ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ស្វែងរក​អន្តរាគមន៍​ពី​ព្រះ​មហា​ក្ស​ត្រ កុំ​ឲ្យ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​សីហ​មុនី សូម​ព្រះ​អង្គ​កុំ​ឲ្យ​ឡាយ​ព្រះ​ហស​ត្ថ​លេខា​លើ​​

រាជធានី​ភ្នំពេញ​៖ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​សីហ​មុនី សូម​ព្រះ​អង្គ​កុំ​ឲ្យ​ឡាយ​ព្រះ​ហស​ត្ថ​លេខា​លើ​​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណ​ប្ស​នយោបាយ បន្ទាប់​ពី​ព្រឹទ្ធសភា និង​អនុ​រដ្ឋសភា​អនុម័ត​កាលពី​ពេល​​ថ្មី​ៗ​នេះ ។​

យោង​តាម​លិខិត​ដែល​កោះសន្តិភាព​ទទួល​បាន​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ដែល​បាន​​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ បាន​អះអាង​ថា​ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ មិន​បាន​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នោះ​សេចក្តី​ស្នើ​ច្បាប់​នេះ មាន​ច​រិ​ក​​នយោបាយ គាបសង្កត់​លើ​សិទ្ធិ​បុ​គ្ក​ល បំបែកបំបាក់​ជាតិ និង​គាបសង្កត់​មក​លើក​គណបក្ស​នយោបាយ​ក្នុង​ន័យ​កម្ចាត់កម្ចាយ​ខ្មែរ​គ្នា​ឯង និង​គាបសង្កត់​គូ​ប្រជែង​នយោបាយ​តែ​ប៉ុណ្ណោះ ហើយ​អាច​បណ្តាល​ឲ្យ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុន​មិន​សេរី​ និង​យុត្តិធម៌​។​

លិខិត​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បញ្ជាក់​ថា​៖ «សេចក្តី​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​​គណបក្ស​នយោបាយ​នេះ បាន​ដើរ​ផ្ទុយ​ពី​ព្រះរាជ​បំណង​របស់​អតីត​ព្រះ​មហាក្សត្រ​ព្រះករុណា​ព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​បិតា​ឯករាជ្យ បង្រួបបង្រួម​ជាតិ  ដែល​ចង់​ឲ្យ​បង្រួប​ង្រួ​ម​គ្នា ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ ពិសេស​ព្រះ​រាជ​បន្ធូ​ល​ព្រះ​អង្គ «​ខ្មែរ​រួម​គ្នា ទើប​ខ្មែរ​ខ្លាំង​»​។ មិនតែប៉ុណ្ណោះ​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​​​រំលោភ​បំពាន​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំ​ពុង​ត្រង់​មាត្រា ៣៥ វាក្យខណ្ឌ​ទី​១ ចែង​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវិត​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ​»​។​

ទោះបីជា​មានការ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​យ៉ាងណា​ក្តី​អ្នក​សិក្សា​ស្រាវជ្រាវ​នាំ​គ្នា​លើក​ឡើង​ថា ​ព្រះមហាក្សត្រ​មិន​អាច​ជូ​យ​បាន​ទេ​។​

លោក​ សុខ ទូច អនុប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា បាន​លើក​ឡើង​ក្នុង​វេទិការ​តុមូល​កាលពី​ថ្ងៃ​ទី​១៩ កក្កដា​ ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មក​ពិភាក្សា​បាន​កត់​សំគាល់ថា ព្រះមហាក្សត្រ​នឹង​មិន​អាច​ជួយ​គណបក្សប្រឆាំង​បាន​ទេ​។ លោក​បាន​លើក​ឧទាហរណ៍​នា​ពេល​កន្លង​មក​ថា នៅ​ពេល​ព្រះមហាក្សត្រ​អវត្តមាន​ពី​ក្នុង​ប្រទេស​នោះ ប្រមុខរដ្ឋ​ស្តីទី ដែល​មាន​ប្រធាន​ព្រឹទ្ធសភា និង​បន្តបន្ទាប់​មក​មាន​ប្រធានរដ្ឋសភា និង​អនុប្រធាន​ជាដើម នឹង​ចុះហត្ថលេខា​ជំនួស​ព្រះ​អង្គ​។​

សូម​ជម្រាប​សេចក្តី​ស្នើ​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​ផ្តួចផ្តើម​ឡើងជា​ថ្មី ដោយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤១​រូប​ហើយ​ត្រូវ​បាន​​រដ្ឋសភា អនុម័ត កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ព្រមទាំង​ត្រូវ​បាន​អនុម័ត​គាំទ្រ​ទាំងស្រុង ដោយ​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ផង​ដែរ​៕