ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាអំបិល​ជា​ផលិតផល​កម្រ​កំពុង​ចាប់អារម្មណ៍​ពី​ទីផ្សារ​ក្រៅ​ស្រុក

6 ឆ្នាំ មុន

រាជធានី​ភ្នំ​​ពេ​ញ ៖ កែប ជា​ខេត្ត​ផលិត​អំបិល​ដ៏​សំខាន់​មួយ​របស់​កម្ពុជា តែ​ផលិតផល​មួយ​នេះ​​កំពុង​ប្រឈម​នឹង​ទីផ្សារ​យ៉ាង​ខ្លាំង ដោយសារ​តែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​អំបិល​នាំ​ចូល ខណៈ​ទិន្នផល​ឆ្នាំ​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក ។ ដោយឡែក

រាជធានី​ភ្នំ​​ពេ​ញ ៖ កែប ជា​ខេត្ត​ផលិត​អំបិល​ដ៏​សំខាន់​មួយ​របស់​កម្ពុជា តែ​ផលិតផល​មួយ​នេះ​​កំពុង​ប្រឈម​នឹង​ទីផ្សារ​យ៉ាង​ខ្លាំង ដោយសារ​តែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​អំបិល​នាំ​ចូល ខណៈ​ទិន្នផល​ឆ្នាំ​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក ។ ដោយឡែក ផ្កាអំបិល​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ពុំ​ស្គាល់ និង​ចាប់អារម្មណ៍​នោះ បច្ចុប្បន្ន​កំពុង​មាន​តម្រូវការ​ពី​ទីផ្សារ​ក្រៅ​ស្រុក ហើយ​សហគមន៍​ផលិត​អំបិល ក៏​គ្រោង​រៀបចំ​ផែនការ​ជំរុញ​ការ​ផលិត​ដើម្បីផ្គត់ផ្គង់​ផង​ដែរ បន្ទាប់​ពី​ដឹង​ថា វា​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព ។

ទីប្រឹក្សា​ទំនាក់ទំនង​នៃ​សហគមន៍​ផលិត​អំបិល​ខេត្តកំពត លោក ប៊ុ​ន យោង ឱ្យ​ដឹង​ថា សម្រាប់​ផលិតផល​ផ្កាអំបិល​ដែល​កសិករ​ផលិត​បាន មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​ទេ​នៅ​ក្នុងស្រុក ប៉ុន្តែ​កន្លង​មក គឺ​បាន​នាំ​ចេញ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដូច​ជា អង់គ្លេស និង​ស្វ៊ី​ស​ជាដើម ។ យ៉ាងណា​ក៏​ដោយ ការ​នាំ​ចេញ​នេះ​មិន​ទាន់​មានឈ្មោះ​ជា​ផ្លូវការ​នៅឡើយ​ទេ គឺ​ភ្ជាប់​ជាមួយ​ម្រេច​ខេត្តកំពត ដែល​ជា​ផលិតផល​ចុះបញ្ជី​រួច​ហើយ​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

លោក​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ផ្កាអំបិល​មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅ​ក្នុងស្រុក​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ស្គាល់ និង​មិន​ទាន់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ផ្កាអំបិល​សម្រាប់​សុខភាព ។ យ៉ាងណា​ក៏​ដោយ សហគមន៍​បាន​និង​កំពុង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ឱ្យ​ជ្រាប​ដល់​ប្រជាពលរដ្ឋ​ខ្មែរ បន្ទាប់​ពី​ប្រទេស​ស្វ៊ី​ស​ស្រាវជ្រាវ​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ផ្កាអំបិល​នេះ ។

លោក​និយាយ​ថា ៖ « កាលពី​ពេល​កន្លង​ទៅ ផ្កាអំបិល​បាន​នាំ​ចេញ​ទៅ​ដល់​ប្រទេស​ស្វ៊ី​ស​ក្នុង​ចំនួន​តិចតួច ហើយ​ក្រោយ​ពី​ប្រទេស​នេះ​ស្រាវជ្រាវ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​ផ្កាអំបិល​រួច​មក គេ​ក៏​បាន​គាំទ្រ និង​ជំរុញ​យើង​ផលិត​ឱ្យ​បាន​ច្រើន ហើយ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ចុះ​មក​ដល់ទី​តាំង និង​ជំរុញ​ឱ្យ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) នៅ​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ ដើម្បី​លើក​ស្ទួយ​ផលិតផល​មួយ​នេះ​នៅ​លើ​ទីផ្សារ​កម្ពុជា ក៏​ដូច​ជាទី​ផ្សារ​អន្តរជាតិ » ។

លោក​លើក​ឡើង​ថា ផ្កាអំបិល​ជា​ផលិតផល​កម្រ និង​មិន​ងាយ​ទទួល​បាន​ទេ​សម្រាប់​អ្នក​ផលិត​អំបិល​ទាំងអស់ លុះត្រាតែ​អាកាសធាតុ​អំណោយផល ក្តៅ និង​មាន​ខ្យល់​ខ្លាំង ។

លោក​ថា ៖ « អំបិល​ធម្មតា​ដុះ​នៅ​លើ​ដី តែ​សម្រាប់​ផ្កាអំបិល វា​ដុះ​នៅ​លើ​ទឹក ។ អីចឹង​ហើយ អ្នក​ផលិត​ត្រូវ​ដង​វា​ចេញពី​ទឹក​យក​ទៅ​ហាល​ឱ្យ​ស្ងួត ទើប​គេ​ហៅ​ថា ផ្កាអំបិល » ។

លោក​បញ្ជាក់​ថា តាម​ពិត​ទៅ ផ្កាអំបិល​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខ​ភាព ទើប​បរទេស​គេ​ចង់បាន និង​ជំរុញ​ឱ្យ​ផលិតករ​កម្ពុជា​ផលិត​ដើម្បី​ទទួលយក ប៉ុន្តែ​ទោះ​យ៉ាងណា ភាព​ល្បីល្បាញ​នៃ​ផលិតផល​នេះ ក៏​មិន​ទាន់​ទូលំទូលាយ គឺ​មាន​តែ​ជន​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​គាត់​ដឹង និង​ចង់បាន​យក​ទៅ​ទទួលទាន ខណៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​មិន​ទាន់​យល់​ដឹង​ស៊ីជម្រៅ​ពី​ផលិតផល​ផ្កាអំបិល ទើប​ពួក​គាត់​មិន​ចាប់អារម្មណ៍ ។

លោក​និយាយ​ថា ៖ « យើង​បាន​ដាក់​តាំង​ផលិតផល​អំបិល និង​ផ្កាអំបិល​នៅ​កន្លែង​តាំង​ពិព័រណ៍​ក្បែរ​សហគមន៍​ផលិត​អំបិល​ដើម្បី​បង្ហាញ និង​លក់​ជូន​អ្នក​ចូល​មក​ទស្សនា ។ ក្នុង​នោះ​មាន​អ្នកដំណើរ​ខ្មែរ និង​ជនបរទេស​មួយ​ចំនួន​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្រោយ​យល់​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា តែ​យ៉ាងណា វា​មិន​ទាន់​ទូលាយ​នោះ​ទេ » ។

លោក ខាត់ សា​មឿ​ន អ្នក​ផលិត​អំបិល​មួយ​រូប​នៅ​ក្នុង​ខេត្តកំពត ក៏​បានឱ្យ​ដឹង​ដែរ​ថា ទិន្ន​ផល​​ផ្កាអំបិល ដែល​លោក​ធ្លាប់​ទទួល​បាន​កន្លង​មក គឺ​ក្នុង​១​ហិ​កតា​បាន​តែ​ប្រមាណ​១​តោន​​ប៉ុណ្ណោះ ក្នុង​ចំណោម​អំបិល​ទាំង​អស់ពី​២០​ទៅ​២៥​តោន ។ ផ្កាអំបិល​នេះ​មិនមែន​កើត​​មាននៅ​គ្រប់​រដូវ​ទេ គឺ​វា​មាន​ផ្កា​នៅ​អំឡុង​ខែមេសា ឬ​ឧសភា ដែល​គេ​ហៅ​ថា ខែ​ចែ​ត្រ​​ក្ដៅ​ខ្លាំង និង​មាន​ខ្យល់​បោកបក់​ផង​ដែរ ។ លោក​និយាយ​ថា​៖ « ផ្កាអំបិល វា​មិន​ចេះ​តែ​មាន​គ្រប់​រដូវ និង​គ្រប់​ស្រែ​នោះ​ទេ ជួនកាល​ក្នុង​មួយ​ស្រែ​ទទួល​បាន​បួនដប់​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​ស្រែ​ខ្លះ​ក៏​អត់​មាន​ដែរ ដូចនេះ វា​អាច​ចាត់​ទុក​ថា ជា​ផលិតផល​កម្រ​មួយ»។

លោក​បន្ត​ថា ទីផ្សារ​ផ្កាអំបិល​ក្នុងស្រុក​មិន​ទាន់​ទូលំទូលាយ​ទេ ដោយសារ​តែ​តម្លៃ​វា​ថ្លៃ​ជាង​អំបិល​ធម្មតា ។ ជាក់ស្ដែង ក្នុង​១​គីឡូក្រាម​ផ្កាអំបិល​មាន​តម្លៃ​៤ ឬ​៥​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ខណៈ​អំបិល​ធម្មតា​មាន​តម្លៃ​ត្រឹមតែ​ជាង​១​ពាន់​រៀល ។ ដូចនេះ នៅ​លើ​ទីផ្សារ ប្រជាពលរដ្ឋ​ច្បាស់​ជា​ទិញ​អំបិល​ធម្មតា​ហើយ ព្រោះ​វា​មាន​តម្លៃ​ទាប​ជាង ។

គួរ​រំឭក​ថា នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ក្រសួងពាណិជ្ជកម្ម​កំពុង​ពិនិត្យ​លទ្ធភាព​ដាក់​ផ្កាអំបិល​ខេត្ត​កែប ទៅ​ជា​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​សម្រាប់​ខេត្ត​កែប ដោយ​សារ​តែ​ខេត្ត​នេះ​ជា​ប្រភព​នៃ​អំបិល​ធម្មជាតិ​មិន​ចេះ​រីងស្ងួត ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ « អំបិល ជា​គូ​នឹង​ម្រេច ដូច្នេះ ចក្ខុវិស័យ​របស់​យើង គឺ​ជួយ​ឲ្យ​ខេត្ត​កែប​មាន​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​មួយ​ដូច​ខេត្តកំពត​ដែរ ហើយ​យើង​កំពុង​សិក្សា​លើ​ផ្កាអំបិល ដោយសារ​តែ​មាន​ប្រទេស​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍​លើ​ផលិតផល​មួយ​នេះ » ។

លោក​ថា ប្រសិនបើ​គោលដៅ​នេះ​បាន​សម្រេច វា​នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ដែល​នឹង​ជួយ​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​ប្រជាពលរដ្ឋ ៕