ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ព​ន្លឿ​ន​ការសាងសង់់​ និង​បង្កើន​រចនាបថ​ខ្មែរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឱ្យ​ដឹង​ថា អ្នកជំនាញ​សាងសង់​ចិន​បាន​ប្ដេជ្ញា​ធ្វើ​ឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​«​មរតក​តេ​ជោ​» ក្លាយជា​

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឱ្យ​ដឹង​ថា អ្នកជំនាញ​សាងសង់​ចិន​បាន​ប្ដេជ្ញា​ធ្វើ​ឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​«​មរតក​តេ​ជោ​» ក្លាយជា​ពហុ​កីឡដ្ឋាន​ដែល​មាន​រចនាបថ​ដ៏​ស្រស់​ស្អាត​បែប​ខ្មែរ​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ាន បន្ថែម​ពីលើ​សកម្មភាព​ព​ន្លឿ​ន​ការ​សាងសង់​ផង​ដែរ ។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​លោក​ប៉ាន់​ស្មានថា អាច​នឹង​លេច​រូបរាង​ដូច​គម្រោង​ប្លង់​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ទុក​ពេល​៣​ឆ្នាំ​ធ្វើការ​កែ​លម្អ និង​តុបតែង​ឱ្យ​ពេញ​លក្ខណៈ ហើយ​ឈាន​ទៅ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​តែ​ម្ដង ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បន្ត​ថា ក្រោយការ​បើក​សម្ពោធ​ទីលាន​ហែល​ទឹក និង​សាលកីឡា​ដែល​បាន​សាងសង់​រួច​ក្នុង​ដំណាក់កាល​ទី​១ ក្រុម​អ្នកជំនាញ​សាងសង់​ចិន​បាន​មកទស្សនកិច្ច​ទីតាំង​សាងសង់​ពហុ​កីឡដ្ឋានជាតិ​«​មរតក​តេ​ជោ​»​ដើម្បី​ព​ន្លឿ​ន​ការ​សាងសង់​សម្រាប់​ដំណាក់កាល​ទី​២ ។ លោក​ថា ពហុ​កីឡដ្ឋាន​នេះ​នឹង​ត្រូវ​រៀបចំ​ឱ្យ​ល្អ​ឥត​ខ្ចោះ ទាំង​បរិស្ថាន សោភ័ណ​ភាព និង​រចនាបថ ដើម្បី​ឱ្យ​បរទេស​គ្រាន់តែ​ឃើញ​គឺ​ដឹង​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​១០០​ភាគរយ​តែ​ម្ដង ។ ប៉ុន្តែ​ក៏​ត្រូវ​បន្ថែមបន្ថយ​រចនាបថ​ឱ្យ​ទាក់ទាញ​ក្រសែភ្នែក​បរទេស​ផង​ដែរ ដែល​លោក​បាន​ហៅ​ការ​បន្ថែម​បន្ថយ​នោះ​ថា ឱ្យ​មើលទៅ​មាន​ភាព​ទំនើប ។ ពហុ​កីឡដ្ឋាន​នេះ​សាងសង់​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ព្រឹត្តិការណ៍ SEA Games លើក​ទី​៣២​ក្នុង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ទើប​ភាគី​ចិន​ដែល​ជា​អ្នក​ទទួល​សាងសង់ និង​ភាគី​ខ្មែរ​ប្រយ័ត្នប្រយែង​បំផុត ទាំង​រយៈពេល​រួចរាល់​ឱ្យ​បាន​មុន​គម្រោង និង​រចនាបថ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ចិន​នា​ពេល​កន្លង​មក លោក​បាន​បញ្ជាក់​ថា អ្នកជំនាញ​សាងសង់​ចិន​បាន​ឲ្យ​តម្លៃ​លើ​គម្រោង​សាងសង់​របស់​ពហុ​កីឡដ្ឋាន​ជាតិ​ប្រវត្តិសាស្ដ្រ​មួយ​នេះ ដោយ​បាន​សរសើរ​ថា​មាន​លក្ខណសម្បត្តិ​ល្អ​ប្រសើរ​ទាំង​ទីតាំង និង​ខ្ស​ល់​អាកាស ដែល​អាច​នឹង​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក​ងាយស្រួល​ហ្វឹកហាត់ និង​ប្រកួត ។ តាម​រយៈ​ការ​សង្កេត​យ៉ាង​ល្អិតល្អន់​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នកជំនាញ​ចិន​ប្ដេជ្ញា​ចិត្ត​ថា​ពួក​គេ​នឹង​ជួយ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុ​ជាមួយ​នេះ​ឲ្យ​មាន​រចនាបថ​ស្រស់​ស្អាត​ជាង​បណ្ដា​ពហុ​កីឡដ្ឋាន​នានា​ក្នុង​តំបន់​អាស៊ាន តែ​ត្រូវ​គោរព​តាម​រចនាបថ​ខ្មែរ។ ជាក់ស្ដែង​លោក​បាន​សរសើរ​ថា គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​នេះ​ក្នុង​ដំណាក់កាល​ទី​១ គឺ​ទទួល​បានការ​សរសើរ​ច្រើន​ក្រោយ​ពី​សម្ពោធ​ឱ្យ​អត្ត​ព​លិ​ក​ហ្វឹកហាត់​ជា​ផ្លូវការ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​បាន​ថ្លែង​ថា ក្រុមការងារ​របស់​ចិន​បាន​យកចិត្តទុកដាក់​ចំពោះ​សំណង់​មួយ​នេះ​យ៉ាង​ខ្លាំង ដោយ​ក្រៅពី​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា គេ​ក៏​បាន​យកចិត្តទុកដាក់​លើ​ការ​ព​ន្លឿ​ន​សំណង់ និង​រចនាបថ​សម្រាប់​ដំណាក់កាល​បន្តបន្ទាប់​ផង​ដែរ ។ លោក​ថា ភាគី​ចិន​បាន​សរសើរ​ថា រចនាប​ថ​ខ្មែរ​ក្រោយ​ពេល​យក​មក​ច្នៃ​ធ្វើ​ជា​សំណង់​នៅ​កីឡដ្ឋាន​មរតក​តេ​ជោ គឺ​ទាក់ទាញ ទើប​ក្រុម​ជំនាញ​ទាំងនេះ​បន្ត​ការ​ស្រាវជ្រាវ និង​សិក្សា​ជាមួយ​អ្នកជំនាញ​ខ្មែរ ដើម្បី​ដកស្រង់​នូវ​រចនាបថ​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​យក​មក​ច្នៃ​សម្រាប់​សំណង់​មួយ​នេះ ។ លោក​មានការ​ជឿជាក់​លើ​ស្នាដៃ​សាងសង់​របស់​ចិន​យ៉ាង​ខ្លាំង ដោយ​រំពឹង​ក្រោយ​ពេល​បញ្ចប់​គម្រោង​ទាំងស្រុង គឺ​នឹង​ធ្វើ​ឱ្យ​ពហុ​កីឡដ្ឋាន​មួយ​នេះ​ល្អ​ស្អាត​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន លើ​រចនាបថ​ប្លែក​ពី​គេ និង​ល្អ​ជាងគេ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ឱ្យ​ចាប់អារម្មណ៍ បន្ទាប់​ពី​បានឃើញ​ដោយ​ផ្ទាល់​ក្នុង​ឆ្នាំ​២០២៣ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ។

លោក​បាន​បន្ថែម​ថា តាម​ការ​អះអាង​ពី​ភាគី​ចិន ពួក​គេ​នឹង​រចនា​ពហុ​កីឡដ្ឋាន​ជាតិ​«​មរតក​តេ​ជោ​» ឲ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ជាងគេ និង​ចេញ​រូបរាង​ពិតប្រាកដ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​ដើម្បី​ទុក​រយៈពេល​បន្ទាប់​ពី​នោះ​ធ្វើ​ជា​ដំណាក់កាល​កែ​លម្អ និង​តុបតែង​ភ្លើងពណ៌​វិញ ។

ថ្នាក់ដឹកនាំ​កីឡា​ដ៏​មាន​សក្ដានុពល​រូប​នេះ បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​» ដែល​ជា​ពហុ​កីឡដ្ឋាន​ជាតិ​ដ៏​ទំនើប​លំដាប់​អន្ដរជាតិ​របស់​កម្ពុជា ឈាន​ដល់​ដំណាក់​កាល​ទី​២​បាន​ច្រើន​ភាគរយ​ហើយ បន្ទាប់​ដំណាក់កាល​ទី​១​ទើបបាន​សម្ពោធ ។ គម្រោង​ទី​១​រួម​មាន អាង​ហែល​ទឹក​, ទីលាន​ប្រកួត​កីឡា​ក្នុង​សាល​១, ទីលាន​ប្រកួត​កីឡា​ប្រយុទ្ធ​ចំនួន​២, តារាង​បាល់​ទះ​១, តារាង​បាល់ទាត់​ផ្លូវការ​, ទីលាន​ហ្វឹកហាត់​ចំនួន​២, ទីលាន​ប្រកួត​កីឡា​វាយ​កូន​បាល់​១ និង​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​កីឡាករ​-​កីឡាការិនី ចំនួន​៣០០​នាក់​មួយ​ផង​ដែរ ។ គម្រោង​នេះ​ចំណាយ​ប្រមាណ​ជា​៣៩​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​គម្រោង​ទី​២​ត្រូវ​បាន​ព​ន្លឿ​ន​យ៉ាង​យកចិត្តទុកដាក់ ។

ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​របស់​ពហុ​កី​ឡ​ដ្ឋា​ន​នេះ ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​លើ​សោភ័ណ​ភាព និង​រចនាបថ​យ៉ាង​ខ្លាំង ។ ក្រោយ​ការ​សម្ពោធ​កាលពី​ខែមេសា ឆ្នាំ​២០១៧ មុន​នេះ ទិដ្ឋភាព​របស់​ពហុ​កីឡដ្ឋាន​ត្រូវ​គេ​បង្ហោះ និង​កោតសរសើរ​ព្រោងព្រាត បើ​ទោះជា​មាន​ខ្លះ​និយាយ​ថា ហាក់​មាន​រចនាបថ​ជា​ទម្រង់​ចិន​ខ្លះ មិន​ពេញ​លក្ខណៈ​ជា​ស្ដា​តរបស់​ខ្មែរ ។ ពហុ​កីឡដ្ឋាន​នេះ លាត​សន្ធឹង​លើ​ផ្ទៃដី​៨៣​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌឫស្សីកែវ ដោយ​ដំណាក់កាល​ទី​២​ផ្ដោត​លើ​កីឡដ្ឋាន​បាល់ទាត់ និង​ទីលាន​ទទួលទាន​អាហារ​ជួបជុំ​ជា​លក្ខណៈ​មហា​គ្រួសារ​កីឡា​កម្ពុជា ។ ពហុ​កីឡដ្ឋាន​នេះ គឺជា​គម្រោង​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ៕