​ជា​ទីសក្ការៈដទៃទៀត។ ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​លើសពី​នោះ​ទៀត គឺ​ការបាញ់ផ្លោងមកលើ​ប្រាសាទ​ព្រះ​វិហារ​​ដែលជាការរំលោភយ៉ាងជាក់​លាក់​មក​លើ​អនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីការ​ការ​ពារ​សម្បត្តិវប្ប​ធម៌​ក្នុងពេលមានជម្លោះ​ដោយ​អាវុធ ​ដែល​ទាំង​ភាគី​កម្ពុជា និងថៃជាហត្ថលេខី។ ប្រាសាទព្រះ​វិហារ​ទាំងមូលបានត្រូវទទួលរង​គ្រាប់​កាំភ្លើង​ធំ​របស់ថៃ និងធ្វើឲ្យខូចខាតដល់​គោ​បុរៈទាំង៥ និងពន្លាច្រកចូលផងដែរ។ គ្រាប់​កាំភ្លើងធំជា​ច្រើន​ត្រូវបានបំពាក់ដោយគ្រាប់​​បែក​ចង្កោម ព្រោះនៅតំបន់ជុំវិញប្រាសាទ​មួយ​ភាគ​ធំរាយ​ប៉ាយ​ទៅដោយគ្រាប់មិនទាន់ផ្ទុះ។ បន្ថែម​លើការ​រងគ្រោះទាំងនេះ គ្រាប់កាំភ្លើង​របស់​ថៃ​បាន​បំផ្លាញ​អនុសញ្ញាអន្តរជាតិឆ្នាំ​១៩៥៤ ដែល​បាន​បង្ហាញនូវសញ្ញាថា ប្រាសាទ​ព្រះ​វិហារ និង​តំបន់​ជុំវិញកំពុងស្ថិតក្នុងសភាព​គ្រោះ​ថ្នាក់​ ដែល​ទាម​ទារ​ឲ្យមានការការពារ​ដ៏​ពិសេស ហើយ​ទង់​របស់​គណៈកម្មការជាតិយូណេ​ស្កូ​កម្ពុជា ត្រូវបាន​បាញ់​ធ្លុះ​ធ្លាយ ហើយធ្លាក់ជាមួយ​គ្នា​នឹងទង់ជាតិខ្មែរ និងទង់អង្គការ​យូណេស្កូ​ផង​ដែរ ។

វាគ្មានអ្វីដែលត្រូវសំអាងថា ទាំងវត្តកែវ​សិក្ខា​គិរីស្វារៈ ទាំងប្រាសាទព្រះវិហារ នឹង​ត្រូវ​បាន​ចាត់ទុកជាគោលដៅយោធាស្របច្បាប់នោះ​ទេ។ ការប៉ុនប៉ងកំទេចរបស់កងទ័ព​ថៃ ហាក់​បី​ដូច​ជា​រៀបចំឡើងដើម្បីឲ្យសញ្ញាគំរាមកំហែងថា «ប្រសិនបើយើងមិនបានទទួលអ្វីដូចបំណង​យើង​អាចកំទេចប្រាសាទចោល»។ នេះគឺមាន​ន័យ​ថា រដ្ឋាភិបាលថៃគំរាមកំហែងកំទេចអ្វី​ដែល​ជាសម្បត្តិវប្បធម៌នៃមនុស្សជាតិទាំងស្រុង។ ការប៉ុនប៉ងបំផ្លាញប្រាសាទ ក៏បានបង្ហាញ​ឲ្យ​យល់​ពីការប្រឆាំងដដែលៗរបស់រដ្ឋាភិបាល ថៃ​ដែលលើកឡើងថា តំណាងនៃអង្គការ​យូណេ​ស្កូ រួមទាំងបេសកជនពិសេសលោក Koichiro Matsuura មិនគួរធ្វើដំណើរទស្សនកិច្ចទៅ​កាន់​ប្រាសាទដើម្បីវាយតម្លៃការខូចខាត​នោះទេ។

ការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើននៅ​ក្នុងការវាយប្រហាររបស់ថៃ ត្រូវបានថតទុក​ជា​ឯកសារដោយអ្នកសង្កេតការណ៍ឯករាជ្យ។ ទោះ​បី​ជាថៃ និងកម្ពុជា មិនទាន់បានចុះហត្ថ​លេខា​លើ​អនុសញ្ញាស្តីពីការទប់ស្កាត់ការប្រើប្រាស់​គ្រាប់​បែកចង្កោមប្រភេទនេះក៏ដោយ ក៏ការ​ប្រើប្រាស់​គ្រាប់បែកចង្កោមរបស់ថៃទៅលើគោលដៅមិន​មែន​យោធា លើកនេះច្បាស់ណាស់ គឺជាការ​រំលោភ​ច្បាប់សង្រ្គាម​អន្តរជាតិ។ ចំនួនគ្រាប់​បែក​​មិនទាន់ផ្ទុះជាច្រើន ពិតណាស់គឺអាច​បង្ក​គ្រោះ​ថា្នក់យ៉ាងខ្លាំង ពិសេសចំពោះ​កុមារ​ដែល​មិន​​យល់ពីទំហំគ្រោះថ្នាក់របស់គ្រាប់បែក​ចង្កោម​​ទាំង​នោះ។ ទន្ទឹមនឹងនេះដែរ ការមិនខ្វល់​ដល់​សុខុមាលភាពប្រជាជនស៊ីវិល បានបង្ហាញយ៉ាងច្បាស់ក្នុងការប្រើប្រាស់ដោយថៃ​បាន​ប្រើ​​ប្រាស់​គ្រាប់កាំភ្លើងផ្លោង​ដែលមានផ្ទុកដោយ ឧស្ម័នពុលមកលើភូមិប្រជាជនដែលគេកំពុងតែ​រស់នៅយ៉ាងសុខសាន្ត ៕

អង្គ​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​​រហ័ស​នៃ​ទី​ស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី​