ផ្សែងម៉ាស៊ូតអាចផ្លាស់ប្តូររចនាសម្ព័ន្ធនៃបេះដូង បង្កើនហានិភ័យនៃការស្លាប់ ។ នេះបើតាមការសិក្សារបស់អង់គ្លេសបានរកឃើញ ។
បទបង្ហាញនៅសន្និសីទអន្តរជាតិមួយ ការសិក្សាបានណែនាំថា ការបំពុលខ្យល់គឺមិនមែនគ្រាន់តែមានគ្រោះថ្នាក់ដល់សួតទេ ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Queen Mary ទីក្រុងឡុងដ៍ និងសាកលវិទ្យាល័យ Oxford និយាយថា ពួកគេបានរកឃើញការទាក់ទងជាក់លាក់មួយជាលើកដំបូងរវាងការខូចទ្រង់ទ្រាយនៃបេះដូង និងភាគល្អិតតូចៗដែលបញ្ចេញដោយម៉ាស៊ីនម៉ាស៊ូត ។
ក្រុមនេះបានស្គែនបេះដូងអ្នកស្ម័គ្រចិត្តចំនួន ៤.២៥០នាក់ ដោយប្រើបច្ចេកទេស Magnetic resonance imaging ។ ពួកគេបានរកឃើញថា អ្នកដែលរស់នៅក្នុងតំបន់មានការបំពុលខ្យល់ដោយប្រេងម៉ាស៊ូតខ្ពស់ទំនងជាមានបញ្ហារីកថតបេះដូងផ្នែកខាងឆ្វេង ។
បើសិនថតខាងក្រោមខាងឆ្វេងនេះរីកធំពេក បេះដូងនឹងបាត់បង់សម្ពាធ និងថាមពល។ មានន័យថាវាមិនអាចច្របាច់ឈាមបានច្រើន ដូច្នេះវានឹងបង្កើនហានិភ័យនៃជំងឺគាំងបេះដូង ជំងឺខ្សោយបេះដូង និងការស្លាប់ ។
ក្រុមអ្នកជំនាញបង្ហាញការយល់ដឹងអំពីផលប៉ះពាល់នៃផ្សែងម៉ាស៊ូតលើសុខភាពរបស់មនុស្សកាន់តែខ្លាំង រួមមានទាំងហានិភ័យនៃការកើតជំងឺហឺត ជំងឺវង្វេងវង្វាន់ និងជំងឺមហារីក ៕
ចែករំលែកព័តមាននេះ