ជាតិ » ព័ត៌មាន​​សេដ្ឋកិច្ច

ក្រុម​អ្នក​ចិញ្ចឹម​ទា​មាន​សង្ឃឹម ខណៈ​តម្លៃ​ពង​ទា​លក់​ចេញ​បាន​ឡើងថ្លៃ

ដោយ ៖ សុវណ្ណ ខេមា   

ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២១:១៦   (17-07-2017 21:16)

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​ប្រកប​របរ​ចិញ្ចឹមសត្វ​ទា យក​ពង បាន​សម្តែង​ការ​សប្បាយ​រីករាយ​ខណៈ​តម្លៃ​ពង​ទា បាន​ហក់​ឡើងថ្លៃ​វិញ​បន្តិច ដោយ​ក្នុង​មួយ​គ្រាប់​លក់​បាន​តម្លៃ​ជិត​៥០០​រៀល​នៅ​អំឡុង​ខែកក្កដា​នេះ ដែល​ខុស​ពី​កាល​ខែ​មុន​ៗ បាន​ចុះថោក​ដល់​កម្រិត​២០០​រៀល​ក្នុង​មួយ​គ្រាប់ ហើយ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ចិញ្ចឹម​ទាយក​ពង​លក់​ជួប​ការ​ខាតបង់​ប្រឈម​នឹង​ធ្វើការ​ចំណាកស្រុក​។ ក្រុម​អ្នក​ចិញ្ចឹម​ទា រស់នៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ចាប់​មុខរបរ​ចិញ្ចឹម​ទាយក​ពង​លក់​នេះ​យូ​ឆ្នាំ​ហើយ គឺ​តាំងពី​ឪពុក​ត​ដល់​កូនចៅ ដែល​អាច​ហៅ​បាន​ថា ជា​មុខរបរ​ប្រចាំ​គ្រួសារ​ដែល​អាច​ផ្ដល់​ប្រាក់​ចំណូល​គ្រាន់​ទ្រទ្រង់​ជីវភាព​របស់​ពួក​គាត់​។

ជាមួយ​គ្នា​នេះ​ដែរ ពួក​គាត់​បាន​ជួប​ការ​ខាតបង់​យ៉ាង​ខ្លាំង​នៅ​ក្នុង​មុខរបរ​ប្រចាំ​គ្រួសារ​មួយ​នេះ កាលពី​អំឡុង​ខែមេសា ដល់​ខែមិថុនា​កន្លង​ទៅ ដោយសារ​តែ​តម្លៃ​ពង​ទា​បាន​ធ្លាក់​ថ្លៃ​គឺ​ពី​មួយ​គ្រាប់​៥៥០​រៀល មក​នៅ​ត្រឹម​២០០​ទៅ​២៥០​រៀល ខណៈ​ចំណី​សម្រាប់​ឲ្យ​ទា​ស៊ី​នៅ​រក្សា​តម្លៃ​ដដែល​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ពង​ទា​បើ​រក្សា​តម្លៃ​មួយ​គ្រាប់​៤០០​រៀល​ទៅ​៥៥០​រៀល​ទើប​អ្នក​ចិញ្ចឹម​ចំណេញ​ព្រោះ​ចំណាយ​ច្រើន​ក្នុង​ការ​ថែទាំ ឬ​អាហារ​បំប៉ន​។ ក្នុង​នោះ​ប្រ​សិន​ចិញ្ចឹម​ទា​២០០០​ក្បាល​ក្នុង​មួយ​យប់​ពង​បាន​ចាប់ពី​១៥០០​ទៅ​១៩០០​ពង ដោយ​ប្រើ​ចំណី​អស់​ជា​មធ្យម​១០​បាវ​ក្នុង​មួយ​ថ្ងៃ​ដែល​ក្នុង​មួយ​បាវ​តម្លៃ​៥២០០០​រៀល គិត​ជា​ប្រាក់​ចំណេញ​បាន​មួយ​ថ្ងៃ​១០០ ០០០​រៀល បើ​អ្នក​ចិញ្ចឹម​ទា​ច្រើន​ឬ​តិច​គឺ​ស៊ីចំណេញ​ទៅ​តាម​នឹង​ដែរ​។

ដោយឡែក​អ្នក​ដែល​ឃ្វាល​ទា​ទៅ​តាម​បឹង ឬ​ស្រែ​ដើម្បី​ស៊ី​ខ្ចៅខ្យង​វិញ​គឺ​មិនសូវ​ចុះ​ចំណី​ទេ យ៉ាងច្រើន​ស៊ី​ចំណី​អស់​៤​ទៅ​៥​បាវ​សម្រាប់​ទា​ជាង​២០០០​ក្បាល​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​សម្បូរ​ដំណាំ​គេ​ពិបាក​ក្នុង​ការ​ឃ្វាល​ទា​ណាស់​ទើប​អ្នក​ចិញ្ចឹម​ទា​ភាគ​ច្រើ​គេ​ឲ្យ​ស៊ី​ចំណី​ដោយ​ធ្វើ​ទ្រង់​ព័ទ្ធ​មិន​ឲ្យ​ចេញ​ក្រៅ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ខែ​ក​កក្កដា​នេះ តម្លៃ​ពង​ទា​បាន​ហក់​ឡើង​វិញ ដែល​ក្នុង​មួយ​គ្រាប់​ឈ្មួញ​បាន​ទិញ​ក្នុង​តម្លៃ​ជិត ៥០០​រៀល ដែល​ធ្វើ​ឱ្យ​ពួក​គាត់​អាច​ចំណេញ​បាន​គួរសម និង​មាន​កម្លាំង​ក្នុង​ការ​បន្ត​មុខរបរ​ប្រចាំ​គ្រួសារ​មួយ​នេះ​បន្ត​ទៅ​មុខ​ទៀត ដោយ​មិនបាច់​ធ្វើការ​ចំណាកស្រុក​នោះ​ទេ​។

ដូច​គ្នា​នេះ​ដែរ​អ្នកស្រី យ​ន ធួន អាយុ​៤៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ជា​អាជីវករ​ទិញ​ពង​ទា​លក់​បន្ត​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ពង​ទា​បាន​ឡើងថ្លៃ​វិញ​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម ក៏​ដូច​ជា​រូប​គាត់​ជា​អ្នក​ទទួល​ទិញ​ពង​ទា​មានការ​ត្រេកអរ​ព្រោះ​រក​ប្រាក់​ចំណេញ​បាន​ច្រើន​។ អ្នកស្រី​បន្ត​ថា​គ្រួសារ​គាត់​ក៏​ជា​អ្នក​ចិញ្ចឹម​ទា​ដែរ មាន​ទាំង​ទា​សាច់ និង​ទា​ពង ពោល​គឺ​គាត់​ចិញ្ចឹម​តាំងពី​តូច​ដល់​អាយុ​៦​ខែ ទើបបាន​ពង ហើយ​រហូត​ដល់​អាយុ​២​ឆ្នាំ​ត្រូវ​លក់​ចេញ​ទៅ​ជា​ប្រភេទ​ទា​សាច់​មួយ​ក្បាល​លក់​បាន​១០ ០០០​រៀល រួច​ចាប់​ថ្មី​មក​ចិញ្ចឹម​បន្ត​។ ក្នុង​នោះ​ទា​អាយុ​៦​ខែ​ពេញវ័យ ត្រូវ​ពង​គឺ​តម្លៃ​មួយ​ក្បាល​ចាប់ពី​១៥០០០​ទៅ​១៨០០០​រៀល​ហើយ​អ្នកខ្លះ​គេ​ទិញ​កូន​ទា​មក​ចិញ្ចឹម​ដល់​ធំ​តែ​ម្ដង​ក៏​មាន​។

ប្រភព​បាន​បញ្ជាក់​ថា នៅ​ស្រុក​ពារាំង​មាន​ពលរដ្ឋ​ច្រើន​គ្រួសារ​ដែល​ប្រកបការងារ​ចិញ្ចឹម​ទា​នេះ​ដោយ​ក្នុង​មួយ​គ្រួសារ​ចិញ្ចឹម​ទា​ចាប់ពី​១០០០​ក្បាល​ដល់​៦០០០​ក្បាល រីឯ​ពង​ទា​ភាគច្រើន​គឺ​យក​ទៅ​លក់​នៅ​ភ្នំពេញ និង​ខ្លះ​ឌុ​ប​រ៉ឺ​ម៉ក​ម៉ូតូ​ដើរ​លក់​តាម​ភូមិ​។ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ពង​ទា​ធ្លាក់​ថ្លៃ​ចុះ កាលពី​ពេល​កន្លង​ទៅ​នោះ គឺ​មក​ពី​មាន​អ្នក​ចិញ្ចឹម​ច្រើន​លើស​តម្រូវការ​ទីផ្សារ ហើយ​ក៏​មិន​មានការ​នាំ​ពង​ទា​ចូល​ពី​វៀតណាម​ទេ​ដែរ​៕