ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ឆ្លើយ​តប​នឹង​ការ​រិះគន់​លើ​តម្លៃ​ទំនិញ​កសិផល​ធ្លាក់​ចុះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​កសិផល​ខ្មែរ​គ្មាន​ទីផ្សារ ឬ​លក់​ក្នុង​តម្លៃ​ថោក​កំពុង​តែ​កើត​មាននៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ខណៈ​ដែល​ក្រសួង​ពាក់ព័ន្ធ​ហាក់ដូចជា​ប្រឹងប្រែង​ដាក់​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ដែរ តែ​ពុំ​ទាន់​មាន

រាជធានី​ភ្នំពេញ ៖ បញ្ហា​កសិផល​ខ្មែរ​គ្មាន​ទីផ្សារ ឬ​លក់​ក្នុង​តម្លៃ​ថោក​កំពុង​តែ​កើត​មាននៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ខណៈ​ដែល​ក្រសួង​ពាក់ព័ន្ធ​ហាក់ដូចជា​ប្រឹងប្រែង​ដាក់​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ដែរ តែ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ ហើយ​ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ក្រសួងពាណិជ្ជកម្ម​ថា មិន​បាន​ធ្វើ​អ្វី​ទាល់តែ​សោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ ក្រសួង​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដើម្បី​បង្ហាញ​ពី​ផែនការ យុទ្ធនាការ និង​សកម្មភាព​នានា​ដែល​ក្រសួង​បាន​អនុវត្ត​កន្លង​មក ។

យោង​តាម​សេចក្ដីជូនដំណឹង​នេះ ក្រសួង​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​ចរចា​បើក​ទីផ្សារ ដើម្បី​លក់ទំនិញ​កម្ពុជា ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ដែល​ត្រូវ​បាន​អនុគ្រោះ​ពន្ធ​នាំ​ចូល និង​គ្មាន​កំណត់​កូតា​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា អា​មេ​រិ​ក កា​ណា​ដា សហគមន៍​អឺរ៉ុប ជប៉ុន កូរ៉េ ចិន និង​ទីផ្សារ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់ និង​ពិភពលោក ។

ទន្ទឹម​នឹង​នេះ ក្រសួង​បាន​ជំរុញ​សកម្មភាព​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស តាម​រយៈ​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​អន្តរជាតិ​ជា​ច្រើន​លើក​ក្នុង​១​ឆ្នាំ​ៗ ។ ការ​រៀបចំ​បេសកកម្ម​ពាណិជ្ជ​កម្ម តាម​រយៈ​ការ​ចាត់​បញ្ជូន​ក្រុមហ៊ុន​កម្ពុជា​ទៅ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ពាណិជ្ជករ​បរទេស ។ ការ​រៀបចំ​ជំនួប​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ដោយ​ធ្វើការ​ផ្គូផ្គង​រវាង​អ្នកលក់ និង​អ្នកទិញ​បាន​ជួប​គ្នា​ដើម្បី​ចរចា​ទិញ​លក់​ផលិតផល​ដោយ​ផ្ទាល់ ។ ការ​រៀបចំ​យុទ្ធសាស្ត្រ​ទិញ​ផលិតផល​ខ្មែរ ដើម្បី​ជំរុញ​ចលនា​ឲ្យ​អ្នក​ប្រើប្រាស់​ទូទៅ​ក្នុង​ប្រទេស​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ។ ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល អប់រំ ណែនាំ​ដល់​ផលិតករ ពាណិជ្ជករ​កម្ពុជា​ឲ្យ​មានការ​យល់​ដឹង​ពី​សកម្មភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​រៀបចំ​បែបបទ​សម្រាប់​ធ្វើការ​នាំ​ចេញ ។ ការ​អភិវឌ្ឍ​ផលិតផល​តម្រូវ​តាម​ការ​ចង់បាន​របស់​ទីផ្សារ ដែល​សកម្មភាព​ទាំងនេះ ក្រសួង​បាន​ធ្វើ​ជា​ប្រចាំ​ដើម្បី​ជួយ​ផលិតករ និង​កសិករ​កម្ពុជា​បាន​នាំ​យក​ទំនិញ​របស់​ខ្លួន​ទៅ​ដាក់​លក់​លើ​ទីផ្សារ​ជាដើម ។

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង និង​ទទួល​បាន​លទ្ធផល​យ៉ាងច្រើន​ក៏​ពិតមែន ក៏​ទំនិញ​កសិផល​កម្ពុជា​យើង នៅ​តែ​ប្រឈម​នឹង​ការ​ធ្លាក់​ថ្លៃ និង​ការ​នាំ​ចេញ​មានការ​លំបាក​នៅឡើយ ដែល​បណ្ដាល​មក​ពី​កត្តា​សត្យា​នុ​ម័​តិ និង​អត្តនោម័តិ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​ក្រឹត្យក្រម​តម្លៃ «​បរិមាណ​ផ្គត់ផ្គង់​លើស​តម្រូវការ​» ដូច​ជា ម្រេច ដំឡូង និង​ល្ពៅ ជាដើម ។
២-​តម្លៃ​កសិផល​យើង​មិន​អាច​ប្រកួតប្រជែង​នឹង​កសិផល​បរទេស​បាន ដូច​ជា ដំឡូង និង​ម្រេច ជាដើម ដែល​បណ្ដាល​មក​ពី​ផលិតភាព​នៅ​ទាប ។
៣-​ការ​ចំណាយ​ក្រៅផ្លូវការ​នានា​រហូត​ដល់​ការ​នាំ​ចេញ​នៅ​ខ្ពស់​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង តួយ៉ាង ការ​នាំ​ចេញ​ម្រេច​ក្នុង​១​កុងតឺន័រ​២​ហ្វី​ត ចំណាយ​រហូត​ដល់​៣​ពាន់​ដុល្លារ ដល់​កំពង់​ផែ​ក្រុងព្រះសីហនុ ។

៤-​មិន​ទាន់​ទាញ​យក​ទំនុកចិត្ត​លើ​គុណភាព និង​សុវត្ថិភាព​ពី​អ្នក​នាំ​ចូល និង​អ្នក​ប្រើប្រាស់​នៅឡើយ ដែល​ទាមទារ​ឲ្យ​កសិករ​កម្ពុជា ត្រូវ​ខិតខំ​ដោយ​ខ្លួនឯង​ក្នុង​ការ​ផលិត ថែទាំ និង​អភិវឌ្ឍន៍ ។

៥-​ទម្លាប់​នៃ​ការ​ដាំ​ដុះ​ផលដំណាំ​របស់​កសិក​កម្ពុជា គឺ​ធ្វើ​តាម​គ្នា មាន​ន័យ​ថា ឃើញ​គេ​ដាំ​នេះ​បាន កសិករ​ផ្សេង​ៗ​ទៀត​នាំ​គ្នា​សម្រុក​ដាំ​ត​ៗ​គ្នា ដោយ​មិន​បាន​គិត​ពី​ទំហំ​ទីផ្សារ​ជា​មុន​…​។​ល​។
ដើម្បី​ជម្នះ​បាន​នូវ​កត្ដា​សត្យា​នុ​ម័​តិ និង​អត្តនោម័តិ​មួយ​ចំនួន​ខាងលើ ក្រសួងពាណិជ្ជកម្មបាន​និង​កំពុង​ខិតខំ​ជំរុញ និង​អនុវត្ត​កិច្ចការ​នេះ​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​ជាក់ស្ដែង​មួយ​ចំនួន​ដូច​ខាងក្រោម ដោយ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ៖

១-​ផលិតករ​ត្រូវ​ចេះ​ស្រាវជ្រាវ​អំពី​ចំណុចខ្លាំង និង​ខ្សោយ​ក្នុង​ផលិតកម្ម និង​ការ​នាំ​ចេញ ពិសេស រចនាសម្ព័ន្ធ​តម្លៃ​របស់​កសិផល​មួយ​មុខ​ៗ​។ ជាក់ស្ដែង ដើម្បី​ចូលរួម​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​នាំ​ចេញ និង​កាត់​បន្ថយ​ចំណាយ​ក្រៅផ្លូវការ ។

២-​ត្រូវ​ចេះ​កសាង​ទំនុកចិត្ត​អំពី​គុណភាព និង​សុវត្ថិភាព​ពី​អ្នក​នាំ​ចូល និង​អ្នក​ប្រើប្រាស់ តាម​រយៈ​ការ​ផលិត​ទំនិញ​មាន​ស្ដង់ដា ការ​ប្រើប្រាស់​ម៉ាក ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ម៉ាក​សមូហភាព និង​ម៉ាក​វិញ្ញត្តិកម្ម ដើម្បី​ឲ្យ​មានការ​បញ្ជាក់​អំពី​គុណភាព​ពី​អង្គភាព​ត្រួតពិនិត្យ​គុណភាព​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជាដើម ដូច​ជា ករណី «​ម្រេច​កំពត​» ជាដើម ។

៣-​ណែនាំ និង​ផ្សព្វផ្សាយ​កសិករ​កម្ពុជា កុំ​ឲ្យ​បន្ដ​ទម្លាប់​នៃ​ការ​ដាំ​ដុះ​ដំណាំ​តាម​គ្នា ដោយ​មិន​បាន​គិត​ពី​ទំហំ​ទីផ្សារ​ជា​មុន ។ ត្រូវ​យល់​ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​នីមួយ​ៗ​ឲ្យ​ច្បាស់ មុន​នឹង​ចំណាយ​ទុន​ផលិត​ទំនិញ​អ្វីមួយ ៕