ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ដូ​ចំនួន​7​ពាន់​យូ​នី​ត​ទៀត នឹង​ដាក់​ចូល​ទីផ្សារ​ក្នុង​ឆ្នាំ​2017​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ផ្គត់ផ្គង់​ខុន​ដូ​បាន​និង​កំពុង​បន្ត​កើនឡើង​នៅ​ក្នុង​ទីផ្សារ​កំពុង​តែ​ងើបឡើង​នេះ ស្រប​ពេល​ខុន​ដូ​ចំនួន​៧​ពាន់​យូ​នី​ត​ទៀត ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ដាក់​ចូល​ទីផ្សារ​នៅ​ដំណាច់ឆ្នាំ​នេះ ។

រាជធានី​ភ្នំពេញ ៖ ការ​ផ្គត់ផ្គង់​ខុន​ដូ​បាន​និង​កំពុង​បន្ត​កើនឡើង​នៅ​ក្នុង​ទីផ្សារ​កំពុង​តែ​ងើបឡើង​នេះ ស្រប​ពេល​ខុន​ដូ​ចំនួន​៧​ពាន់​យូ​នី​ត​ទៀត ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ដាក់​ចូល​ទីផ្សារ​នៅ​ដំណាច់ឆ្នាំ​នេះ ។

នាយិកា​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង​អាន សុធី​តា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ថា តាម​ការ​ព្យាករ​ចំនួន​ខុន​ដូ​ផ្គត់ផ្គង់​ចូល​ទីផ្សារ​នឹង​កើន​ដល់​៧​ពាន់​យូ​នី​ត​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​សរុប​កើន​ដល់​ប្រមាណ​១,២​ម៉ឺន​យូ​នី​ត គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧​នេះ ។ អ្នក​នាង​បន្ត​ថា ការ​លក់​ខុន​ដូ​នៅ​តែ​ដំណើរការ​សម្រាប់​ខុន​ដូ​ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម ប៉ុន្តែ​ខុន​ដូ​ដែល​មាន​តម្លៃ​ថ្លៃ​ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​ធូរធារ​ខ្លាំង​មានការ​លក់​យឺត​បន្តិច ។

អ្នក​នាង​បន្ត​ថា ៖« វា​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ បើ​ទោះជា​មានការ​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្តី ប៉ុន្តែ​ទីផ្សារ​ជាក់ស្តែង​មិន​មាន​បញ្ហា​នោះ​ទេ​» ។ យ៉ាងណា​ក៏​ដោយ អ្នក​នាង​ថា ៖« យើង​ពិតជា​មានការ​លំបាក​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ពី​ការ​លក់ ដោយសារ​គម្រោង​ខុន​ដូ​នីមួយ​ៗ មិន​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​លក់​របស់​ពួក​គេ​នោះ​ទេ » ។

នៅ​ពេល​និយាយ​ពី​ទីផ្សារ​ខុន​ដូ និង​តម្រូវការ លោក​ឧកញ៉ា​សៀ រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​World Bridge Land Group បាន​ថ្លែង​ថា ករណី​លើក​ឡើង​ថា​ទីផ្សារ​ខុន​ដូ​មាន​បញ្ហា​នោះ សម្រាប់​លោក​មើល​មិនឃើញ​ថា​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​វា​នឹង​ជា​បញ្ហា ប្រសិនជា​ម្ចាស់​ខុន​ដូ​សាងសង់​មិន​ផ្តោត​សំខាន់​លើ​ទីតាំង មិន​មាន​ផែនការ និង​ជំនាញ​ច្បាស់លាស់ ។ ម្យ៉ាងទៀត ខុន​ដូ​ដែល​ប្រឈម​នឹង​បញ្ហា​ដោយសារ​តែ​ស្ថិត​នៅ​ទីតាំង​មិន​សម​ស្រប ឬ​មិន​មាន​មូលដ្ឋាន​ទុន​វិនិយោគ​គ្រប់គ្រាន់ ។

លោក​បន្ត​ថា ៖« ខុន​ដូ​របស់ខ្ញុំ​ផ្តោត​សំខាន់​លើ​ទីតាំង គុណភាព​សំណង់ និង​មាន​មូលដ្ឋាន​ទុន​វិនិយោគ​រឹង​មាំ »​។ លោក​បន្ត​ថា ៖«​ខុន​ដូ​របស់ខ្ញុំ​មិនមែន​លក់​ផ្ទះ​តែ​មួយ​មុខ​ទេ តែ​ខ្ញុំ​លក់​Lifestyle សំដៅ​ដល់​គម្រោង​ដែល​មាន​ភាព​ចម្រុះ ផ្តល់​ឲ្យ​អ្នក​ស្នាក់​នៅ​អាច​កម្សាន្ដ មាន​ផាសុកភាព និង​មាន​មូលដ្ឋាន​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ »​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នា​ក់ ងារ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង បាន​ថ្លែង​ថា ការ​ទិញ​ខុន​ដូ​សម្រាប់​វិនិយោគ​មិនសូវ​មាន​ច្រើន​នោះ​ទេ ដោយសារ​មិនសូវ​មាន​ភាព​ចំណេញ និង​ពិបាក​លក់​ចេញ ប៉ុន្តែ​តម្លៃ​ដីធ្លី និង​ផ្ទះ នៅ​តាម​បុរី​នានា​បាន​បន្ត​កើនឡើង និង​មាន​តម្រូវការ​ច្រើន ។ លោក​បន្ត​ថា ការ​វិនិយោគ​ខុន​ដូ​ច្រើន មិន​មាន​បញ្ហា​ក្នុង​ទីផ្សារ​នោះ​ទេ វា​អាស្រ័យ​លើ​ពេលវេលា​ប៉ុណ្ណោះ ។

លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន​ម្ចាស់​គម្រោង​ដែល​រង់ចាំ​យក​ថវិកា​ពី​អ្នកទិញ​មក​សាងសង់ នឹង​ប្រឈម​បញ្ហា ប៉ុន្តែ​ប្រសិនជា​ម្ចាស់​គម្រោង​ដែល​មាន​លុយ​សាងសង់​ពិតប្រាកដ នឹង​ទទួល​បាន​ជោគ​ជ័យ»។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី នគ​រូប​-​នី​យ​កម្ម និង​សំណង់ លោក ឡាវ ទិព្វ​សីហា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​នេះ ទីក្រុង​រណប​បុរី​លំនៅ​ឋាន​ដែល​មាន​លក្ខណៈ​ជា​បុរី​សរុប​ចំនួន​១៤​ទីតាំង និង​អគារ​ខ្ពស់​ចាប់ពី​៥​ជាន់ឡើង​ទៅ​សរុប​ចំនួន​៤៣​អគារ ។

គិត​ពី​ឆ្នាំ​២០០០​ដល់​៦​ខែ​ឆ្នាំ​២០១៧​នេះ ទុន​វិនិយោគ​វិស័យ​ឯកជន​មក​ពី​បរទេស​ចំនួន​១៨​ប្រទេស មាន​ចំនួន​៣០៩​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១៣​លាន​ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សាងសង់​ជាង​៤.៦៨៦​លាន​ដុល្លារ​អា​មេរិ​ក ៕