ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុងពេល​បំពេញទស្សនកិច្ច​ នៅម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន ឆ្លៀត​មុជទឹកសមុទ្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ម៉ាល់ឌីវ​៖ នៅពេលអញ្ជើញទៅ​ដល់​ប្រទេស​ ម៉ាល់ឌីវ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមុជទឹកសមុទ្រ…

ប្រទេស​ម៉ាល់ឌីវ​៖ នៅពេលអញ្ជើញទៅ​ដល់​ប្រទេស​ ម៉ាល់ឌីវ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសដែនកោះ ដែល​ជាកន្លែងទេសចរណ៍​ដ៏ទាក់ទាញ​នេះ​។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថត​នៅលើបណ្តាញសង្គម ដែលមានសេចក្តីថា «ឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹក នៅជាប់ជាមួយបន្ទប់​ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប»​។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពី​កម្ពុជា ដឹកនាំគណៈ​ប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ច​ផ្លូវការ រយៈពេល ៣ថ្ងៃ នៅប្រទេសម៉ាល់ឌីវ​ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​។

ក្រសួងការបរទេស ប្រកាសថា តបតាមការអញ្ជើញរបស់ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រសួងការបរទេស ប្រកាសថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការ​ជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានា​នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខា​លើឯកសារមួយចំនួន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលការចូលជួបសម្តែង​ការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

ក្រសួងការបរទេស បន្ថែមថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ម៉ាល់ឌីវ នាថ្ងៃទី១៥មករាស្អែកនេះ នឹងផ្ដល់កាលានុវត្តភាព សម្រាប់ភាគីទាំងពីរ ពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ម៉ាឌីវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ