ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​កៅស៊ូ​កម្ពុជា​នឹង​ប្រសើរ​ឡើង ក្រោយ​មានការ​បញ្ជា​ទិញ​ពី​ចិន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ចិន ខេត្ត​សាន​ស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ស្ដី​ពី​ការ​ទិញ​កៅស៊ូ​របស់​កម្ពុជា​ប្រមាណ​៣០​ម៉ឺន​តោន ដែល​អាច​នឹង​ចាប់ផ្ដើម​នាំ​ចូល​លើក​ដំបូង​នៅ

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ចិន ខេត្ត​សាន​ស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ស្ដី​ពី​ការ​ទិញ​កៅស៊ូ​របស់​កម្ពុជា​ប្រមាណ​៣០​ម៉ឺន​តោន ដែល​អាច​នឹង​ចាប់ផ្ដើម​នាំ​ចូល​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ ។ នេះ​បើ​តាម​លោក​ឧកញ៉ា ហ្ចា​ក់​គី សែ​ចិន បាន​ឲ្យ​ដឹង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​វិនិយោគ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ។

គំនិត​ផ្ដួចផ្ដើម​នេះ ពិតជា​ត្រូវ​បាន​ស្វាគមន៍ និង​គាំទ្រ​ដោយ​អ្នក​ផលិត​កៅស៊ូ​នៅ​កម្ពុជា ទាំង​ក្រុមហ៊ុន និង​អ្នក​ផលិត​ខ្នាត​តូច ព្រោះ​វា​បាន​រួមចំណែក​ធានា​ការ​លក់​នៅ​ឆ្នាំ​ក្រោយ និង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កៅស៊ូ​កម្ពុជា កាន់តែ​ប្រសើរ​ឡើង​។ ថ្វីបើ​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រួច តែ​យ៉ាងណា អ្នក​ផលិត​កៅស៊ូ​កម្ពុ​ជាមួយ​ចំនួន​ពុំ​ទាន់​បានដឹង​នៅឡើយ បើ​ទោះបី​ពួក​គេ​ជា​វិនិយោគិន​កៅស៊ូ​ដ៏​ធំ​ដែល​បាន​ជួល​ដី​ពី​រាជរដ្ឋាភិបាល​ក៏​ដោយ ហើយ​ក៏​មិនដឹង​ថា គោលដៅ​នេះ​នឹង​សម្រេច​បាន​ឬ​យ៉ាងណា​នោះ​ដែរ ខណៈ​ការ​នាំ​ចេញ​កៅស៊ូ​ពេញ​មួយ​ឆ្នាំ​២០១៦​របស់​កម្ពុជា បាន​ត្រឹមតែ​ជាង​១៤​ម៉ឺន​តោន​ប៉ុណ្ណោះ ។

លោក បូ​ដ ចេ​ហ្វ (Jef BOEDT) អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​កៅស៊ូ SOCFIN ជា​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​ប្រមាណ​៧.៥០០​ហិ​កតា ឲ្យ​ដឹង​ថា ៖ « គំនិត​ផ្ដួចផ្ដើម​ឲ្យ​មានការ​ទិញ​កៅស៊ូ​នេះ ពិតជា​មានការ​សាទរ និង​ស្វាគមន៍​ពី​ក្រុមហ៊ុន និង​អ្នក​ផលិត​ខ្នាត​តូច ប៉ុន្តែ​យើង​មិន​ទាន់​ត្រូវ​បាន​ជូនដំណឹង​ដោយ​ផ្ទាល់​ពី​ការ​ចុះហត្ថលេខា​នេះ​នៅឡើយ​ទេ ហើយ​យើង​ក៏​មិនដឹង​ថា គោលបំណង​នឹង​សម្រេច​បែប​ណា​ទេ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​នេះ » ។

បើ​ទោះជា​បរិមាណ​៣០​ម៉ឺន​តោន​ដែល​ចិន​គ្រោង​នាំ​ចូល​នេះ វា​ពិតជា​ចំនួន​ទ្វេ​ដង​ដែល​កម្ពុជា​ផលិត​បាន​កាលពី​ឆ្នាំ​មុន​ក៏​ដោយ ប៉ុន្ដែ​លោក​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​ពិតជា​អាច​ផ្គត់ផ្គង់​បាន ព្រោះ​កៅស៊ូ​ដែល​កម្ពុជា​ដាំ​កាលពី​ឆ្នាំ​២០០៥ និង​២០១៣ ជា​ច្រើន​កន្លែង​នោះ ឥឡូវនេះ​វា​ពេញវ័យ និង​អាច​ជៀរ​ជ័រ​បាន​ពេញលេញ ដែល​ធ្វើ​ឲ្យ​សេណា​រី​យ៉ូ​មួយ​នេះ​អាច​ធ្វើ​ទៅ​បាន ។

ជាមួយ​គ្នា​នេះ​ដែរ លោក​បញ្ជាក់​ថា ៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​ដែល​កំពុង​ប្រតិបត្តិការ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​មាន​កិច្ចព្រមព្រៀង​ជួល​ជាមួយ​រាជរដ្ឋាភិបាល យើង​ទទួល​បាន​សវន​កម្ម​ជា​ច្រើន​ពី​រដ្ឋាភិបាល និង​ចែករំលែក​របាយការណ៍​ប្រចាំខែ​ជាមួយ​ក្រសួងកសិកម្ម ដែល​នេះ​គឺជា​ករណី​មួយ​សម្រាប់​ក្រុមហ៊ុន​ភាគច្រើន​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ។ ដូច្នេះ ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​មាន​ទស្សនវិស័យ​ច្បាស់លាស់​អំពី​ផលិតកម្ម​ដែល​រំពឹង​ទុក​របស់​ប្រទេស មុន​ពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​» ។

បើ​តាម​សម្ដី​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ប្រកាស​ក្នុង​សិក្ខាសាលា​កាលពី​ស​ប្ដា​ហ៍​មុន​ថា កម្ពុជា​រំពឹង​នឹង​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នា​ឆ្នាំ​២០១៨ ។ ក្នុង​នោះ លោក​ថ្លែង​ថា ទីផ្សារ​កៅស៊ូ​អាច​នឹង​ប្រសើរ​ជាង​ឆ្នាំ​មុន ប៉ុន្ដែ​តម្លៃ​អាច​ធ្លាក់​ចុះ​បន្ដិច​រហូត​ដល់​ឆ្នាំ​២០២២ ដោយសារ​ការ​ផ្គត់ផ្គង់​អាច​នឹង​លើស​តម្រូវការ ។

តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៧​នេះ ផ្ទៃដី​ចម្ការ​កៅស៊ូ​សរុប​មាន​ចំនួន​៤៣៣.៨២៧​ហិ​កតា ផលិតផល​ដែល​អនុវត្ត​បាន​ចំនួន​៩២.៣៧៩​តោន និង​នាំ​ចេញ​បាន​៦៥.៥៥៦​តោន ក្នុង​តម្លៃ​ជា​មធ្យម​១.៤៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន ។

ដោយឡែក តម្លៃ​កៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ​វិញ កាលពី​ថ្ងៃ​ទី​១៣ កក្កដា នៅ​សិង្ហ​បុរី តម្លៃ​១.៤៩២​ដុល្លារ​ក្នុង​១​តោន ខណៈ​នៅ​វៀតណាម កាលពី​ថ្ងៃ​ទី​១៤ កក្កដា ក្នុង​១​តោន​តម្លៃ ១.៤៣៦​ដុល្លារ ។ រីឯ​តម្លៃ​ក្នុងស្រុក​វិញ នៅ​ខេត្តមណ្ឌលគិរី សម្រាប់​កៅស៊ូ​សើម ក្នុង​១​តោន​តម្លៃ​៥០០​ដុល្លារ និង​ស្ងួត​៥៤% (DRC 54%) តម្លៃ​១​ពាន់​ដុល្លារ ។ នេះ​បើ​តាម​លោក បូ​ដ ចេ​ហ្វ អគ្គនាយក​ក្រុមហ៊ុន SOCFIN ៕