ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែមករានេះ ក្រសួងការបរទេស បានផ្សព្វផ្សាយពីប្រកាសរបស់ការិយាល័យអ្នកនាំពាក្យ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានឆ្លើយតបនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “ចាប់ខ្លួនលោក ថាច់ សេដ្ឋា៖ ទូតអាមេរិកជំរុញអាជ្ញាធរឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ” ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងអត្ថបទនេះ ការិយាល័យអ្នកនាំពាក្យ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា៖
១. មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។
២. លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់មកជាមួយនឹងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ។ ការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំឱ្យមានផលវិបាកតាមផ្លូវច្បាប់។ ករណីនៃការសម្រុកចូលអគារសភាក្នុងទីក្រុងវ៉ាស៊ីនតោន និងកុបកម្មដែលបំផ្លាញវិមានប្រធានាធិបតី និងសភាក្នុងទីក្រុងប្រេស៊ីលៀ ដែលបាននាំឱ្យមានការផ្តន្ទាទោសតាមផ្លូវច្បាប់ គឺជាឧទាហរណ៍នៃផលវិបាកទាំងនេះ៕
ចែករំលែកព័តមាននេះ