ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វ័យ​៨៧​ឆ្នាំ​ជិះ​កង់​លក់​ឱសថ​បុរាណ​ដួល​សន្លប់​ត្រូវ​បាន​ជួយ​សង្គ្រោះ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ លោកតា​ម្នាក់​អាយុ​៨៧​ឆ្នាំ​ជិះ​កង់​ដើរ​លក់​ឱសថ​បូរាណ​តាំងពី​ស្រុក​ភ្នំក្រវាញ​ដល់​ក្រុង​ពោធិ៍សាត់​ចៃដន្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ខ្លួនឯង​សន្លប់​នៅ​ពាក់កណ្ដាល​ផ្លូវ​

ខេត្តពោធិ៍សាត់ ៖ លោកតា​ម្នាក់​អាយុ​៨៧​ឆ្នាំ​ជិះ​កង់​ដើរ​លក់​ឱសថ​បូរាណ​តាំងពី​ស្រុក​ភ្នំក្រវាញ​ដល់​ក្រុង​ពោធិ៍សាត់​ចៃដន្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ខ្លួនឯង​សន្លប់​នៅ​ពាក់កណ្ដាល​ផ្លូវ​បាន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ និង​ប្រជា​ការពារ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

លោក​វរសេនីយ៍ឯក ប៉ិច ស៊ី​ផា​ន់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អឿ​ង រ៉​ម ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឫស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ មានមុខរ​បរជា​គ្រូ​ផ្សំ​ថ្នាំ​បូរាណ ។ ក្រៅពី​អតិថិជន​ទៅ​ទិញ​ដល់​ផ្ទះ​គាត់​តែង​ជិះ​កង់​ដើរ​លក់​ដោយ​ខ្លួនឯង​នៅ​គ្រប់​ទីកន្លែង​នានា​ក្នុង​ខេត្តពោធិ៍សាត់​ដើម្បី​បាន​លុយ​បន្តិចបន្តួច​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ជាក់ស្ដែង​នៅ​ថ្ងៃ​នោះ​លោកតា​បាន​ជិះ​កង់​ដើរ​លក់​ដូច​សព​ដង ប៉ុន្តែ​ចៃដន្យ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ គាត់​បាន​វិលមុខ​ដួល​កង់​សង្កត់​លើ​បណ្ដាល​ឲ្យ​សន្លប់​រង​របួស​ដៃជើង និង​ក្បាល​បន្តិចបន្តួច ។ ឃើញ​ដូច្នេះ​កម្លាំង​ប្រជា​ការពារ និង​ប៉ុស្ដិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ​បាន​ជួយ​សង្គ្រោះ​ទៅ​តាម​ទម្លាប់​ទាន់​ពេលវេលា​ដោយ​មិន​បាន​យក​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ឫស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹង​ថា លោកតា​នៅ​ពីរ​នាក់​យាយ​តា​លើ​ដី​អ្នក​ដទៃ​ដែល​គេ​ឲ្យ​រស់នៅ​បណ្ដោះអាសន្ន​ក្នុងផ្ទះ​ស្លឹក​លិច​ធ្លុះធ្លាយ ។ ដោយសារ​ជីវភាព​ខ្វះខាត​ច្រើន​ហូប​ចុក​មិន​បាន​គ្រប់គ្រាន់​ហើយ​គាត់​ចាស់ជរា និង​កម្លាំង​ចុះ​ខ្សោយ​ផង​នោះ​ទើប​គាត់​ជួប​គ្រោះថ្នាក់​ជិះ​កង់​វិលមុខ​ដួល​បែប​នេះ ។​ ​មានការ​កោតសរសើ​ពី​ប្រជាពលរដ្ឋ​ថា ទោះបី​លោកតា​មាន​អាយុ​ដល់​ទៅ​៨៧​ឆ្នាំ​ជា​ជន​ចាស់ជរា​ទៅ​ហើយ​ក៏​ដោយ ក៏​លោកតា​នៅ​អាច​ជិះ​កង់​ដើរ​លក់​ឱសថ​បូរាណ​បាន​ទៀត​ដោយ​ពឹង​លើ​កម្លាំង​ញើស​ឈាម​ខ្លួនឯង​គឺ​ពិតជា​អស្ចារ្យ​មែន ៕