ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ចាត់វិធានការ​លើ​យានយន្ត​ពាក់ស្លា​ក​លេខ «ន​.​ប»

6 ឆ្នាំ មុន

រាជធាន​ភ្នំពេញ​ ៖ អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា អគ្គស្នងការ​នគរបាល​ជាតិ​នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ ធ្វើ​ការ​ត្រួតពិនិត្យ​ការ​

រាជធាន​ភ្នំពេញ​ ៖ អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា អគ្គស្នងការ​នគរបាល​ជាតិ​នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ ធ្វើ​ការ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​រថយន្ត និង​ទោចក្រយានយន្ត​ដែល​ពាក់​ស្លា​ក​​​លេខ​នគរបាល​ជាតិ «​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ជាតិ​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់ និង​បទដ្ឋាន​ណែនាំ ដែល​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ​»​។​

យោង​តាម​លិខិត​ដែល​អគ្គស្នងការ​នគរបាល​ជាតិ​ចុះ​ថ្ងៃ​ទី ១៣​កក្កដា និង​ចុះហត្ថលេខា​​ដោយ​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ផ្ញើ​ជួន​ទៅ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ក៏​ដូច​​ជា​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​បាន​បញ្ជាក់​ថា​ ដើម្បី​អនុវត្ត​កិច្ចការ​ត្រូ​ត​ពិនិត្យ​នេះ​ទទួល​បាន​ជោគជ័យ គឺ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ​ចាត់វិធាន​ការ​ដូច​ជា ធ្វើការ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បាន​ជ្រាប​ថា ​អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ធ្វើ​សកម្មភាព ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ស្លាក​លេខ​យានយន្ត​នគរបាល​ជាតិ​ឲ្យ​បាន​ម៉ឹង​ម៉ាត់​ត្រឹម​ត្រូវ​​តាម​ច្បាប់ និង​គោលការណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ​។

លិខិត​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា​៖ «​ត្រូវ​ប្រើប្រាស់​រថយន្ត និង​ទោចក្រយានយន្ត​ដែល​ពាក់​ស្លា​ក​លេខ​នគរបាល​ជាតិ​ត្រឹមត្រូវ ស្រប​តាម​បណ្ណ​សម្គាល់​យានយន្ត និង​ជា​យាន​យន្ត​ដែល​បាន​ទទួលស្គាល់​ក្នុង​ការ​ចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ ដូច​ជា​យានយន្ត​ដែល​រដ្ឋ​បាន​បំពាក់ អំណោយ​សប្បុរសជន ឬ​រថយន្ត​ឯកជន​ចំនួន ៤៧០ គ្រឿង​ដែល​រដ្ឋ​បាន​អនុញ្ញាត​ប​ញ្ជូ​ល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​ក្នុង​ខែ​មក​រា ឆ្នាំ​២០១៧»​។ ម្ចាស់​យានយន្ត​តម្រូវ​ឲ្យ​យក​ភ្ជាប់​តាម​ជាមួយ​នូវ​ឯកសារ​យានយន្ត ដូច​ជា​បណ្ណ​សម្គាល់​យានយន្ត និង​លិខិត​ស្នាម​យានយន្ត​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​បង្ហាញ​ដល់​សមត្ថកិច្ច​ក្នុង​ពេល​ស្នើ​សុំ​ធ្វើការ​ត្រូ​ត​ពិនិត្យ​។​

នាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន បាន​សង្កត់ធ្ងន់​ក្នុង​លិខិត​នោះ​ថា ហ៊ា​ម​មិន​ឲ្យ​ប្រើប្រាស់​រថយន្ត ឬ​ទោចក្រយានយន្ត​ដូច​ខាងក្រោម​ ៖

(​ក​). រថយន្ត ឬ​ទោចក្រយានយន្ត​ដែល​មិន​បាន​ចុះបញ្ជី​សារ​ពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ និង​មិន​បាន​បង់ពន្ធ​នាំ​ចូល​។ ប្រសិនបើ​មាន​ករណី​ដូចនេះ ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​យានយន្ត​បញ្ឈប់​ការ​បំពាក់​ស្លាក​​នគរបាល​ជាតិ និង​ប្រគល់​ស្លា​ក​លេខ ព្រមទាំង​បណ្ណ​សម្គាល់​យានយន្ត​ជូន​អង្គភាព ដើម្បី​បូក​សរុប​ផ្ញើ​មក​អគ្គស្នងការដ្ឋាន​នគរបាល​ជា​តោ​ធ្វើការ​លុប​ចោល​ចេញ​ពី​បញ្ជី​គ្រប់គ្រង រួច​ហើយ​ត្រូវ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​គយ​ឲ្យ​បាន​ត្រឹមត្រូវ​។

(​ខ​). រថយន្ត ឬ​ទោចក្រយានយន្ត​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ជាតិ​មិន​ត្រឹមត្រូវ​តាម​បណ្ណ​សម្គាល់​យានយន្ត ឬ​យក​ស្លាក​លេខ​នគរបាល​ជាតិ​ពី​យានយន្ត​ត្រឹមត្រូវ​មក​បំពាក់​យានយន្ត​ផ្សេង​ទៀត ឬ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ដែល​ករណី​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ផ្ត​ន្ទា​ទោស​តាម​ច្បាប់ និង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​។

(​គ​). រថយន្ត ឬ​ទោចក្រយានយន្ត​ដែល​បាន​បង់​ពន្ធគយ​រួច តែ​បំពាក់​ស្លា​ក​លេខ​នគរបាល​ជាតិ​។

ករណី​នេះ ស្នើ​ណែនាំ​ឲ្យ​ម្ចាស់​យានយន្ត​បញ្ឈប់​ការ​បំពាក់​ស្លា​ក​លេខ​នគរបាល​ជាតិ និង​ប្រគល់​ស្លា​ក​លេខ ព្រមទាំង​បណ្ណ​សម្គាល់​យានយន្ត​ជូន​អង្គភាព ហើយ​ត្រូវ​ទៅ​ស្នើ​សុំ​ចុះបញ្ជី​យានយន្ត​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​រាជធានី​-​ខេត្ត​វិញ​។​

អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្ថែម​ទៀត​ថា​៖ «​ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់គ្រង​យានយន្ត​នគរបាល​ជាតិ ស្នើ​ធ្វើ​របាយការណ៍​ស្តី​ពី​ចំនួន​យានយន្ត​ពាក់​ស្លាក​លេខ​នគរ​បាល​ជាតិ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ ដែល​បាន​ខូច​មិន​អាច​ប្រើប្រាស់​បាន ហើយ​ត្រូវ​បាន​លុប​ចេញ​រួចរាល់​ពី​បញ្ជី សារពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ ផ្ញើ​មក​អគ្គស្នងការ​នគរបាល​ជាតិ (​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​) តាម​គម្រូ​ដែល​បាន​ភ្ជាប់ ដោយ​រួម​ទាំង​ប្រគល់​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត​ទាំងនេះ ភ្ជាប់​ជាមួយ​របាយការណ៍​ផង​ដែរ»៕