ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​លំនៅ​ឋាន​កំពុង​មាន​សន្ទុះ ស្រប​ពេល​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្រុក​សាងសង់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​លំនៅ​ឋាន មិន​ត្រឹមតែ​ក្រុមហ៊ុន​ធំ​ៗ​ដែល​មានឈ្មោះ​ល្បី​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​តូច​ៗ និង​មិនសូវ​មានកេរ្តិ៍ឈ្មោះ ក៏​បាន​សម្រុក​វាយលុក​ទីផ្សារ​មួយ​នេះ​ផង​ដែរ ដោយ​បាន​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​លំនៅ​ឋាន មិន​ត្រឹមតែ​ក្រុមហ៊ុន​ធំ​ៗ​ដែល​មានឈ្មោះ​ល្បី​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​តូច​ៗ និង​មិនសូវ​មានកេរ្តិ៍ឈ្មោះ ក៏​បាន​សម្រុក​វាយលុក​ទីផ្សារ​មួយ​នេះ​ផង​ដែរ ដោយ​បាន​ប្រកាស​លក់​គម្រោង​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប​សមរម្យ ខណៈ​ដែល​តម្រូវ​កំពុង​មាន​សន្ទុះ​ខ្លាំង ។ បើ​ទោះបីជា​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​ពី​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តាម​ជាយក្រុង​មាន​ច្រើន​ក៏​ពិតមែន តែ​សម្រាប់​បុរី​ធំ​ៗ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ក៏​នៅ​តែ​បន្ត​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ និង​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក ទ្រី ម៉េ​ង​អាន ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​បុរី​វិមាន​ភ្នំពេញ បានឱ្យ​ដឹង​ថា បើ​ទោះបីជា​មានការ​ប្រកាស​លក់ និង​ផ្គត់ផ្គង់​លំនៅ​ឋាន​ក្នុង​តម្លៃ​ទាប​ជា​ច្រើន​ក្តី ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​លក់​លំនៅ​ឋាន​របស់​ក្រុមហ៊ុន​លោក​នៅ​តែ​មាន​កំណើន ។ ជាក់ស្ដែង​គម្រោង​ថ្មី​ៗ​តែងតែ​មានការ​គាំទ្រ និង​លក់​អស់​ក្នុង​រយៈពេល​ខ្លី បើ​ទោះបីជា​តម្លៃ​ខ្ពស់​ជាង​ការ​ប្រកាស​លក់​របស់​ក្រុមហ៊ុន​តូច​ៗ​មួយ​ចំនួន​ក៏​ដោយ ។

លោក​និយាយ​ថា ៖« យើង​នឹង​បន្ត​ចេញ​គម្រោង​ថ្មី​ៗ​ទៀត ដើម្បី​ផ្គត់​ផ្គត់​លំនៅ​ឋាន​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​គម្រោង​ក្រោយ​ៗ​ដែល​ត្រៀម​នឹង​ចេញ​នេះ ក៏​មិន​មាន​តម្លៃ​ទាប​ដែរ ហើយ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សម្រុក​ផ្គត់ផ្គង់​គម្រោង​ផ្ទះ​វីឡា ដែល​មាន​តម្លៃ​ខ្ពស់​ៗ​សម្រាប់​ផ្ដល់​ជូន​អតិថិជន » ។

លោក​បន្ត​ថា ក្រុមហ៊ុន​លោក​មិន​មានការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ ឬ​មាន​បញ្ហា​ដោយសារ​តែ​មាន​ក្រុមហ៊ុន​តូច​ៗ​មួយ​ចំនួន​បំប៉ោង​ទីផ្សារ​នោះ​ទេ ។ ជាក់ស្ដែង ក្រុមហ៊ុន​ខ្លះ​ប្រកាស​លក់​ផ្ទះ​ក្នុង​តម្លៃ​តែ​ជាង​២​ម៉ឺន​ដុល្លារ ខណៈ​ខ្លួន​មានផ្ទះ​តែ​ពីរ​បី​ល្វែង​សម្រាប់​លក់​ប៉ុណ្ណោះ ហើយ​ក៏​មិនដឹង​ថា គុណភាព​ផ្ទះ​នោះ​យ៉ាងណា ឬ​ទីតាំង​យ៉ាងម៉េច​ដែរ ។ ដូចនេះ​ប្រជាពលរដ្ឋ​គួរតែ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ពី​ម្ចាស់​អភិវឌ្ឍន៍​គម្រោង និង​ឯកសារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ មុន​នឹង​សម្រេចចិត្ត​ទិញ​គម្រោង​លំនៅ​ឋាន​ពី​ក្រុមហ៊ុន​ណាមួយ​សម្រាប់​ស្នាក់​នៅ ។

លោក​ក៏​បាន​សម្ដែង​នូវ​ក្ដី​បារម្ភ​ថា នៅ​ពេល​អនាគត បើសិនជា​សកម្មភាព​បែប​ឃោសនា លើស​ពី​ការ​ពិត​នោះ​នៅ​តែ​ម្ដង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មក​លើ​បុរី​មិន​ខាន ហើយ​អ្នក​រង​គ្រោះ​គឺ​ប្រជាពលរដ្ឋ​ជា​អ្នកទិញ​ពី​ក្រុមហ៊ុន​ដែល​មិន​មាន​ប្រវត្តិ​ច្បាស់លាស់​នេះឯង ។

លោក ប៉ែន សុខ​គា នាយក​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ទីផ្សារ​បុរី​ពិតជា​ងើបឡើង ដោយសារ​នៅ​តែ​មាន​តម្រូវការ​ពី​ប្រជាពលរដ្ឋ និង​ការ​ផ្តល់​ឥណទាន​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ឥណទាន​កាន់តែ​ងាយ ស្រួល​ជាង​មុន ។

លោក​បន្ត​ថា ៖ « ការ​ទទួល​បាន​ឥណទាន ងាយស្រួល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​លំនៅ​ឋាន ប៉ុន្តែ​បើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លុយ​ទាំង​កញ្ចប់​ទៅ​ទិញ ពួក​គេ​មិន​មាន​នោះ​ទេ » ។ លោក​បន្ត​ថា ៖ « ជាមួយ​គ្នា​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​អភិវឌ្ឍន៍​នានា​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដើម្បី​លក់​បុរី​របស់​ខ្លួន ដូច​ជា ការ​ទិញ​មិន​មាន​ប្រាក់​កក់​ជាដើម » ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម ជា​ក្រុមហ៊ុន​មាន​ឯកទេស​លើ​ការ​ទិញ​លក់​លំនៅ​ឋាន​នៅ​តាម​បុរី​នានា ថ្លែង​ថា ទីផ្សារ​បុរី​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ទាំង​លំនៅ​ឋាន​ថ្មី ការ​ទិញ​ផ្ទះ​បន្ត​នៅ​តាម​បុរី​នានា​ដើម្បី​ស្នាក់​នៅ និង​វិនិយោគ​យក​ប្រាក់​ចំណេញ ។

លោក​បន្ត​ថា ៖ « អ្នកទិញ​លំនៅ​ឋាន​ប្រមាណ​៤០% បាន​ទិញ​យក​ប្រាក់​ចំណេញ តែ​៦០%​ទិញ​ស្នាក់​នៅ ដោយសារ​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង និង​ការ​ភ័យ​ខ្លាច​ពី​ការ​បោះ​ឆ្នោត​បាន​រសាយ​បន្តិច​ម្តង​ៗ » ។

អ្នក​នាង សួ ស៊ូ​ហ្វា​ង នាយក​គ្រប់គ្រង​ទូទៅ​នៃ​បុរី​រិ​ទ្ឋ បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា ការ​លក់​បុរី​នៅ​ត្រីមាស​ទី​២​នេះ ពិតជា​មាន​កំណើន​ក្នុង​រង្វង់​១០​ទៅ​២០% ដោយសារ​មិនសូវ​បារម្ភ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ ។ អ្នកទិញ​បុរី​មាន​ភាព​ចម្រុះ ដែល​៥០%​បង់​រំលស់ និង​៥០%​ទៀត​បង់ប្រាក់​ដាច់ អាស្រ័យ​លើ​ស្ថានភាព​អតិថិជន​នីមួយ​ៗ ។

តាម​ការ​បូក​សរុប​ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧ នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់​ចំនួន​១.៥២៣​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​៧,២​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​២៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ដោយឡែក​ទិន្នន័យ​បុរី​លំនៅ​ឋាន និង​អគារ​ខ្ពស់​ៗ​ក្នុង​រយៈពេល​៦​ខ​ឆ្នាំ​នេះ មាន​ទីក្រុង​រណប​បុរី​លំនៅ​ឋាន​លក្ខណៈ​ជា​បុរី​សរុប​ចំនួន​១៤​ទីតាំង និង​មាន​អគារ​ខ្ពស់​ចាប់ពី​៥​ជាន់ឡើង​ទៅ សរុប​ចំនួន​៤៣​អគារ ៕