ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​ខ្នាត​មធ្យម​កំពុង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង ខណៈ​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង បាន​ធ្វើ​ឲ្យ​អ្នក​ដើរ​ផ្សារ​មាន​និន្នាការ​ផ្លាស់​ប្តូរ​ជា​បន្តបន្ទាប់ និង​ងាក​ទៅ​រក​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ធម្មតា ឬ​ហៅ​ថា

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង បាន​ធ្វើ​ឲ្យ​អ្នក​ដើរ​ផ្សារ​មាន​និន្នាការ​ផ្លាស់​ប្តូរ​ជា​បន្តបន្ទាប់ និង​ងាក​ទៅ​រក​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ធម្មតា ឬ​ហៅ​ថា Shopping Mall នានា​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង និង​កំពុង​រង​ផល​ប៉ះពាល់ ។

ការ​ផ្លាស់​ប្តូរ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ដោយសារ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មានការ​រៀបចំ និង​ចាត់ចែង​ល្អ​ជាង សូ​ម្បី​តែ​ចំណត​ម៉ូតូ និង​រថយន្ដ ក៏​មាន​ស្ដង់ដា​ដែរ ។ ចំណែក​នៅ​ក្នុង​ផ្សារ​វិញ ជាន់​នីមួយ​ៗ​មាន​លក់​ផលិតផល​សម្បូរ​បែប មាន​អាហារ​ដ្ឋា​ន កន្លែង​កម្សាន្ដ​ប្រកបដោយ​សោភ័ណ​ភាព និង​អនាម័យ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អ្នក​ដើរ​ផ្សារ​យល់​ថា មាន​ផាសុកភាព និង​សេចក្ដី​ថ្លៃថ្នូរ ។ កត្តា​មួយ​ចំនួន​ទៀត​ដូច​ជា កំណើន​ប្រជាសាស្ត្រ កំណើន​ប្រាក់​ចំណូល និង​លក្ខខណ្ឌ​នៃ​ការ​ទិញ​ទំនិញ​កាន់តែ​ងាយស្រួល ក៏​ជា​បច្ច័យ​ជំរុញ​ឲ្យ​ពលរដ្ឋ​ងាក​មក​រក​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ​ដែរ ។

បើ​តាម​អាជីវករ​លក់​សម្លៀក​បំពាក់​នៅ​ផ្សារ​ទំនើប​សូ​រិ​យា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា ពេល​ផ្សារ​ទំនើប​សូ​រិ​យា​បើក​ដំណើរការ​ដំបូង ការ​លក់ដូរ​របស់​អាជីវករ​ម្នាក់​ៗ​មាន​ភាពល្អ​ប្រសើរ ប៉ុន្តែ​ក្រោយមក​បន្ទាប់​ពី​មាន​វត្តមាន​ផ្សារ​ទំនើប​អុ​ី​អន​បើក​ភ្លាម ភ្ញៀវ​នៅ​ទី​នេះ​ធា្ល​ក់​ចុះ​ប្រហែលជា​៥០% ហើយ​ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​អតិថិជន​បង្វែរ​ការ​ទិញ​ទំនិញ​ទៅ​ផ្សារ​អីុ​អន​អស់។

លោក​បន្ដ​ថា ៖ « ដោយសារ​ខ្ញុំ​ចង់​ដឹង ខ្ញុំ​ក៏​បាន​ទៅ​ផ្សារ​ទំនើប​អុ​ី​អន ស្រាប់តែ​ឃើញ​អតិថិជន​ដែល​ធ្លាប់តែ​ដើរ​ទិញ​អីវ៉ាន់ កំពុង​ដើរ​នៅ​ទីនោះ​មែន តែ​ត្រង់​ថា ពួក​គេ​ទិញ​ទំនិញ​ឬ​មិន​ទិញ ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ » ។

ចំណែក​ផ្សារ​ទំនើប​សូ​រិ​យា ក៏​កំពុង​តែ​រៀបចំ​កែ​លម្អ​ឡើង​វិញ​ដែរ ធ្វើ​យ៉ាងណា​ដើម្បី​ទាក់ទាញ​អតិថិជន​មក​វិញ ហើយ​លោក​រំពឹង​ថា  នៅ​ពេល​ផ្សារ​នេះ​បើក​ដំណើរការ​ឡើង​វិញ យ៉ាង​ហោច​ណាស់ ក៏​ទាក់ទាញ​ភ្ញៀវ​បាន​៧០%​ដែរ ព្រោះ​ផ្សារ​នេះ​គេ​ធ្លាប់​ស្គាល់​ហើយ គេ​មិន​បោះបង់​ទេ ប៉ុន្ដែ​លុះត្រាតែ​មានការ​រៀបចំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង បើ​ពុំនោះ​ទេ កុំ​ថា​ឡើយ​ផ្សារ​នេះ​ស្ថិត​នៅ​ចំ​កណ្ដាល​ទីប្រជុំជន អតិថិជន​នឹង​ងាក​ទៅ​រក​ផ្សារ​ទំនើប​ដែល​មាន​ស្ដង់ដា​មិន​ខាន ។

ស្រប​នឹង​ការ​លើក​ឡើង​របស់​អាជីវករ​ផ្សារ​ទំនើប​សូ​រិ​យា អាជីវករ​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​ទំនើប​សុ​វ​ណ្ណា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា បានឱ្យ​ដឹង​ថា ឥឡូវនេះ​ស្ងាត់​ភ្ញៀវ​ណាស់ លក់​អត់​ដាច់​ទេ ជួនកាល​៥​ថ្ងៃ​មិន​ទាន់​មាន​អ្នក​កៅឆាយ​មួយ​ផង ។ អ្នកស្រី​ថា ៖ « ពេល​ខ្លះ ខ្ញុំ​មិន​សប្បាយចិត្ត​សោះ​ទៅ​នឹង​ពាក្យ​គេ​ថា សេដ្ឋកិច្ច​ឡើង​ៗ តែ​អាជីវករ​លក់​មិន​ដាច់​ផង រកតែ​លុយ​បង់ថ្លៃ​តូប​ស្ទើរ​មិន​បាន » ។

អ្នកស្រី​បន្ត​ថា ៖ « ផ្សារ​ទំនើប​សុ​វ​ណ្ណា​នេះ កាលពី​បើក​ដំបូង អាចរ​ស់បាន​រាង​គ្រាន់ តែ​ក្រោយមក​ចេះ​តែ​ធា្ល​ក់​ទៅ​ៗ មាន​អាជីវករ​មួយ​ចំនួន​បាន​ផ្អាក​អាជីវកម្ម​ហើយ ។ ចំណែក​ខ្ញុំ​គ្រោង​នឹង​បិទ​ចោល​ដែរ តែ​ខាង​ផ្សារ​គេ​បញ្ចុះតម្លៃ​ឱ្យ​ខ្លះ បាន​ចេះ​តែ​ត្រដរ​ទៅ ដើម្បី​ឱ្យ​កូន​មាន​មុខរបរ​រកស៊ី​ឯករាជ្យ​មួយ វា​ប្រសើរ​ជាង​ទៅ​ធ្វើការ​ឲ្យ​គេ » ។

អ្នកស្រី ស៊ី​ន កូ​លាប ជា​អតិថិជន​របស់​ផ្សារ​ទំនើប​អីុ​អន ឱ្យ​ដឹង​ថា ៖ « តាំងពី​ផ្សារ​នេះ​បើក​ដំណើរការ​មក នៅ​ពេល​ត្រូវការ​ទិញ​សម្ភារ​ផ្សេង​ៗ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ ខ្ញុំ​តែង​មក​ទិញ​នៅ​ទី​នេះ ដោយសារ​តែ​មាន​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ បរិវេណ​ក្នុង​ផ្សារ​ត្រជាក់ មាន​ផាសុកភាព និង​អនាម័យ​ខ្ពស់ មើលទៅ​ស្រឡះ​មុខមាត់ ហើយ​ចង់​ញ៉ាំ​អ្វី ក៏​មាន​ភាព​ងាយស្រួល​ដែរ ។ ជាក់ស្តែង ខ្ញុំ​មក​ថ្ងៃនេះ ត្រូវការ​ទិញ ដូច​ជា សាប៊ូ​, មី​, ទឹក​ស៊ី​អីុវ និង​គ្រឿងទេស ប្រើប្រាស់​ផ្សេង​ទៀត​សម្រាប់​បំពេញតម្រូវការ​ក្រុម​គ្រួសារ » ។

អ្នកស្រី​ថា កាលពីមុន​មិន​ទាន់​មាន​ផ្សារ​ទំនើប​អីុ​អន​នេះ អ្នកស្រី​តែងតែ​ទៅ​ទិញ​នៅ​ផ្សារ​ឡាក់​គី និង​សូ​រិ​យា​ដែរ ប៉ុន្តែ​ក្រោយ​ពី​ផ្សារ​នេះ​បើក​ដំណើរការ​មក អ្នកស្រី​ពុំដែល​ចូល​ផ្សារ​ទាំងនោះ​ទេ គឺ​ចូល​ចិត្ត​តែ​មក​ផ្សារ​អីុ​អន បើ​ទោះបី​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ក៏​ដោយ ។

អ្នកស្រី​បញ្ជាក់​ថា ៖ « ក្នុង​មួយ​ឬ​ពី​រស​ប្តា​ហ៍ ខ្ញុំ​មក​ផ្សារ​ទំនើប​នេះ​ម្តង ដោយ​ក្នុង​ម្តង​ៗ ត្រូវការ​ចំណាយ​មិន​ក្រោម​៧០​ដុល្លារ​នោះ​ទេ​ទៅ​លើ​ការ​ទិញ​សម្ភារ​ប្រើប្រាស់​សម្រាប់​ក្រុម​គ្រួសារ ដូច​ជា សម្លៀក​បំពាក់ ទូរទស្សន៍ និង​ម៉ាស៊ីនបោកខោអាវ ជាដើម » ។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​បឋម​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា ដែល​បាន​បញ្ចប់​កាលពី ពេល​ថ្មី​ៗ​នេះ​រក​ឃើញ​ថា តម្រូវការ​ប្រើប្រាស់​ផ្សារ​ទំនើប បាន​កើនឡើង​ពី​៧៩%​កាលពី​ត្រីមាស​ទី​១​ឆ្នាំ​មុន ដល់​៨២%​នៅ​ដំណាច់ត្រីមាស​ទី​១ ឆ្នាំ​នេះ ៕