ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​នៅ​កម្ពុជា​មាន​សន្ទុះ​កើនឡើង​ក្នុង​ស្រទាប់​យុវវ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​នៅ​កម្ពុជា មានការ​កើនឡើង​ខ្លាំង​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ ជា​ពិសេស​គឺ​ការ​ជាវ​ម៉ូ​ដ​សម្លៀក​បំពាក់ កាបូប និង​

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​នៅ​កម្ពុជា មានការ​កើនឡើង​ខ្លាំង​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ ជា​ពិសេស​គឺ​ការ​ជាវ​ម៉ូ​ដ​សម្លៀក​បំពាក់ កាបូប និង​ផលិតផល​គ្រឿងសម្អាង​កាយ និង​ថែ​សម្រស់​ជាដើម ។

បើ​ទោះបីជា​ទីផ្សារ​នេះ​កំពុង​កើនឡើង​ក្ដី តែ​សម្រាប់​តួលេខ​ពិតប្រាកដ​ថា​មាន​កំណើន​ប៉ុន្មាន​ភាគរយ​នៃ​ការ​ជាវ ក៏​ដូច​ជា​តួលេខ​នៃ​អ្នកលក់​ថា​មាន​ប៉ុន្មាន​នោះ គឺ​មិន​អាច​ដឹង​បាន​ច្បាស់​នោះ ទេ ដោយសារ​តែ​អាជីវកម្ម​ម៉ូ​ដែល​ថ្មី​នេះ មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម​នៅឡើយ ។

កញ្ញា សឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ម្សិលមិញ​ថា ចំនួន​នៃ​ការ​ជួញដូរ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​(E-commerce) ដូច​ជា តាម​រយៈ​គេហទំព័រ ឬ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ជា​ពិសេស​ហ្វេ​ស​ប៊ុ​ក​គឺ​មាន​ច្រើន​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ ប៉ុន្តែ «​យើង​អត់​ទាន់​មានច្បាប់​គ្រប់គ្រង​ទេ យើង​នៅ​ក្នុង​ដំណាក់កាល​កសាង​ច្បាប់​នៅឡើយ »​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ឥឡូវនេះ​ដោយសារ​តែ​ក្រសួង​កំពុង​រៀបចំ​ច្បាប់ E-commerce អីចឹង​អាជីវកម្ម​អន​ឡាញ (online business)​ហ្នឹង ជា​ផ្នែក​មួយ​នៃ​E-commerce ដែល​ទាមទារ​ឲ្យ​មានច្បាប់​គ្រប់គ្រង ។

កញ្ញា សឹង សុ​ផា​រី បាន​បញ្ជាក់​ថា ៖« អីចឹង ពេល​ណា​ច្បាប់​ហ្នឹង​អនុម័ត យើង​នឹង​ដឹង​ថា ត្រូវ​រៀបចំ​វិធានការ ឬ​នីតិវិធី​យ៉ាងម៉េច ដើម្បី​គ្រប់គ្រង online business ហ្នឹង » ។

កញ្ញា​បាន​បន្ត​ទៀត​ថា ក្រសួង​ចង់​ឲ្យ​ច្បាប់ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E-commerce)  ចប់​នៅ​ចុងឆ្នាំ​នេះ តែ​ជាក់ស្តែង​គឺ​អត់​អាច​ធានា​ទេ ព្រោះថា វា​ទាក់ទង​នឹង​អន្តរ​វិស័យ និង​អន្តរក្រសួង ដោយសារ​ការ​លក់​នេះ​វា​ទាក់ទង​នឹង​វិស័យ​ផ្សេង​ពី​គ្នា ដូច​ជា ផលិតផល​ខ្លះ​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ហើយ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា ព្រមទាំង​វិស័យ​ហិរញ្ញវត្ថុ និង​សុវត្ថិភាព​នៃ​ការ​ទូទាត់ ដើម្បី​ការពារ​ការ​លួច​ប្រាក់​ពី​អ្នក​ទូទាត់​លុយ ។

កញ្ញា​លើក​ឡើង​ថា ការ​លក់ទំនិញ​តាម​អន​ឡាញ​នៅ​កម្ពុជា​ហាក់ដូចជា​ថ្មី តែ​ការ​ជួញដូរ​អន​ឡាញ​សម្រាប់​ប្រទេស​គេ គឺ​រីក​លូតលាស់​រួច​ទៅ​ហើយ ដូច​គេហទំព័រ Alibaba, eBay និង​Amazon​ជាដើម ដែល​ជា​អ្នកលក់​អន​ឡាញ​ធំ​ៗ​នៅ​លើ​ពិភពលោក តែ​នៅ​កម្ពុជា​ក៏​មាន​គេហទំព័រ​សម្រាប់​ការ​លក់​-​ទិញ​ផលិតផល​មាន​ច្រើន​ដែរ​។

កញ្ញា សឹង សុ​ផា​រី បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ឃើញ​មាន​គេហទំព័រ និង​ឃើញ​មាន​មធ្យោបាយ​ទូទាត់​តាម​អន​ឡាញ​ផង​ដែរ បើ​អ្នកលក់​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​គឺ​គាត់​ទូទាត់​ជា Cash (​លុយ​សុទ្ធ​) » ។ កញ្ញា​បាន​បញ្ជាក់​ថា សម្រាប់​អ្នកលក់​តាម​អន​ឡាញ​លក្ខណៈ​ជា​បុគ្គល ដូច​ជា ការ​លក់​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​(facebook-page) គឺ​ចូល​ទៅ​ក្នុង​អត្ថន័យ​នៃ​ច្បាប់ E-commerce ផង​ដែរ ដោយ​បាន​ពន្យល់​ថា «​ឲ្យ​តែ​គាត់​ទិញ​-​ដូរ គឺជា​ទីផ្សារ វា​គឺជា​ប្រភេទ​ផ្សារ​ចរន្ត​អន​ឡាញ ដែល​មាន​អ្នកលក់ និង​អ្នកទិញ អីចឹង​ត្រូវ​តែ​មានការ​គ្រប់គ្រង » ។

តើ​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​ការ​លក់​ផលិតផល និង​ការ​ជាវ​តាម​អន​ឡាញ ត្រូវ​បាន​អ្នកលក់ និង​អ្នក​ជាវ អះអាង​ថា មាន​សកម្មភាព​ផុសផុល​ជាង​មុន ខណៈ​ដែល​ហាង​មួយ​ចំនួន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ដឹក​ជញ្ជូន​ផង​នោះ ?

អ្នក​នាង វង្ស រស្មី ម្ចាស់​ផេ​ក វង រស្មី ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កបាន​និយាយ​ថា ៖« ការ​ពិត​ការ​លក់​តាម​អន​ឡាញ គឺ​ងាយស្រួល​ណាស់ គ្រាន់តែ​យើង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​បង្ហាញ​នូវ​ប៉ាន់​គំរូ​ផលិតផល និង​លេខ​ទំនាក់ទំនង​ទុក​ជូន​អតិថិជន ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់​ជួល​ទីតាំង ឬ​ក៏​មិន​ចាំបាច់​មាន​តូប​នៅ​ផ្សារ​នោះ​ទេ »​។ អ្នក​នាង​ថា បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​ការ​លក់​-​ទិញ​ទំនិញ​តាម​អន​ឡាញ​មាន​ភាព​ងាយស្រួល​ច្រើន ។

អ្នក​នាង​បាន​បញ្ជាក់ ៖« ពេល​ចាប់ផ្តើម​ដំណើរការ​ដំបូង​កាលពី​ឆ្នាំទៅ គឺ​ត្រូវ​ចំណាយពេល​ដល់​ទៅ​១​ស​ប្តា​ហ៍​ដើម្បី​ទទួល​ការ​ហៅ​ចូល​ពី​អតិថិជន សាកសួរ​អំពី​ផលិតផល ។ អ្នក​ទូរស័ព្ទ​សួរ​ហាក់​បង្ហាញ​ការ​ព្រួយ​បារ​ម្ម​ណ៍ ខ្លាច​មិន​បាន​ដូច​អ្វី​ដែល​យើង​ប្រាប់​គេ ។ ឥឡូវ​ខ្ញុំ​គិត​ថា​ទីផ្សារ​អន​ឡាញ គឺ​កើនឡើង​ច្រើន ព្រោះ​មិនបាច់​ចំណាយ​លុយ​ជួល​ទីតាំង​នោះ​ទេ »​។

អ្នក​នាង ស្រី ពៅ អាយុ​៣៤​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ក្នុង​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នក​នាង​ទើបតែ​ចាប់ផ្តើម​ទិញ​ទំនិញ​តាម​អន​ឡាញ​រយៈពេល​៥​ខែ​ចុង​ក្រោយ​នេះ​ទេ ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​មិត្ត​រួមការ​ងារ ។

អ្នក​នាង​បាន​និយាយ​ថា ៖« ពី​មុន ខ្ញុំ​មិន​ជឿ​ទុកចិត្ត​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​ទេ តែ​អ្នកធ្វើការ​ជាមួយ​ខ្ញុំ​គាត់​មានបទពិសោធន៍​ល្អ អីចឹង​ខ្ញុំ​ក៏​សាក​តាម​គាត់ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ទុកចិត្ត គឺ​ដោយសារ​តែ​ហាង​លក់​តាម​អន​ឡាញ​ខ្លះ មាន​បោះទីតាំង​ច្បាស់លាស់ អីចឹង​ខ្ញុំ​អាច​ទៅ​មើល​អីវ៉ាន់​នៅ​ហាង​ផ្ទាល់​ក៏​បាន »​។

សម្រាប់​ការ​ជាវ​ទំនិញ​អន​ឡាញ​ក្នុងស្រុក​គឺ​មាន​ភាព​ងាយស្រួល ដោយ​អាច​កុម្ម​ង់​តាម​អន​ឡាញ​តាម​រយៈ​ការ​ផ្ញើ​សារ​ទៅ​កាន់​ប្រអប់​សារ (inbox) របស់​ទំព័រ​អន​ឡាញ ឬ​ក៏​អាច​ទូរស័ព្ទ​ផ្ទាល់ ដោយ​ប្រាប់​លេខ​កូដ​របស់​ផលិតផល​ដែល​ចង់​ទិញ ។

អ្នក​នាង​បាន​បញ្ជាក់​ថា ៖« ការ​ទិញ​ទំនិញ​អន​ឡាញ ការ​ពិត​រាង​ប្រថុយប្រថាន​តិច តែ​អ្វី​ដែល​ល្អ​គឺ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​។ ខ្ញុំ​ចង់​និយាយ​ថា ការ​កកស្ទះ​តាម​ដងផ្លូវ គឺជា​ហេតុផល​មួយ​ដែល​ខ្ញុំ​ចាប់ផ្តើម​ទិញ​ទំនិញ​តាម​អន​ឡាញ »​។

សម្រាប់​លោក ម៉េ​ង អ័ង ជា​បុគ្គលិក​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បាន​និយាយ​ថា លោក​ជាវ​ទំនិញ​អន​ឡាញ​នៅ​ក្រៅប្រទេស ព្រោះ​ផលិតផល​មួយ​ចំនួន​ដែល​លោក​ត្រូវការ គឺ​មិន​មាន​លក់​ក្នុងស្រុក​នោះ​ទេ ពិសេស​ផលិតផល​បច្ចេកវិទ្យា ។

លោក​បាន​បញ្ជាក់​ថា ៖« ហេតុផល​ដែល​ខ្ញុំ​ទិញ​ទំនិញ​តាម​អន​ទ្បា​ញ ទី​១-​ទំនិញ​ចង់បាន មិន​មាន​លក់​នៅ​ទីផ្សារ​ក្នុងស្រុក ។ ទី​២-​តម្លៃ​ធូរ​ថ្លៃ​ជាង​ទីផ្សារ​ក្នុងស្រុក និង​ទី​៣-​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស និង​សម្បូរ​បែប »​។

កញ្ញា យិ​ន សុវណ្ណ​និស្ស័យ អាយុ​២១​ឆ្នាំ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ជាវ​ទំនិញ​តាម​អន​ឡាញ​វា​មាន​ភាព​ងាយស្រួល រហ័ស និង​មិនបាច់​ចំណាយ​ពេលវេលា​លើ​ការ​កកស្ទះ​ចរាចរណ៍​តាម​ផ្លូវ ក៏​ដូច​ជា ការ​ហត់នឿយ​ក្នុង​ដើរ​មើល​ម៉ូ​ដ​តាម​ផ្សារ​នោះ​ទេ ។

កញ្ញា​និយាយ​ថា ៖« ការ​ជាវ​ទំនិញ​តាម​អន​ឡាញ គឺ​ងាយស្រួល គ្រាន់តែ​យើង​កុម្ម​ង់​តាម​ទូរស័ព្ទ គឺជា​ស្រេច ជា​ពិសេស​មិនបាច់​ចំណាយពេល​ដើរ​ផ្សារ ហើយ​វា​មាន​ម៉ូ​ដ​ស្អាត​ច្រើន​ដែល​ខ្ញុំ​ស្រលាញ់​​ពេញចិត្ត »​។ កញ្ញា​គឺជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​ចាប់ផ្តើម​ទិញ​ទំនិញ​តាម​អន​ឡាញ​ជិត​៤​ឆ្នាំ​មក​ហើយ ដូច​ជា ការ​ទិញ​ខោអាវ កា​តាប និង​កាបូប​ម៉ូ​ដ​ទាន់សម័យ ដែល​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ក្រៅ ដូច​ជា ថៃ និង​ចិន​ជាដើម ។

នាង​បាន​បន្ត​ថា ៖« ការ​ជាវ​ទំនិញ​តាម​អន​ឡាញ​គឺ​មាន​សន្ទុះ​កើនឡើង ព្រោះ​មិត្ត​រួម​ថ្នាក់​ខ្ញុំ​ភាគច្រើន គឺ​ទិញ​ទំនិញ​តាម​អន​ឡាញ​ដូច​គ្នា ដោយសារ​តែ​ភាព​ងាយស្រួល មិន​ចាំបាច់​ទៅ​ដើរ​ផ្សារ ព្រោះ​ទំនិញ​តាម​ទីផ្សារ​មួយ​ចំនួន​ធំ គឺ​មិន​ត្រូវ​ពួក​យើង​នោះ​ទេ »​។

យ៉ាងណា​ក៏​ដោយ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​ទំនិញ​តាម​អន​ឡាញ​បាន​នូវ​អ្វី​ដូច​ចិត្ត​ប្រាថ្នា​នោះ​ទេ ព្រោះ​ផលិតផល​ប្រើប្រាស់​ខ្លះ មិន​ថា កាបូប សម្លៀក​បំពាក់ ស្បែកជើង គ្រឿងសម្អាង គឺ​មិន​ដូច​អ្វី​ដែល​បាន​បង្ហាញ​នោះ​ទេ ទាំង​គុណភាព​សាច់​ក្រណាត់ និង​ទំហំ​ជាដើម ។

កញ្ញា យិ​ន សុវណ្ណ​និស្ស័យ បញ្ជាក់ ៖«​សម្រាប់​ការ​ទិញ​តាម​អន​ឡាញ​ភាគច្រើន គឺ​ខុសចិត្ត ព្រោះ​ម៉ូ​ដដែល​បង្ហាញ​ក្នុង​អន​ឡាញ វា​ខុស​គ្នា​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ទទួល ដូច​ជា គុណភាព​ក្រណាត់​ខោអាវ ពណ៌ ឬ​ទំហំ គឺ​វា​ខុស​គ្នា​ស្រឡះ ជា​ពិសេស​គឺ​ទំហំ​តែងតែ​ធំ​ពេក អីចឹង​ខ្ញុំ​ត្រូវ​ចំណាយពេល​យក​ខោអាវ​ដែល​ទិញ​នេះ​ទៅ​សេ​រ៉េ​ទំហំ​ឲ្យ​ត្រូវ​នឹង​ដងខ្លួន​របស់ខ្ញុំ » ។

ចំណែក​កញ្ញា សុខ រក្សា​ទេពី ជា​និស្សិត​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ បាន​និយាយ​ថា កញ្ញា​មិន​ចូល​ចិត្ត​ទិញ​តាម​អន​ឡាញ​នោះ​ទេ ព្រោះ​គិត​ថា អ្វី​ដែល​ឃើញ​ក្នុង​អន​ឡាញ​ស្អាត​ៗ ណាស់ តែ​ក៏​មានការ​បោក​បញ្ឆោត​ច្រើន​ដែរ ។

សុខ រក្សា​ទេពី បន្ថែម​ថា ៖« ខ្ញុំ​មិន​ដែល​ជាវ​ទំនិញ​គ្រប់​ប្រភេទ​តាម​អន​ឡាញ​នោះ​ទេ បើ​ទោះបីជា​ខ្ញុំ​បានឃើញ និង​ស្រលាញ់​នូវ​ម៉ូ​ដ​សម្លៀក​បំពាក់​ស្អាត ស្បែកជើង​គ្រប់​ម៉ាក គួរ​ឲ្យ​ស្រលាញ់​ក្តី តែ​ខ្ញុំ​ជឿ​ថា គុណភាព គឺ​មិន​ដូច​គ្នា​នោះ​ទេ​។ ជាក់ស្តែង​មិន​ថា​តែ​ក្នុងស្រុក​ខ្មែរ​ទេ ខ្ញុំ​ឃើញ​អ្នកទិញ​អីវ៉ាន់​តាម​អន​ឡាញ​ច្រើន​ករណី​ណាស់​ដែល​ទទួល​បាន​ទំនិញ មិន​ដូច​អ្វី​ដែល​មាន​ក្នុង​កាតាឡុក (​ប៉ាន់​គំរូ​) ដែល​បាន​បង្ហាញ​នោះ​ទេ »​។

កញ្ញា​បាន​បន្ថែម ៖« មិន​ខ្វល់​ថា​ត្រូវ​ចំណាយពេល​ដើរ​ផ្សារ​យូរ​ប៉ុណ្ណា​ទេ គឺ​ខ្ញុំ​សុខចិត្ត​ទិញ​ផលិតផល​ដែល​បានឃើញ​ផ្ទាល់​ភ្នែក ប៉ះ​ដោយ​ដៃ​វិញ ព្រោះ​ខ្ញុំ​អាច​ស្ទាប​ដឹង​ពី​គុណភាព​ក្រណាត់ ឬ​សាក​ខោអាវ​បាន ជា​ជាង​កុម្ម​ង់​តាម​អន​ឡាញ ហើយ មិន​ត្រូវចិត្ត ព្រោះ​របស់​បាន​ដល់​ដៃ ក៏​មិនដឹង​ថា​យក​ទៅ​ដូរ​នៅឯណា​ដែរ »៕