ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​វិស័យ​អចលនទ្រព្យ និង​សំណង់​រយៈពេល​6​ខែ​ឆ្នាំ​ដើម​នេះ កើន​ជាង​27%

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ និង​សំណង់​លំនៅ​ឋាន គឺជា​សសរស្តម្ភ​ស្នូល​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​៤​ដែល​ទ្រ ទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ។ ការ​កើនឡើង​នូវ​គម្រោង​អភិវឌ្ឍន៍​វិស័យ

រាជធានី​ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ និង​សំណង់​លំនៅ​ឋាន គឺជា​សសរស្តម្ភ​ស្នូល​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​៤​ដែល​ទ្រ ទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ។ ការ​កើនឡើង​នូវ​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់​ដែល​វិនិយោគ​ដោយ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក បាន​និង​កំពុង​បង្កើត​ការងារ និង​ផ្ដល់​ចំណូល​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន ហើយ​ក្នុង​នោះ គម្រោង​វិនិយោគទុន​ពី​បរទេស​លើ​វិស័យ​នេះ គឺ​ប្រទេស​ចិន​នាំមុខ​គេ ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិ​ព្ធ​សីហា បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧​នេះ ទាំង​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​រាជធានី​-​ខេត្ត បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១.៥២៣​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​៧.២៨៤.៦៧៥​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​សរុប​៤.៩៤៣.៥២៣.៥១៧ ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​រយៈពេល​៦​ខែ​ឆ្នាំ ២០១៦​វិញ គឺ​មាន​ចំនួន​គម្រោង​១.១៨៣​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​១០.៥១២.២៦១​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ទុន​៣.៨៧៩.០៥៨.៤៨២​ដុល្លារ​អា​មេ​រិ​ក ។ ដូច្នេះ សម្រាប់​ទុន​វិនិយោគ​វិស័យ​សំណង់ និង​លំនៅ​ឋាន​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ គឺ​មាន​កំណើន​២៧,៤៤% ។

មន្ត្រីជាន់ខ្ពស់​រូប​នេះ​បាន​បន្ដ​ថា ក្នុង​ចំណោម​១.៥២៣​គម្រោង ដែល​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​មាន​គម្រោង​មួយ​ចំនួន​ជា​ការ​វិនិយោគ​ផ្ទាល់​របស់​អ្នក​វិនិយោគ​បរទេស ហើយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្តល់​លិខិតអនុញ្ញាត​ជូន​ក្នុង​រយៈពេល​៦​ខែ​នេះ គឺ​មាន​តែ​១៥​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សរុប​៤០៨.៤៥០​ម៉ែត្រការ៉េ និង​ទុន​វិនិយោគ​២២២.៧៨១.៩៧០​ដុល្លារ​អា​មេ​រិ​ក ដែល​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំង​១៥​គម្រោង​នោះ គឺ​ចិន​មាន​ចំនួន​(៨​គម្រោង​) ថៃ ជប៉ុន កូរ៉េ និង​សិង្ហ​បូ​រី​ជាដើម ។ យ៉ាងណា​ក៏​ដោយ មន្ត្រី​រូប​នេះ​បាន​បដិសេធ​មិន​បង្ហាញ​ចំនួន​នៃ​ទុន​វិនិយោគ​របស់​ចិន​លើ​គម្រោង​ចំនួន​៨​នោះ​ទេ តែ​បញ្ជាក់​ថា វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​សំណង់ និង​អចល​ទ្រព្យ គឺ​ចិន​នៅ​លេខ​រៀង​ទី​១ ។

លោក​ថ្លែង​ថា ៖« ពាក់ព័ន្ធ​នឹង​១៥​គម្រោង​ហ្នឹង តាម​ខ្ញុំ​គិត​ទៅ​ឃើញ​ថា ទី​១ ភាគច្រើន​គឺជា​សំណង់​អគារ​ស្នាក់​នៅ​រួម មាន​រោងចក្រ អគារ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក អគារ​ឧស្សាហកម្ម និង​អគារ​ពាណិជ្ជកម្ម »​។

លោក ឡៅ ទិ​ព្ធ​សីហា បាន​បន្ថែម​ថា ក្នុង​ចំណោម​គម្រោង​ទាំង​១.៥២៣​នេះ ភាគច្រើន​ជា​សំណង់​លំនៅ​ឋាន ផ្ទះល្វែង ភូមិ​គ្រឹះ អគារ​ស្នាក់​នៅ​រួម អគារ​សហកម្ម​សិ​ទិ្ធ រួម​ទាំង​សំណង់​លំនៅ​ឋាន​តាម​ទីប្រជុំជន​ដែល​ភាគច្រើន​ជា​សំណង់​ថ្ម​ក្រោម ឈើ​ខាងលើ ។

ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧​នេះ សំណង់​អគារ​ខ្ពស់​ចាប់ពី​៥​ជាន់ឡើង​ទៅ​មាន​ចំនួន​៤៣​អគារ ដែល​ភាគច្រើន​ជា​អគារ​ស្នាក់​នៅ​រួម អគារ​សហកម្មសិទ្ធិ អគារ​ការិយាល័យ និង​អគារ​មុខងារ​ឧបនិស្ស័យ​ខាង​ផ្នែក​ពាណិជ្ជកម្ម ។

ក្នុង​នោះ​ផង​ដែរ សម្រាប់​រយៈពេល​៦​ខែ​ឆ្នាំ​នេះ នៅ​រាជធានី​ភ្នំពេញ មាន​លំនៅ​ឋាន​លក្ខណៈ​ជា​បុរី​ចំនួន​១៤​ទីតាំង ហើយ​ភាគច្រើន​នៃ​គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ដោយ​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​មួយ​ផ្នែក​ទៀត ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​បរទេស ។

យោង​តាម​របាយការណ៍​ក្រសួង​ដែនដី ក៏​បាន​បង្ហាញ​ថា ចាប់ពី​ឆ្នាំ​២០០០​រហូត​ដល់​៦​ខែ​ឆ្នាំ​២០១៧​នេះ ការ​បោះទុន​វិនិយោគ​លើ​វិស័យ​សំណង់ និង​អ​ចនទ្រ​ព្យ គឺ​មាន​ដល់​ទៅ ១៨​ប្រទេស មាន​ចំនួន​៣០៩​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​១៣.៤៦២.០២៣​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សាងសង់ ៤.៦៨៦.៨០៧.១០១​ដុល្លារ​សហរដ្ឋអាមេរិក ។

សម្រាប់​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧ ក្រសួង​ដែនដី​បាន​ចុះបញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​នៅ​មាន​សុពលភាព​ចំនួន​១.០០៦​ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មាន​ចំនួន​៤០ និង​ក្រុមហ៊ុន​សាងសង់​មាន​ចំនួន​៩៦៦ ។ ទន្ទឹម​នឹង​នោះ ក៏​មាន​ក្រុមហ៊ុន​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​ជន​បរទេស​នៅ​មាន​សុពលភាព​ចំនួន ៤០៨​ក្រុមហ៊ុន រូប​វ័​ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​នៅ​មាន​សុពលភាព​ចំនួន​១១៣​រូប ក្នុង​នោះ​ស្ថាបត្យករ​៨០​រូប និង​វិស្វករ​ចំនួន​៣៣​រូប និង​បាន​ចុះបញ្ជី​ស្ថាបត្យករ​នៅ​គណៈ​ស្ថាបត្យករ​កម្ពុជា​ចំនួន​៣៨​រូប​ផង​ដែរ ៕