ជាតិ » ព្រឹត្តិការណ៍សង្គម

ជីវិត​​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​​ ៖ លែង​មាន​អារម្មណ៍​ថាស្អុយ តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តែង​បិទ​ច្រមុះ

ដោយ ៖ ភី ផល   

ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៩:១៣   (14-07-2017 09:13)

រាជធានី​ភ្នំពេញ​ ៖ នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​នានា​ឆ្លងកាត់​ប្រ​ឡាញ​ទឹក​ស្អុយ​បឹង​ត្របែក ម្នាក់​ៗ​គឺ​លាន់មាត់​ថា​ ក្លិន​អាក្រក់​ពិបាក​ទ្រាំ ហើយ​ខ្លះ​​ ក៏​យកដៃ​ខ្ទប់​ច្រមុះ​​ដោយសារ​តែ​មិន​អាច​ទ្រាំ​បាន​នឹង​ក្លិន​ចេញពី​ប្រឡាយ ព្រោះ​វា​មិនមែន​មាន​​ក្លិនក្រអូប​ដូច​ទឹកអប់​ ដែល​​គ្រប់​គ្នា​ចង់​ស្រង់ក្លិន​​ឯណា​។

តែ​សម្រាប់​លោកយាយ ស៊ឹង វួ​ច​លាង អាយុ​៧១​ឆ្នាំ និង​សមាជិក​ក្រុម​គ្រួសារ​​គាត់​ដែល​តាំងទី​លំនៅ និង​ការ​រស់នៅ​លើ​មាត់​ប្រឡាយ​​បង្ហូរទឹក​ស្អុយ​បឹង​ត្របែក​ តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​និង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ត្របែក ​តាំងពី​ឆ្នាំ​១៩៧៩ នោះ​ បាន​និយាយ​ថា ​គាត់​ស៊ាំ​ក្លិនស្អុយ​អសោច៍ ហើយ​ក៏​លែង​មាន​អារម្មណ៍​ថា​ ស្អុយ​ទៀត​ដែរ គឺ​មាន​តែ​អ្នក​ចំណូល​ថ្មី​ៗ​ទេ អាច​ពិបាក​ទ្រាំង​នឹង​ក្លិនស្អុយ​យ៉ាង​ខ្លាំង​​នេះ​ ។

លោកយាយ​បាន​​រៀបរាប់​បណ្តើរ​ លាយ​សើច​មួយ​ៗ​បណ្តើ​រថា​៖ «​សំរាប់​​ការ​រស់នៅ​របស់​ក្រុម​គ្រួសារ​ខ្ញុំ គឺ​វា​មាន​ភាពស៊ាំ និង​ធម្មតា​ទៅ​ហើយ​ ដោយ​មិន​មាន​អ្វី​ជា​បញ្ហា​ធំដុំ​ឡើយ តែ​សំរាប់​ភ្ញៀវ​ដែល​មក​ហូប​កាហ្វេ ឬ​បាយ ឬ​ក៏​បងប្អូន​ខ្ញុំ​​ដែល​មក​លេង​ផ្ទះ​របស់ខ្ញុំ​ម្តង​ៗ​​វិញ តែងតែ​នាំ​គ្នា​លាន់​មាត់​ថា «ស្អុយ​» ​ហើយ​សម្តែង​ការ​ហួស​ចិត្ត​ថា កោតតែ​ក្រុម​គ្រួសារ​របស់ខ្ញុំ​រស់នៅ​ទី​នេះ​បាន​» ​។

លោក​យាយ​ស៊ឹង វួ​ច​លាង ដែល​បើកហាង​លក់​បាយ​ និង​កា​ហ្វ​តូច​មួយ​នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​បាន​បន្ត​ទៀត​ថា ពេល​ចូល​មក​រស់នៅ​ដំបូង ពោល​គឺ​តាំងពី​ម្តុំ​ផ្ទះ​របស់​គាត់​មាន​តែ​ផ្ទះ​៣ ទៅ​៤ ផ្ទះ​តែ​ប៉ុណ្ណោះ និង​នៅ​ជុំវិញ​គឺ​សុទ្ធតែ​ជា​បឹង និង​ត្រពាំង​។ ក្នុង​​អំឡុង​ទស្ស​វត្ស​៨០ និង​៩០ ពេល​នោះ គឺ​ប្រឡាយ​ទឹកជា​ប្រឡាយ​ដី​ធម្មតា​តូច​មួយ ដែល​មានទឹក​ហូរ​ថ្លា​តិច​ៗ និង​មិន​មាន​ច្រើន​ដូច​ពេល​នេះ​ឡើយ គឺ​អាច​ដើរ​ឆ្លងកាត់​ពី​ម្ខាង​ទៅ​ម្ខាង​បាន ជា​ពិសេស​ពេល​នោះ ​គឺ​មិន​មាន​ក្លិនស្អុយ​ខ្លាំង​ដែរ​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ​ ។

សម្រាប់​ការ​យល់​ឃើញ​របស់​លោកយាយស៊ឹង វួ​ច​លាង គឺថា​​ក្លិនស្អុយ​ចេញពី​ប្រ​ឡាញ​ទឹក​ស្អុយ​បឹង​ត្របែក ទីកន្លែង​ដែល​គាត់​និង​ក្រុម​​គ្រួសារ​រស់នៅ​ជាង៣០ឆ្នាំ​នេះ​ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ពួក​គាត់​ទេ​ ។ លោកយាយ​អះអាង​ថា​៖ «​ក្លិនស្អុយ​ពី​ប្រឡាយ​នេះ ​មិន​បាន​បង្ក​អោយ​មាន​បញ្ហា​ដល់​សុខភាព ឬ​សុខភាព​ចុះ​ខ្សោយ ឬ​ធ្វើ​អោយ​សមាជិក​ក្រុម​គ្រួសារ​របស់ខ្ញុំ​ណា​ម្នាក់​ឈឺ ដោយសារ​តែ​ក្លិនស្អុយ​ចេញពី​ប្រឡាយ​ទឹក​បង្ហូរទឹក​ស្អុយ​ទេ​នេះ​ទេ ​។ កុំឱ្យ​តែ​យើង​មាន​ជំងឺ​ឈឺ​ដោយ​ខ្លួនឯង​ទើប​ជា​បញ្ហា​» ​។

ចំណែក​លោកមា​ជ ពៅ ដែល​ជួល​ផ្ទះ​ស្នាក់​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​តាំងពី​ឆ្នាំ​២០០៧ វិញ​បាន​​និយាយ​ថា ទោះបីជា​ពិបាក​ទ្រាំ​​នឹង​ក្លិនស្អុយ ក៏​ត្រូវ​តែ​ទ្រាំ​ដែរ ​ដោយសារ​តែ​មិន​មាន​លទ្ធភាព​ទៅ​រក​ទីតាំង​ណា​​ល្អ​ប្រសើរ​ជាង​នេះ​ ។

​លោក​មា​ជ ពៅ អាយុ ៣៤ ឆ្នាំ​បាន​និយាយ​ថា​៖ «​កាលពី​ចូល​មក​រស់នៅ​ដំបូង​ក្នុងផ្ទះ​ជួល​នៅ​ចំណុច​ខាងលើ​នេះ គឺ​ពួក​យើង​ពិបាក​រស់នៅ​យ៉ាង​ខ្លាំង ដោយសារ​តែ​ក្លិនស្អុយ​ខ្លាំង​សឹងតែ​ទ្រាំ​មិន​បាន​។ តែ​ធ្វើ​ម៉េច​បង​អើយ គ្រួសារ​ខ្ញុំ​ក្រីក្រ និង​មិន​មាន​សមត្ថភាព​ទៅ​រក​ផ្ទះ​ជួល​ដែល​ល្អ​ជាង​នេះ​បាន ទើប​នាំ​គ្នា​ទ្រាំ​រស់នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​រហូត​មក​ដល់​ពេល​នេះ​» ។

លោក​បាន​បន្ថែម​ថា​៖ «​សម្រាប់​ខ្ញុំ​ពេល​នេះ គឺ​អាច​និយាយ​បាន​ថា​ច្រមុះ​ខ្ញុំ​ គឺ​ស៊ាំ​នឹង​បរិយាកាស​ទី​នេះ អ​ញ្ចឹ​ង​លែង​មាន​អារម្មណ៍​ថា​ស្អុយ​ទៀត​ហើយ» ។ ប៉ុន្តែ​លោក​ជឿជាក់​ថា​ការ​រស់នៅ​ជាមួយនឹង​ក្លិនស្អុយ​រាប់​ឆ្នាំ​ធ្វើ​ឲ្យ​សុខភាព​គាត់ និង​ប្រពន្ធ​កូន​ខ្សោយ​ហើយ​ឧស្សាហ៍​ធ្លាក់ខ្លួន​ឈឺ​។

លោក​បាន​បន្ត​ថា​៖ «​ទោះបី​លែង​មាន​អារម្មណ៍​ថា​ស្អុយ​ក៏​ពិតមែន តែ​ខ្ញុំ​ជឿ​ថា​ក្លិនស្អុយ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់ខ្ញុំ ក៏​ដូច​ជា​ប្រពន្ធ និង​កូន​ៗ​យ៉ាង​ខ្លាំង​ផង​ដែរ ហើយ​ក្លិនស្អុយ​ចេញពី​ប្រឡាយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជំងឺ​ជា​ច្រើន​មុខ​ប្រចាំ​កាយ ហើយ​អ្នក​ក្បែរ​ខាង​ទាំង​ចាស់ ទាំង​ក្មេង​ភាគច្រើន​គឺ​មាន​បញ្ហា​សុខភាព​ដូច​ពួក​ខ្ញុំ​ដែរ​» ។ លោក មា​ជ ពៅ  បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ចេញពី​ស្រុក​កំណើត​ឯ​ខេត្តព្រៃវែង និង​មក​ជួល​ផ្ទះ​ស្នាក់​លើ​ប្រឡាយ​ទឹក​បង្ហូរទឹក​ស្អុយ​បឹង​ត្របែក ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ តាំងពី​ឆ្នាំ ២០០៧ មក​ម្លេះ រហូត​មក​ទល់​នឹង​ពេល​នេះ​គឺ​មាន​រយះ​ពេល ១០​ឆ្នាំ ទៅ​ហើយដោយ​ប្រកប​មុខរបរ​ដើរ​បេះ​ត្រកួន​លក់​ឲ្យ​គេ​។

​យ៉ាងណាមិញ លោកវ៉េ​ន វ៉ា​វ អាយុ ២៧​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង​បី​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​លោក​បាន​ចេញពីផ្ទះ​យក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​របស់​លោក​មក​បញ្ឈរ​ចាំ​ដឹក​ម៉ូយ​ជា​ប្រចាំ​នៅ​លើ​ផ្លូវ​ក្បែរ​មាត់​ប្រឡាយ​បង្ហូរទឹក​ស្អុយ​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ នេះ​ជា​ប្រចាំ​។

លោក​បាន​ប្រាប់​ស្រ​ដៀង​គ្នា​ថា​៖ «កាលពីមុន​ដំបូង​ទឹក​ក្នុង​ប្រឡាយ​នេះ​មាន​ក្លិនស្អុយ​យ៉ាង​ខ្លាំង​ស្ទើរតែ​ទ្រាំ​មិន​បាន​។ តែ​ខ្ញុំ​មក​បញ្ឈរ​ចាំ​ដឹក​ម៉ូយ​នៅ​ទី​នេះ​យូរ​ៗ​ទៅ ច្រមុះ​របស់ខ្ញុំ​ហាក់បីដូចជា​មាន​ភាព​ធម្មតា ដោយ​មាន​ក្លិនស្អុយ​ខ្លាំង​នៅ​ពេល​ដែល​ទឹក​ប្រឡាយ​មាន​តិចតួច​តែ​ប៉ុណ្ណោះ​» ។

អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង​បី​ម្នាក់​បាន​បញ្ជាក់​ថា ពេល​ដែល​មានទឹក​ច្រើន​ពេញ​ប្រឡាយ គឺ​មិន​មាន​ក្លិនស្អុយ​ឡើយ គ្រាន់តែ​មាន​ក្លិន​ភាយ​ៗ​តាម​ខ្យល់​ម្តង​ៗ​តែ​ប៉ុណ្ណោះ​។ លោក​និយាយ​ថា​អ្នក​ដែល​រត់​កង់​បី​ក៏​ដូច​ជា​អ្នក​ដែល​រស់នៅ​លើ​ប្រឡាយ និង​ជិត​ប្រឡាយ​គឺ​លែង​ទទួល​បាន​អារម្មណ៍​ថា​ស្អុយ​ទៀត​ហើយ​។

​លោក​បាន​និយាយ​ថា​៖«ខ្ញុំ​លែង​មាន​អារម្មណ៍​ថា​ប្រឡាយ​ទឹក​បឹង​ត្របែក​នេះ​ស្អុយ​ហើយ ដោយសារ​តែ​ភាពស៊ាំ តែ​ខ្ញុំ​តែង​កត់​សម្គាល់ថា​អ្នក​ដែល​ធ្វើ​តំណើរ​ឆ្លង​ដើរ​កាត់​ម្តង​ៗ​មិន​ថា ជា​ជនជាតិ​ខ្មែរ ឬ​ជនបរទេស​ឡើយ គឺ​ឃើញ​ពួក​គាត់​យកដៃ​បិទ​ច្រមុះ​គ្រប់​ៗ​គ្នា ទំនងជា​ស្អុយ​ខ្លាំង​ហើយ​មើលទៅ?​» ។ 

គួរ​បញ្ជាក់​ថា ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​នេះ​គឺជា​ប្រឡាយ​មេ​បង្ហូរទឹក​ស្អុយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​នឹង​កំពុង​តែ​តាំងទី​លំនៅ និង​ប្រកប​មុខរបរ​រកស៊ី​នៅ​តាម​បណ្តោយ​មាត់​ប្រឡាយ​នេះ ដោយ​មាន​កន្លែង​ខ្លះ​មាន​ក្លិនស្អុយ​ខ្លាំង​ធ្វើ​អោយ​ប៉ះ​ដល់​សុខភាព និង ការ​រស់នៅ​របស់​ប្រជាប​ល​រដ្ឋ និង​កន្លែង​ខ្លះ​រង​ផល​ប៉ះពាល់​ដល់​ពួក​គាត់​តិចតួច​តែ​ប៉ុណ្ណោះ​។ បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​ការ​រស់នៅ និង ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​របស់​អ្នកមាន​ទីលំនៅ​តាម​បរ​ឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​។

ដោយសារ​តែ​ក្លិនស្អុយ​របស់​ប្រឡាយ​បង្ហូរទឹក​ស្អុយ​បឹង​ត្របែក​នោះ បាន​ធ្វើ​អោយ​មាន​បញ្ហា​ប្រឈម និង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ការ​រស់នៅ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែលរ​ស់មាន​ទីលំនៅ​តាម​បណ្តោយ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​មួយ​នេះ តែ​ក្លិនស្អុយ​មួយ​នេះ​វា​ហាក់បីដូចជា​ស៊ាំ និង​ជា​ធម្មតា​ទៅ​ហើយ​សំរាប់​ពួក​គាត់ តែ​នៅ​តែ​មាន​ក្លិនស្អុយ​យ៉ាង​ខ្លាំង​ដដែល​សំរាប់​មនុស្ស​ចំណូល
ថ្មី​​។