ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៥០​គ្រួសារ ទទួល​បាន​អំណោយ​ពី​សប្បុរសជន

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា នេះ ព្រះ​តេជគុណ ប៉ុ​ល ស៊ិ​ន​សុខ

ខេត្តព្រៃវែង ៖ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា នេះ ព្រះ​តេជគុណ ប៉ុ​ល ស៊ិ​ន​សុខ ចៅអធិការ​វត្ត​សន្សំ​កុសល និង​លោក​ឧកញ៉ា ជឹ​ម សុខ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពាម​រក៍ បាន​រួម​គ្នា​ផ្តល់​ជា​អំណោយ ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ចំនួន​១៥០​គ្រួសារ នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

អំណោយ​ដែល​ចែក​ជូន​នា​ពេល​នោះ ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​១០​គីឡូក្រាម អំបិល​១​កញ្ចប់ ស្ករ​១​កញ្ចប់ តែ​១​កញ្ចប់ ទឹកត្រី​១​ដប និង​ទឹកស៊ីអ៊ីវ​១​ដប ដែល​ឧបត្ថម្ភ​ដោយ​ព្រះ​តេជគុណ ប៉ុ​ល ស៊ិ​ន​សុខ ជាមួយ​គ្នា​នោះ​លោក​ឧកញ៉ា ជឹ​ម សុខ បាន​ឧបត្ថម្ភ​ជា​ថវិកា​បន្ថែម​ពីលើ​ទៀត​ក្នុង​១​គ្រួសារ​១​ម៉ឺន​រៀល សរុប​ទាំង​១៥០​គ្រួសារ​ស្មើនឹង​១​លាន​៥​សែន​រៀល​។ ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧកញ៉ា ជឹ​ម សុខ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួល​បាន​អំណោយ​ទាំងនេះ ពេល​ត្រលប់​ទៅ​វិញ​ត្រូវ​ខិតខំ​ធ្វើការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​បន្ត​ទៅ​ទៀត មិន​ត្រូវ​ខ្ជិលច្រអូស​ដេក​រង​ចាំ​អំណោយ​ទៀត​នោះ​ទេ គឺ​ខ្លួន​យើង​ត្រូវ​តែ​ជួយ​ខ្លួន​យើង គ្មាន​អ្នក​ណា​គេ​មក​ចាំ​ជួយ​យើង​រហូត​នោះ​ទេ​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ពាក់​ព​ន្ធ័​នឹង​ការ​បម្រើសេវា​សាធារណៈ​នៅ​មូលដ្ឋាន បើ​មាន​មន្ត្រី​ណា​ធ្វើការ​យឺតយ៉ាវ ឬ​ទាមទារ​ឲ្យ​បង់ប្រាក់​ខុស​ពី​គោលការណ៍​នៃ​ច្បាប់ បងប្អូន​ប្រជាពលរដ្ឋ​អាច​រាយការណ៍​ទៅ​ក្រុមការងារ ឬ​រូប​លោក​ឧកញ៉ា​ផ្ទាល់ ដើម្បី​ឲ្យ​ថ្នាក់លើ​បានដឹង និង​ចាត់វិធានការ​ចំពោះ​មន្ត្រី​នោះ ក្នុង​ន័យ​ធ្វើ​យ៉ាង​បង្កើន​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​ត្រូវ​តាម​តម្រូវការ ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​អ្វី​ឡើយ​៕