កិច្ចការជំនួញ » រថយន្ត-បច្ចេកវិទ្យា

តិច​និក​ទាំង​10​សម្រាប់​ការពារ​រថយន្ត​ពី​កម្តៅ​ថ្លៃ

ដោយ ៖ គង់ រិទ្ឋរីណា   

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៣:០០   (13-07-2017 13:00)

លោក​អ្នកដឹង​ហើយ​ថា កម្តៅ​ព្រះអាទិត្យ​ខ្លាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក​យើង ដូច្នេះ​លោក​អ្នក​គួរ​ដឹង​ដែរ​ថា វា​ក៏​អាច​ធ្វើ​ឲ្យ​រថយន្ត​សំណព្វចិត្ត​របស់​លោក​អ្នក​ឆាប់​ស្លេក​ពណ៌​ផង​ដែរ ។

នៅ​ពេល​លោក​អ្នក​ចត​រថយន្ដ​ចោល​នៅ​ក្រោម​កម្ដៅថ្ងៃ សីតុណ្ហភាព​ក្នុង​រថយន្ត​អាច​ឡើង​ដល់​ទៅ​៦២​អង្សារ​សេ ខណៈ​ដែល​កម្តៅ​ខាងក្រៅ​ផ្ទៃ​រថយន្ត អាច​ខ្ពស់​ដល់​៩៣​អង្សារ​សេ ឯណោះ ។ 
រថយន្ត​លោក​អ្នក​ពិតជា​មិន​អាច​ទ្រាំ​នូវ​កម្តៅ​ដ៏​ខ្ពស់​នេះ​បាន​យូរ​ឡើយ ដូចនេះ​ហើយ​លោក​អ្នក​គួរតែ​ដឹង​ខ្លះ​ៗ​នូវ​តិច​និក​ពិសេស​ៗ​ក្នុង​ការ​ថែរក្សា និង​ការពារ​រថយន្ដ​ពី​ការ​បំផ្លាញ​ដោយ​កម្ដៅ​ថ្ងៃនេះ។ ខាងក្រោម​នេះ​ជា​តិច​និក​ទាំង​១០​ដែល​អាច​ជួយ​លោក​អ្នក​បាន ៖ 

១-​ឧស្សាហ៍​ពិនិត្យ​មើល​ធុង​ទឹក និង​ប្រេង ៖
នៅ​ពេល​សីតុណ្ហភាព​ក្តៅ ទឹក​នៅ​ក្នុង​ធុង និង បរិមាណ​ប្រេង (​ប្រេងម៉ាស៊ីន ប្រេង​ប្រអប់លេខ​ប្រេង​ហ្វ្រាំង​...) អាច​នឹង​ឆាប់​ហួត​លឿន​ជាង​ធម្មតា ។ ប្រសិនបើ​អ្នក​បើករថយន្ត​ទាំង​ទឹក​ក្នុង​ធុង​និង​ប្រេង​មិន​គ្រប់គ្រាន់ រថយន្ត​នឹង​ឆាប់​ឡើងក​ម្តៅ ហើយ​ឆាប់​ខូច ។ 

២-​ឧស្សាហ៍​ពិនិត្យ​មើល​អា​គុយ ៖
នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង រថយន្ត​របស់​អ្នក​នឹង​ប្រើប្រាស់​កម្លាំង​អា​គុយ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ម៉ាស៊ីនត្រជាក់ ។ ការ​ឆែក​មើល​អា​គុយ អាច​ជួយ​អ្នក​ពី​ការ​បញ្ឆេះ​រថយន្ត​មិន​ឆេះ ថែម​ទាំង​មិន​បានដឹង​មុន ។

៣-​ពិនិត្យ​មើល​តម្រង​ខ្យល់ ៖
ជា​ធម្មតា​ទេ នៅ​ពេល​អាកាសធាតុ​ក្តៅ បរិយាកាស​សម្បូរ​ធូលី​ណាស់ ដូចនេះ​ហើយ ធូលី​និង​កម្ទេចកម្ទី​ទាំងនោះ អាច​ធ្វើ​ឲ្យ​តម្រង​ខ្យល់​របស់​រថយន្ត​ស្ទះ ហើយ​ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​ខុសធម្មតា ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​បង្ក​ឲ្យ​ខូច​សេន​ស័​រវាស់​លំហូរ​ខ្យល់ ដែល​មាន​មុខងារ​កំណត់​បរិមាណ​ខ្យល់​រត់​ចេញចូល​ម៉ាស៊ីន​ទៀត​ផង ។

៤-​ប្រើប្រាស់​ផ្ទាំង​ចំណាំង​ការពារ​កម្តៅថ្ងៃ ៖
ការ​គ្រប​ផ្ទាំង​ចំណាំងផ្លាត​ការពារ​កម្តៅថ្ងៃ​នៅ​លើ​តាប​ឡូ​រថយន្ត អាច​ជួយ​កាត់​បន្ថយ​បរិមាណ​កម្តៅ​ចូល​ក្នុង​រថយន្ត​ពេល​ចត​ចោល​ក្រោម​កម្ដៅថ្ងៃ ។ ដូចនេះ នៅ​ពេល​ចូល​រថយន្ដ អ្នក​មិន​ចាំបាច់​បើក​ម៉ាស៊ីនត្រជាក់​ខ្លាំង​ពេក​ទេ ។ ម្យ៉ាងវិញទៀត វា​ក៏​អាច​ជួយ​កុំ​ឲ្យ​តាប​ឡូ​រថយន្ត​ឆាប់​ហើរ​ពណ៌​ផង​ដែរ ។ 

៥-​ពិនិត្យ​មើល​សម្ពាធ​ខ្យល់​កង់​រថយន្ត​ជា​រៀង​រាល់​ខែ ៖
ជា​ធម្មតា ខ្យល់​ក្នុង​សម្បក​កង់​នឹង​រីក​មាឌ នៅ​ពេល​ត្រូវ​ក្តៅ ដូចនេះ​ហើយ អ្នក​គួរ​ឧស្សាហ៍​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​កម្រិត​សម្ពាធ​កង់​រថយន្ត​ឲ្យ​បាន​សម​ស្រប នៅ​ពេល​រដូវក្តៅ​មក​ដល់។ 

៦-​រើស​កន្លែង​ចត​ឲ្យ​ល្អ ៖
អ្នក​គួរតែ​ចត​រើស​កន្លែង​ផង នៅ​ពេល​ក្ដៅ​ខ្លាំង អ្នក​គួរតែ​ចត​នៅ​កន្លែង​ណា ដែល​មាន​ម្លប់​ត្រជាក់​ស្រួល កុំ​ចេះ​តែ​ចត​ឲ្យ​តែ​បាន​នោះ ។ 

៧-​សម្អាត​ផ្នែក​ខាងក្នុង​រថយន្ត​ជា​ប្រចាំ ៖
នៅ​ខែ​ក្តៅ​គឺ​សម្បូរ​ដី​ហុយ ដូចនេះ​យើង​គួរ​ឧស្សាហ៍​សម្អាត​ផ្នែក​ខាងក្នុង​របស់​រថយន្ត​ផង ព្រោះ​ធូលី​ទាំងនោះ អាច​ចូល​ក្នុង​រថយន្ត​បាន​។ ម្យ៉ាងវិញទៀត ផ្នែក​ខាងក្នុង​រថយន្ត​អាច​នឹង​ងាយ​ស្ងួត​ប្រេះ​ដោយសារ​កម្តៅថ្ងៃ ដូច្នេះ​ហើយ ការ​សម្អាត​អាច​ផ្តល់​សំណើម​ដល់​វា​ខ្លះ​ដែរ ។

៨-​លាង​សម្អាត​រថយន្ត​ឲ្យ​បាន​ញឹកញាប់ ៖
ដូច​បាន​រៀបរាប់​ខាងលើ​ផង​ដែរ នៅ​ខែ​ក្តៅ​គឺ​សម្បូរ​ធូលី និង​កម្ទេចកម្ទី​មក​ប្រឡាក់​រថយន្ត​ដូច្នេះ​អ្នក​គួរតែ​លាង​វា​ឲ្យ​ស្អាត​ជា​ញឹកញាប់ ។

៩-​ប្រើ​ថ្នាំ​មាន​ជាតិ​ក្រមួន​លាប​ទៅ​លើ​រថយន្ត ៖
ការ​លាង​សម្អាត​រថយន្ត​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​ទេ ។ អ្នក​គួរតែ​ប្រើ​ថ្នាំ​ជូត​រថយន្ត​ដែល​មាន​ជាតិ​ក្រមួន​ការពារ ទើប​ប្រសើរ ព្រោះ​វា​អាច​ធ្វើ​ជា​ស្រទាប់​ការពារ​ទឹក​ថ្នាំ​រថយន្ត​ពី​កម្តៅ​ថ្លៃ ។ 

១០-​គួរតែ​ប្រើ​ស្កុ​ត​បិទ​ការពារ​ថ្នាំ​រថយន្ត ៖
ជា​ការ​ពិត​ណាស់ ការ​បិទ​ស្កុ​ត​ការពារ​រថយន្ត អាច​ជួយ​ការពារ​ទឹក​ថ្នាំ​នៅ​ពេល​ប៉ះ ទង្គិច​តិចតួច​បាន ។ លើស​ពី​នេះ ស្កុ​ត​ខ្លះ​អាច​កាត់​បន្ថយ​បរិមាណ​កម្តៅ​ចូល​ក្នុង​រថយន្ត​ថែម​ទៀត​ផង ។

ក្រោយ​ពី​បានដឹង​នូវ​តិច​និក​ទាំង​១០​ក្នុង​ការ​ថែរក្សា និង​ការពារ​រថយន្ត​ពី​កម្តៅថ្ងៃ​រួច​ហើយ លោក​អ្នក​ហាក់ដូចជា​ទទួល​បាន​វ៉ា​ក់​ស៊ាំ​ង​សម្រាប់​ទៅ​ចាក់​រថយន្ត​របស់​អ្នក ដើម្បី​ការពារ​ការ​ខូចខាត​ពី​កម្ដៅថ្ងៃ​អីុ​ចឹ​ង ៕