ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ជប៉ុននឹងចាប់ផ្ដើមបើកជើងហោះហើរត្រង់ឡើងវិញក្នុងពេលឆាប់ៗនេះជំរុញវិស័យទេសចរណ៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​-​ជប៉ុន បាន​ចែករំលែក​យោបល់​គ្នា​ក្នុង​ការ​ជំរុញ​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ឆាប់ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។ ការ​ចែករំលែក​យោបល់​ពី​ការ​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ឡើង​វិញ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​-​ជប៉ុន បាន​ចែករំលែក​យោបល់​គ្នា​ក្នុង​ការ​ជំរុញ​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ឆាប់ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។

ការ​ចែករំលែក​យោបល់​ពី​ការ​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ឡើង​វិញ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា និង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ នា​ទីស្ដីការក្រសួង​។

ក្នុង​ជំនួប​នោះ លោក​រដ្ឋមន្ត្រី និង​លោក​ទូត​ជប៉ុន​បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន និង​បាន​ចែករំលែក​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ទំនាក់ទំនង​ទ្វេភាគី ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​បង្ហាញ​សេចក្តី​រីករាយ​ដែល​កត់សម្គាល់​ឃើញ​ថា មិត្តភាព និង​កិច្ច​សហ​-​ប្រតិបត្តិការ​ពហុ​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​រឹង​មាំ និង​បន្ត​រីក​ចំរើន​ទោះបីជា​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ក្តី ដូចដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ការ​ស្តា​ពាណិជ្ជកម្ម​ឡើង​វិញ​យ៉ាង​រឹង​មាំ​ជិត​ដល់​កម្រិត​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ការ​វិនិយោគ​ដ៏​រឹង​មាំ កិច្ច​សហប្រតិបត្តិការ​យោធា​ដែល​ត្រូវ​បាន​ពង្រឹង និង​ការ​បន្ត​ការ​គាំទ្រ​របស់​ជប៉ុន នៅ​លើ​គ្រប់​វិស័យ​។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ឯកអគ្គរាជទូត​ជប៉ុន​បាន​កត់សម្គាល់​ដោយ​ក្ដី​ពេញចិត្ត​ចំពោះ​ការ​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី​ពី​«​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​» ទៅ​ជា​«​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» នៅ​ក្នុងឆ្នាំនេះ​។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​កោតសរសើរ​ចំពោះ​ការ​ឆ្លើយ​តប​ភ្លាម​ៗ​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​គាំទ្រ​ដល់​គោលដៅ «​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥» របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

ជាង​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ឯកអគ្គរាជទូត​ជប៉ុន​បាន​ពិភាក្សា​អំពី​មធ្យោបាយ​នានា​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​រួម​មាន​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ការ​កសាង​សន្តិភាព ការ​ដោះ​មីន ការ​អភិវឌ្ឍ​ធនធានមនុស្ស សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ វប្បធម៌ ចំណង​រវាង​ប្រជាជន និង​ប្រជាជន និង​ទេសចរណ៍​ជាដើម​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង​ឯកអគ្គរាជទូត UENO Atsushi ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ផង​ដែរ អំពី​កា​រវិ​វត្ត​ក្នុង​តំបន់ និង​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​ឯកអគ្គរាជទូត​បាន​គូសបញ្ជាក់​អំពី​ការ​កោតសរសើរ​របស់​ជប៉ុន​ចំពោះ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ របស់​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​ការ​ជួយ​មី​យ៉ា​ន់​ម៉ា​ឱ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ