ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Microsoft គ្រោង​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់ នៅ​ក្នុង​ផ្នែក​ជា​ច្រើន

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​សាជីវកម្ម​បច្ចេកវិទ្យា​អា​មេ​រិ​ក Microsoft គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​សាជីវកម្ម​បច្ចេកវិទ្យា​អា​មេ​រិ​ក Microsoft គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់ នៅ​ក្នុង​ផ្នែក​ជា​ច្រើន ជាមួយនឹង​តួនាទី​មួយ​ចំនួន ដែល​រំពឹង​ថា នឹង​ត្រូវ​លុប​ចោល នៅ​ក្នុង​ផ្នែក​ធនធានមនុស្ស និង​ផ្នែក​វិស្វកម្ម​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣​។

លោក Satya Nadella នាយកប្រតិបត្តិបច្ចុប្បន្នរបស់ក្រុមហ៊ុន Microsoft

ការ​បញ្ឈប់​បុគ្គលិក ដែល​រំពឹង​ទុក​នឹង​ក្លាយជា​សកម្មភាព​ចុង​ក្រោយ​បំផុត​មួយ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក ដែល​ក្រុមហ៊ុន​នានា​រួម​ទាំង Amazon និង Meta Platforms បាន​ប្រកាស​អំពី​ការ​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ធ្លាក់​ចុះ និង​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ពិភពលោក​កាន់តែ​អាក្រក់​។ ខណៈ​ដែល​ការ​ផ្លាស់​ប្តូរ​របស់​ក្រុមហ៊ុន Microsoft អាច​បង្ហាញ​ថា វិស័យ​បច្ចេកវិទ្យា​អាច​បន្ត​កាត់​បន្ថយ​ការងារ​ជា​ច្រើន​បន្ថែម​ទៀត​។

ទូរទស្សន៍ Sky News របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍ ដោយ​ដកស្រង់​ប្រភព​ថា ក្រុមហ៊ុន Microsoft គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក​ប្រហែល ៥% នៃ​កម្លាំង​ការងារ​របស់​ខ្លួន ឬ​ប្រហែល ១១,០០០​តួនាទី​។ បើ​តាម Bloomberg News បាន​រាយការណ៍​ថា ក្រុមហ៊ុន​នេះ នឹង​កាត់​បន្ថយ​ការងារ នៅ​ក្នុង​ផ្នែក​វិស្វកម្ម​មួយ​ចំនួន នៅ​ថ្ងៃ​ទី​១៨ ខែមករា ដែល​ការ​កាត់​បន្ថយ​នេះ នឹង​មាន​ទំហំ​ធំ​ជាង​ជុំ​ផ្សេង​ទៀត កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រភព​ពី Business Insider ក៏​បាន​រាយការណ៍​ថា ក្រុមហ៊ុន Microsoft អាច​កាត់​បន្ថយ​បុគ្គលិក​ចំនួន​មួយ​ភាគ​បី​។

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សារព័ត៌មាន​សិង្ហ​បុរី CNA ក្រុមហ៊ុន Microsoft បាន​និយាយ​ថា ខ្លួន​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​លើ​ពាក្យ​ចចាមអារ៉ាម ឬ​ការ​រំពឹង​ទុក​នោះ​ទេ​។

សូម​ជម្រាប​ថា ក្រុមហ៊ុន Microsoft មាន​បុគ្គលិក​បម្រើ​ការ​ពេញ​ម៉ោង​ចំនួន ២២១,០០០​នាក់ រួម​ទាំង ១២២,០០០​នាក់ នៅ​សហរដ្ឋអាមេរិក និង ៩០,០០០​នាក់ នៅ​ក្រៅប្រទេស គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។

ក្រុមហ៊ុន Microsoft ស្ថិត​នៅ​ក្រោម​សម្ពាធ ដើម្បី​រក្សា​អត្រាកំណើន​នៃ Microsoft Azure ដែល​ជា​វេទិកា​កុំព្យូទ័រ​អ៊ី​ន​ធឺ​ណេ​តរបស់​ខ្លួន (Cloud Computing) បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ជា​ច្រើន​ត្រីមាស នៅ​ក្នុង​ទីផ្សារ​កុំព្យូទ័រ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់ Windows និង​ឧបករណ៍​ដទៃ​ផ្សេង​ទៀត ហើយ​ក៏​ជា​ហេតុ​នាំ​ឱ្យ​មានការ​លុប​ចោល​តួនាទី​ការងារ​មួយ​ចំនួន​តូច កាលពី​ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ