ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​ឆ្នាំ​2017​នេះ ប្រសើរជាង​ឆ្នាំ​មុន តែ​ទិន្នផល​ថយ​ចុះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ការ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​លើក​ទី​២​ឈាន​មក​ដល់ តម្លៃ​ស្រូវ​ហាក់ដូច​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​បន្ដិច ធ្វើ​ឲ្យ​កសិករ​មាន​ទឹកចិត្ត​ធ្វើស្រែ​ខ្លះ ហើយ​សង្ឃឹមថា នៅ​ពេល​ប្រមូល​ផល​ពេញលេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ការ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​លើក​ទី​២​ឈាន​មក​ដល់ តម្លៃ​ស្រូវ​ហាក់ដូច​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​បន្ដិច ធ្វើ​ឲ្យ​កសិករ​មាន​ទឹកចិត្ត​ធ្វើស្រែ​ខ្លះ ហើយ​សង្ឃឹមថា នៅ​ពេល​ប្រមូល​ផល​ពេញលេញ តម្លៃនឹង​កាន់តែ​ប្រសើរ​ថែម​ទៀត ។ ការ​លើក​ឡើង​បែប​នេះ ដោយសារ​ឆ្នាំ​កន្លង​មក មានការ​លើក​ឡើង​ថា កសិករ​ប្រមូល​ផល​ស្រុះគ្នា​ពេក នាំ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ដែល​នោះ​មិនមែន​ជា​ហេតុផល​សម​ស្រប ។

កសិករ​នៅ​ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ការ​ប្រមូល​ផល​ស្រូវប្រាំង​លើក​ទី​២​បាន​ចាប់ផ្ដើម​បណ្ដើរ​ៗ​ហើយ ក្នុង​នោះ​ឃើញ​ថា តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន ។ យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​តម្លៃ​លើ​ទីផ្សារ​ប្រសើរ​ជាង​ក្ដី ប៉ុន្ដែ​ទិន្នផល​ស្រូវ​បែរជា​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ពួក​គាត់​នៅ​តែ​ជួប​បញ្ហា​ដដែល ។

លោក ខៀវ សា​រឿ​ន កសិករ​ម្នាក់​នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ចេក ស្រុក​ពាម​ជ័រ បាន​អះអាង​ថា ៖« តម្លៃ​ស្រូវ​សព្វថ្ងៃ​ខ្ពស់​ជាង​ឆ្នាំ​មុន គឺ​ក្នុង​១​គីឡូក្រាម​តម្លៃ​៨៥០​រៀល​សម្រាប់​ស្រូវ​សើម និង​៩៥០​រៀល​សម្រាប់​ស្រូវ​ស្ងួត បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​តម្លៃ​ត្រឹមតែ​៦៥០​ទៅ​៧០០​រៀល​ប៉ុណ្ណោះ​សម្រាប់​ស្រូវ​សើម និង​៨០០​រៀល​សម្រាប់​ស្រូវ​ស្ងួត » ។

បើ​ទោះបីជា​តម្លៃ​លើ​ទីផ្សារ​ប្រសើរ​ជាង​ឆ្នាំ​មុន​ក៏​ដោយ ក៏​ការ​ប្រមូល​ផល​របស់​ពួក​គាត់​ក្នុង​រដូវ​ទី​ពីរ​នេះ​ហាក់ដូចជា​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​កសិករ​ខ្លះ​លើក​ឡើង​ថា ដោយសារ​តែ​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ច្រើន​ចំ​ពេល​ស្រូវ​កំពុង​ចេញ​ដង្ហើម ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ប្រែ​ពណ៌​ជា​ខ្មៅ និង​សម្បូរ​សម្ដី​ច្រើន ។

លោក​សា​រឿ​នប​ន្ដ​ថា ជា​រៀង​រាល់​ឆ្នាំ ទិន្នផល​ស្រូវប្រាំង​នៅ​រដូវ​ទី​១ គឺ​ទទួល​បាន​ចន្លោះ​ពី​៦​ទៅ​៨​តោន​ក្នុង​១​ហិ​កតា ខណៈ​រដូវ​ទី​២ ក្នុង​១​ហិ​កតា ប្រមូល​ផល​បាន​ចន្លោះ​ពី​៤​ទៅ​៦​ហិ​កតា ប៉ុន្ដែ​ក្នុង​រដូវ​ទី​២​ឆ្នាំ​នេះ​វិញ គឺ​ទទួល​បាន​ត្រឹមតែ​២​តោន​កន្លះ​ទៅ​៣​តោន​កន្លះ​ប៉ុណ្ណោះ ខុស​គ្នា​ជាង​ពាក់កណ្ដាល ។

ការ​ថយ​ចុះ​នូវ​ទិន្នផល​នេះ បើ​តាម​លោក ម៉ិ​ល គី​រី មេឃុំ​កោះ​ចេក បាន​ឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ថ្លៃ​គួរសម តែ​ទិន្នផល​ស្រូវ​រដូវ​ទី​ពីរ​នេះ​បាន​ថយ​ចុះ​ច្រើន បើ​ធៀប​នឹង​រដូវ​ទី​១ ឬ​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ឆ្នាំ​នេះ ភ្លៀង​ធ្លាក់​ច្រើន​ពេក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ដំណាំ​ស្រូវ ។

អ្នករក​ស៊ីក្នុង​វិស័យ​ស្រូវ​អង្ក​រលោក​ឧកញ៉ា ភួ ពុ​យ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៧​នេះ ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​អាច​មាន​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន ។ លោក​ឧកញ៉ា​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពិ​ភក្សា​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ក​ក្ដ​ដា នៅ​សាលា​ខេត្តបន្ទាយមានជ័យ គ្រា​ដែល​លោក​បាន​ទិញ​ស្រូវ​ចំនួន​៥៥​ម៉ឺន​តោន​រួច​ហើយ ។

លោក​ឧកញ៉ា​ថ្លែង​ថា​៖« ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ឥណទាន​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ នូវ​ថវិកា​ចំនួន​២៧​លាន​ដុល្លារ​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ប្រជា​កសិករ​សំដៅ​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​ក្នុង​ប្រទេស » ។

លោក​ឧកញ៉ា​បន្ដ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្តល់​ឥណទាន​ចំនួន​១៥​លាន​ដុល្លារ​សម្រាប់​កសាង​ឡ​ស​ម្ងួ​ត​នៅ​ខេត្តបាត់ដំបង ដែល​តម្រូវការ​ស​ម្ងួ​ត​ក្នុង​១​ថ្ងៃ​បាន​៧​ពាន់​ទៅ​៨​ពាន់​តោន និង​ធ្វើ​ឃ្លាំង​ដែល​អាច​ស្ដុក​ស្រូវ​បាន​២០​ម៉ឺន​តោន​ផង​ដែរ ដូច្នេះ​អាច​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ និង​២០១៨ នឹង​ប្រសើរ​ជាង​ឆ្នាំ​២០១៦ ។

លោក ប៉ុក ឡាយ​ជី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ដែរ​ថា ឆ្នាំ​២០១៦​កន្លង​មក ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ឈ្មួញ កណ្តាល​ផ្ដល់​តម្លៃ​ទាប ធ្វើ​ឲ្យ​ទីផ្សារ​ស្រូវ​ជួប​មាន​បញ្ហា ទើប​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​នេះ​កាន់តែ​ប្រសើរ​ឡើង ៕