ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មានភ្ញៀវ​ជាតិ​-អន្តរ​ជាតិ​ជាង​១សែន​នាក់​ទស្សនា​ប្រាង្គ​ប្រាសាទ​និង​រមណីយដ្ឋាន

13 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​បាន​អះអាង​ថា ក្នុង​រយៈពេល​៣​ថ្ងៃនៃពិធី​បុណ្យចូលឆ្នាំ​ប្រពៃ​ណី​ជាតិ​មាន​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរជាតិ​ប្រមាណ​ជាង១សែននាក់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ដ និង​រមណីយដ្ឋាន​ធម្ម​ជាតិ​នានាក្នុង​ខេត្ដសៀម​រាប គឺ​មានការ​កើនឡើងបន្ដិច​បន្ដួច​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ

ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​បាន​អះអាង​ថា ក្នុង​រយៈពេល​៣​ថ្ងៃនៃពិធី​បុណ្យចូលឆ្នាំ​ប្រពៃ​ណី​ជាតិ​មាន​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរជាតិ​ប្រមាណ​ជាង១សែននាក់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ដ និង​រមណីយដ្ឋាន​ធម្ម​ជាតិ​នានាក្នុង​ខេត្ដសៀម​រាប គឺ​មានការ​កើនឡើងបន្ដិច​បន្ដួច​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ ប៉ុន្ដែ​ករណី​ស្ទះចរាចរណ៍ និង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​បាន​ថយ​ចុះ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដសៀមរាប លោកង៉ូ​វ សេង​កាក់ ​ប្រាប់​ថា នៅ​ក្នុង​រយៈពេល ៣ថ្ងៃ​នៃពិធី​បុណ្យចូល​ឆ្នាំ​ខ្មែរ​​មាន​ភ្ញៀវ​ទេស​ចរ​ជាតិ​-​អន្ដរជាតិចំនួន១១៨.​១៤៤នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិមាន​ចំនួន១០៨.៣២៥ គឺ​មាន​ការ​កើនឡើង​ត្រឹមតែ២%ប៉ុណ្ណោះ ​បើ​ប្រៀប​ទៅ​នឹង​រយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំទៅ​មិញ ដែល​មាន​ចំនួន១០៦.៧៤៥នាក់ ។ ភ្ញៀវ​ទាំងនោះ​បាន​ចូល​មក​ខេត្ដសៀម​រាប​តាមផ្លូវ​បី​សំខាន់​ៗ រួម​មាន​ផ្លូវ​អន្លង់​វែងភ្នំពេញ និងប៉ោយ​ប៉ែ​ត ។ ដោយឡែក​សម្រាប់ភ្ញៀវ​ទេសចរ​អន្ដរជាតិ វិញ​មាន​ចំនួន៩.៨១៩នាក់ គឺ​មានការ​កើនឡើង ២១.៨០% បើ​ប្រៀប​ទៅ​នឹង​រយៈពេល៣ថ្ងៃ​ដូច​គ្នា​កាលពី​ឆ្នាំទៅ​មិញ​ដែល​មាន​ចំនួន៦៩១៦ នាក់ ហើយ​ភ្ញៀវ​ទាំងនោះ​ចូល​តាម​ផ្លូវគោក ចំនួន៣៨២០នាក់ តាម​ផ្លូវទឹក «បឹង​ទន្លេសាប» ៤១​នាក់​ និងជើង​អាកាសចំនួន៥.៩៥៨នាក់ ។

លោក​ង៉ូ​វ សេង​កាក់ ​បន្ថែម​ទៀត​ថា​ភ្ញៀវ​​ទេសចរ​ជាតិ​-​អន្ដរជាតិទាំងនោះ​ភាគច្រើន​​ធ្វើ​ដំណើរ​មក​កាន់​ខេត្ដសៀមរាប​​ក្នុង​បំណង​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ដដែលជា​រតនសម្បត្ដិ​​មាន​តំលៃ​មហាសាល​របស់​ជាតិខ្មែរ និង​ជា​បេតិក​ភណ្ឌ​ពិភពលោក ប៉ុន្ដែ​ទន្ទឹម​នោះ​ពួក​គេ​ក៏​ទៅ​មើល​ផង​ដែរ រ​មណីយ​ដ្ឋា​ន​វប្ប​ធ​ម៌ធម្មជាតិមួយ​ចំនួន​ទៀតដូច​ជារមណី​យ​ដ្ឋា​ន​ភ្នំ​គូ​លែន រ​ម​ណីយ​ដ្ឋា​ន​តំបន់​មាត់បឹង ទន្លេ​សាប​ចុង​ឃ្នៀស រម​ណីយ​ដ្ឋា​ន​បារាយណ៍​ទឹកថ្លា និងប្រាសាទ​បាគង​។

លោកម៉ី ម៉ា​រា​ឌី អគ្គ​នាយក​រង​អាជ្ញាធរ​អប្ស​រា​ នាយកដ្ឋាន​អភិ​វ​ឌ្ឍន៍​ទេស​ចរណ៍​អង្គរ​​បាន​ថ្លែង​ថា ​មន្ដ្រី​របស់​លោក​នៅ​មិន​ទាន់​បាន​បូក​សរុប​ចំនួន​ភ្ញៀវ​ទេសចរចូល​ទស្សនា​​ក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ​នៅឡើយ​ទេ ដូច្នេះ​នៅ​មិន​ទាន់​ដឹង​ពិត​ប្រាកដ​ពី​ចំនួន​ភ្ញៀវ​​ទេ ក៏ប៉ុន្ដែ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោក​ឃើញ​ថា​ ឆ្នាំ​នេះ​មាន​ភ្ញៀវ​ច្រើន​ជាង​ឆ្នាំទៅ​មិញ ហើយសណ្ដាប់ធ្នាប់​ចរា​ចរណ៍​ក៏​ប្រសើ​រ​ជាង​ឆ្នាំ​មុន​ដែរ ​ពុំ​មានការ​ស្ទះ​ដូច​មុន​ទេ​។

នៅ​វេលាម៉ោង១ និង១៥នាទី​ថ្ងៃ​ទី១៤ មេ​សា ឆ្នាំ​២០១១ ​ត្រូវ​នឹង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ដំបូងគ្រប់ផ្ទះ រួម​ទាំង​ផ្ទះសំណាក់ ស​ណា្ឋ​គារ និង​ភោ​ជនី​យ​ដ្ឋា​ន​នានានៅ​ក្នុង​ក្រុង​ទាំងមូលបាន​រៀប​ផ្លែ​ឈើ​គ្រប់​មុខ និ​ង​ផ្កា​ភ្ញី ទៀន​ធូប និង​ភ្លើង​ចំរុះ​​ព​ណ៌ ដើម្បី​​ទទួល​​ទេវតា​​ឆ្នាំ​ថ្មី ។ ទន្ទឹម​នោះ​ ​ក៏​មានកម្ម​វិធី​លេងល្បែង​ប្រជាប្រិយ​ទៅ​តាម​ប្រពៃ​ណី​ដូនតាផង​ដែរ ។ នៅ​ពេល​រាត្រី​សំឡេងកាំ​ជ្រួចបាន​បន្លឺឡើងជា​មួយពន្លឺ​រស្មី​យ៉ាង​ចិ​ញ្ចែ​ង​​ចិញ្ចាចលើ​ផ្ទៃ​អាកាស ។ នៅ​ថ្ងៃជា​បន្ដ​បន្ទាប់​​នៅ​តាម​ដង​វិ​ថី​នានា​នៅ​ក្នុងក្រុង និង​ផ្លូវ​ឆ្ពោះទៅ​កាន់​រមណីយ​ដ្ឋា​នវប្ប​ធ​ម៌​ប្រវត្ដិសាស្ដ្រ​អង្គរ និងរ​មណី​យ​ដ្ឋា​ន​តំបន់​មាត់បឹង​ទន្លេ​សាប​ចុង​ឃ្នៀស រមណីយ​ដ្ឋាន​ភ្នំ​គូលែន និង​ផ្លូវ​ទៅ​កាន់​បារាយណ៍​ទឹកថ្លា​ ម៉ូតូ​ និងរ៉ឺម៉ក​កង​​បី ព្រម​ទាំង​រថយន្ដ​តូច​ធំ​គ្រប់​ប្រភេទ​ច្រើន​កុះករ​នាំ​ភ្ញៀវ​ទេសចរទៅ​កាន់​ទីកន្លែង​កំសាន្ដ តាម​ការ​គ្រោង​ទុក​របស់​ពួក​គេ​។

​ក្រុម​មន្ដ្រី​​អះអាង​ថា​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​ ជា​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ហាក់ដូចជា​ល្អ​ប្រសើ​រជាង​ឆ្នាំ​មុន ។ ​លោក​ង៉ូ​វ សេង​កាក់ ប្រាប់ថា បើ​យោង​តាម​ព័ត៌​មាន​ទទួល​បាន​ពីលោកស្នងការ​រង​នគរបាល​ខេត្ដ​ទទួល​បន្ទុក​សណ្ដាប់​​ធ្នាក់​ថា​ ​ក្នុង​រយៈពេល​បី​ថ្ងៃនៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​មាន​អ្នក​​ស្លាប់​បាត់បង់​ជីវិត​តែ​៣នាក់ប៉ុណ្ណោះ នៅ​ទូ​ទាំង​ខេត្ដ ក្នុង​នោះ​ម្នាក់​ជា​កុមារ ដោយសា​រលង់ទឹក​នៅ​បារាយណ៍ កាលពី​ថ្ងៃ​ទី១៥ មេសា និង​២នាក់​ទៀត​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរាចរណ៍ម៉ូតូ បុកម៉ូតូ ។ ក្រៅពី​នោះ នៅ​មាន​អ្នករបួស​ធ្ងន់ចំនួន៩នាក់ និង​ស្រាល៤នាក់​៕