ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយាល័យ​ស្ថិតិ​ជាតិ ៖ ចំនួន​ប្រជាជន​ចិន ធ្លាក់​ចុះ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៦១

1 ឆ្នាំ មុន

ចិន ៖ យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន The Guardian របស់​ចក្រភព​អង់គ្លេស ដែល​បាន​ចេញ

ចិន ៖ យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន The Guardian របស់​ចក្រភព​អង់គ្លេស ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​៦០​ឆ្នាំ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ ១៩៦១​។

ការិយាល័យ​ស្ថិតិ​ជាតិចិន នៅ​ថ្ងៃ​ទី​១៧ ខែមករា បាន​ប្រកាស​ថា ប្រជាជន​ចិន​សរុប​មាន​ចំនួន ១.៤១១៧៥​ពាន់​លាន​នាក់ នៅ​ចុងឆ្នាំ ២០២២ បើ​ធៀប​នឹង ១.៤១២៦០​ពាន់​លាន​នាក់ កាលពី​ឆ្នាំ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ចំនួន ៨៥០,០០០​នាក់​។ វា​បាន​សម្គាល់ការ​ចាប់ផ្តើម​នៃ​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ជា​រយៈពេល​ដ៏​យូរ​នៃ​ការ​ថយ​ចុះ​ចំនួន​ប្រជាជន បើ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​ផ្លាស់​ប្តូរ​និន្នាការ​នេះ យ៉ាងណា​ក៏​ដោយ​។

រដ្ឋាភិបាល​ចិន បាន​ប្រើប្រាស់​ពេល​ជា​ច្រើន​ឆ្នាំ ដោយ​ព្យាយាម​លើកទឹកចិត្ត​ប្រជាជន​ខ្លួន ឱ្យ​មានកូន​បន្ថែម​ទៀត និង​ទប់ទល់​នឹង​វិបត្តិ​ប្រជាសាស្ត្រ ដែល​កំពុង​កើតឡើង ដោយសារ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​។ គោលនយោបាយ​ថ្មី បាន​ស្វែងរក​ការ​បន្ធូរបន្ថយ​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ និង​សង្គម​នៃ​ការ​ចិញ្ចឹម​បីបាច់​កូន ឬ​ជំរុញ​យ៉ាង​សកម្ម​សម្រាប់​ការ​មានកូន​តាម​រយៈ​ការ​ឧបត្ថម្ភ​ធន និង​ការ​បន្ធូរ​បន្ថយពន្ធ ខណៈ​ដែល​ខេត្ត​ក្រុង​ខ្លះ បាន​ប្រកាស​បើកប្រាក់​ជូន​ឪពុក​ម្តាយ ដែល​មានកូន​ទី​២ ឬ​ទី​៣​។

កាលពី​ស​ប្តា​ហ៍​មុន ទីក្រុង Shenzhen បាន​ប្រកាស​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មាន​ចំនួន​សរុប ៣៧,៥០០​យន់ ដែល​ស្មើនឹង ៥,៥៥០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គ្រួសារ​ដែល​មានកូន​៣​នាក់​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​រយៈពេល​ជា​ច្រើន​ទស​វត្ស នៃ​គោលនយោបាយ​មានកូន​តែ​មួយ ដែល​ដាក់​ទណ្ឌកម្ម​ដោយ​បង្អាក់​ការ​មានកូន​ច្រើន និង​ការ​កើនឡើង​តម្លៃ​នៃ​ការ​រស់នៅ​បែប​ទំនើប ការ​តស៊ូ​នៅ​តែ​មាន​ក្នុង​ចំណោម​គូ​ស្វាមីភរិយា​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៧ ខែមករា នេះ លោក Kang Yi ប្រធាន​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​និយាយ​ថា «​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​សរុប​របស់​ប្រទេស​ចិន នៅ​តែ​លើស​ពី​តម្រូវការ ហើយ​ប្រជាជន​មិន​គួរ​ព្រួយបារម្ភ​អំពី​ការ​ថយ​ចុះ​ចំនួន​ប្រជាជន​នោះ​ទេ​»​។

ប្រទេស​ចិន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ សម្រាប់​ការ​ប្រជែង​តំណែង​ប្រទេស​ឥណ្ឌា ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ពិភពលោក​។

អត្រាកំណើត​កាលពី​ឆ្នាំ​មុន របស់​ប្រទេស​ចិន គឺ ៦.៧៧ ក្នុង​មនុស្ស ១.០០០​នាក់ ធ្លាក់​ចុះ​ពី​អត្រាកំណើត ៧.៥២ នៅ​ក្នុង​ឆ្នាំ ២០២១ ដែល​ជា​អត្រាកំណើត​ទាប​បំផុត​ក្នុង​កំណត់​ត្រា​។ នៅ​ក្នុង​ចំនួន​ពិត មានកំណើត​ចុះបញ្ជី​តិច​ជាង​១​លាន​នាក់​ក្នុង​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​ចំនួន​សរុប ១០,៦២​លាន​នាក់​។

ប្រទេស​ចិន ក៏​បាន​កត់ត្រា​អត្រា​មរណភាព​ខ្ពស់​បំផុត​របស់​ខ្លួន ចាប់តាំងពី​ឆ្នាំ ១៩៧៦ ដោយ​បាន​ចុះបញ្ជី​ការ​ស្លាប់​ចំនួន ៧.៣៧ ក្នុង​មនុស្ស ១.០០០​នាក់ បើ​ធៀប​នឹង​អត្រា​មរណភាព ៧.១៨ ក្នុង​មនុស្ស ១.០០០​នាក់ នៅ​ក្នុង​ឆ្នាំ ២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ