ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​លក់​ម៉ូតូ​ជជុះ អាច​ប្រឈម​នឹង​បាត់​ទីផ្សារ​នៅ​ពេល​ខាង​មុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​ម៉ូតូ​ថ្មី​កាន់តែ​ច្រើន និង​ម៉ូតូ​ច្នៃ​ដឹក​ទិញ និង​អ្នកដំណើរ​កាន់តែ​សម្បូរ​បែប​នោះ កំពុង​តែ​ធ្វើ​ឲ្យ​អ្នកលក់​ម៉ូតូ​ជជុះ​បាត់បង់​ចំណែក​ទីផ្សារ​ជា​បន្ដបន្ទាប់ ហើយ​ការ​បាត់បង់​នេះ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​ម៉ូតូ​ថ្មី​កាន់តែ​ច្រើន និង​ម៉ូតូ​ច្នៃ​ដឹក​ទិញ និង​អ្នកដំណើរ​កាន់តែ​សម្បូរ​បែប​នោះ កំពុង​តែ​ធ្វើ​ឲ្យ​អ្នកលក់​ម៉ូតូ​ជជុះ​បាត់បង់​ចំណែក​ទីផ្សារ​ជា​បន្ដបន្ទាប់ ហើយ​ការ​បាត់បង់​នេះ ច្បាស់​ណាស់​ទីផ្សារ​មួយ​នេះ អាច​នឹង​បាត់ឈ្មោះ​នា​ពេល​ថ្ងៃ​ខា​មុខ ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ពលរដ្ឋ​មានការ​ប្រែប្រួល ពិសេស​ទៅ​លើ​បែបផែន​នេះ​ជីវិត​។

លោក យឹ​ម ហ៊ា​ប អ្នកលក់​ម៉ូតូ​ជជុះ​នៅ​ឃ្លាំង​លេខ​7A ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ បានឱ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​លក់​ម៉ូតូ​ជជុះមាន​ភាព​ស្ងាត់ ដោយសារ​អ្នក​ប្រើប្រាស់​ប្តូរ​ទៅ​ប្រើ​ម៉ូតូ​កែ​ច្នៃ ឬ​មូ​តូ​កង់​បី​ដែល​នាំ​ចូល​ពី​បរទេស សម្រាប់​ប្រកប​មុខរបរ​ផ្សេង​ៗ ព្រោះ​ពួក​គេ​គិត​ថា ម៉ូតូ​កែ​ច្នៃ​និង​ម៉ូតូ​កង់​បី​ដែល​នាំ​ចូល​នោះ មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ម៉ូតូ​ជជុះ​ដែល​ទិញ​យក​ទៅ​កែ​ដាក់​រ៉ឺ​ម៉ក​ដែរ ហើយ​មើលទៅ​ថ្មី និង​មានគុណ​ភាព​ទៀត ។

លោក​លើក​ឡើង​ថា ៖« ឃ្លាំង​របស់ខ្ញុំ​កាលពី​មិន​ទាន់​មាន​ម៉ូតូ​កែ​ច្នៃ អាច​លក់​បាន​ប្រហែល​១០០​គ្រឿងក្នុង​១​ខែ តែ​សព្វ​ថ្ងៃនេះ​គិត​ជា​មធ្យម ប្រហែល​៥០​គ្រឿង​ប៉ុណ្ណោះ​។ ថ្ងៃ​ខាង​មុខ បើ​នៅ​តែ​ធ្លាក់​ចុះ​បែប​នេះ ម្ចាស់​អាជីវកម្ម​អាច​នឹង​ប្តូរ​មុខរបរ​មិន​ខាន ឬ​ប្ដូរ​ពី​លក់​ម៉ូតូ​សង់​កូរ៉េ មក​លក់​ម៉ូតូ​ដែល​ពេញ​និយម​នៅ​លើ​ទីផ្សារ​ជាក់ស្តែង​វិញ » ។

អ្នកលក់​ម៉ូតូ​នៅ​ឃ្លាំង​លេខ​៣១​ស្ថិត​ក្នុង​តំបន់​នោះ​ដែរ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ទីផ្សារ​និង​តម្រូវការ​ម៉ូតូ​ជជុះ​សព្វ​ថ្ងៃនេះ​ខុស​គ្នា​ច្រើន​ណាស់ បើ​ធៀប​នឹង​ពី​២​ឬ​៣​ឆ្នាំ​មុន ។

លោក គី ស៊ុន​ហេង អ្នកលក់​ម៉ូតូ​រូប​នេះ​បាន​បន្ដ​ថា ៖« រយៈពេល​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​លក់​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។ ការ​ធ្លាក់​ចុះ​នេះ​អាច​មក​ពី​ទីផ្សារ​ម៉ូតូ​ថ្មី​ៗ​វាយលុក​ខ្លាំង ព្រោះ​តម្លៃ​ម៉ូតូ​ថ្មី និង​ម៉ូតូ​ជជុះ មិន​ខុស​ត្រូវ​គ្នា​ច្រើន​ប៉ុន្មាន​ដែរ ។ ណាមួយ ការ​ទិញ​លក់​ក៏​មាន​ភាព​ងាយស្រួល​ដែរ ដូច​ជា តាម​វិធី​បង់​រំលស់​ជាដើម » ។

បើ​តាម​លោក​ស៊ុន​ហេង សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ជួល​ឃ្លាំង​លក់​ម៉ូតូ​បាន​ថយ​ចុះ​ប្រហែល​៧០% ដោយសារ​ពិបាក រក​ប្រាក់​បង់ថ្លៃ​ឃ្លាំង និង​បើក​ប្រាក់ខែ​កម្មករ ។

ការ​ធ្លាក់​ចុះ​នេះ ជា​ការ​បម្រែបម្រួល​មួយ​ដែរ ដោយ​បង្ហាញ​ពី​ការ​រស់នៅ​បែប​ទាន់សម័យ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ធូរធារ​ជាង​មុន ហើយ​ក៏​គ្មាន​វិធី​ណា​មក​ទប់ទល់​បាន​ដែរ មាន​តែ​ផ្លាស់​ប្ដូរ​មុខរបរ ឬ​លក់​ម៉ូតូ​ដែល​កំពុង​មាន​តម្រូវការ​លើ​ទីផ្សារ​ប៉ុណ្ណោះ ។

ដោយឡែក​បើ​តាម​អ្នកលក់​ម៉ូតូ​ថ្មី​ក្នុង​ក្រុមហ៊ុន​វិញ​បាន​ឲ្យ​ដឹង​ថា ទោះបីជា​ការ​នាំ​ចូល​ម៉ូតូ​ថ្មី​មាន​ច្រើន​ប្រភេទ​និង​ច្រើន​ម៉ាក​ក៏​ដោយ ក៏​តម្រូវការ​ម៉ូតូ​លើ​ទីផ្សារ​ហាក់ដូច​មិន​ធ្លាក់​ចុះ​នោះ​ទេ ។

កញ្ញា ហាំ រ៉ា​វី ដែល​លក់​ម៉ូតូ​នៅ​ក្រុមហ៊ុន​ហុងដា សាខា​ផ្សារ​សាមគ្គី បានឱ្យ​ដឹង​ថា ៖« ម៉ូតូ​សេរី​ថ្មី​ៗ​កំពុង​តែ​ពេញ​និយម​ពី​យុវវ័យ​កម្ពុជា ពិសេស​ទៅ​លើ​ប្រភេទ​ម៉ូតូ​ប្រើ​លេខ​អូ​តូ ងាយស្រួល​ជិះ​នៅ​តាម​ទីប្រជុំជន ។ កញ្ញា​បន្ដ​ថា ក្នុង​១​ខែ​ក្រុមហ៊ុន អាច​លក់​ម៉ូតូ​ប្រើ​លេខ​អូ​តូ​បាន​ប្រហែល​៣០% និង​ក្រៅពី​នេះ ជា​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ » ។

យុវនារី​ម្នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ប្រើ​លេខ​អូ​តូ បានឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​ម៉ូតូ​ថ្មី វា​ផ្តល់​ភាព​ងាយស្រួល​ជា​ច្រើន ដូច​ជា មិន​បារម្ភ​អំពី​ការ​ខូច នាំ​ឲ្យ​ចំណាយ​ប្រាក់​ម៉ាក់​ប៉ា​ច្រើន មាន​ទំនុកចិត្ត​ពេល​បើកបរ និង​មើលទៅ​សមរម្យ ។

កញ្ញា វិញ លី​កា បន្ដ​ថា ៖« ការ​ប្រើប្រាស់​ម៉ូតូ​ថ្មី​នេះ មិន​ថា​តែ​រូប​នាង​ខ្ញុំ​នោះ​ទេ សូ​ម្បី​តែ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត ក៏​យល់​វា​ផ្តល់​ទំនុកចិត្ត​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់​ដែរ​។ លើស​ពី​នេះ ការ​ប្រើប្រាស់​ម៉ូតូ​ថ្មី ទទួល​បានការ​ធានា​ពី​ក្រុមហ៊ុន​នៅ​ក្នុង​រយៈពេល​ណាមួយ​សម​ស្រប ខុស​ពី​ម៉ូតូ​ជជុះ បើ​អ្នកទិញ​មិន​ចេះ​មើល​ទេ វា​អាច​ខូច​ញឹកញាប់ ចំណាយ​អស់​ច្រើន ហើយ​បើ​គិត​ទៅ​តម្លៃ​អាច​ស្មើនឹង​ម៉ូតូ​ថ្មី​ក៏​មាន ។ ម្យ៉ាងទៀត ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក៏​បារម្ភ​ផង​ដែរ » ។

យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​១៩៩០​ដល់​ខែមេសា ឆ្នាំ​២០១៧ មាន​ម៉ូតូ​ប្រមាណ​ជាង​៣,២៩​លាន​គ្រឿង​ដែល​កំពុង​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស ។ នេះ​មិន​ទាន់​គិតដល់​ម៉ូតូ​ដែល​មិន​បាន​ចុះបញ្ជី និង​ខុសច្បាប់​នៅឡើយ ។

ដោយឡែក​នៅ​ក្នុង​រាជធានី​ភ្នំពេញ បើ​តាម លោក ជា ប៊ុ​ន​ធឿ​ន ប្រធាន​អង្គភាព​ចុះបញ្ជី​ទោចក្រយាន​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៧​នេះ អង្គភាព​របស់​លោក​បាន​ទទួល​ចុះបញ្ជី​មធ្យោបាយ​យានជំនិះ​មាន​ម៉ូតូ ម៉ូតូ​កង់​បី និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ចំនួន​១​លាន​៣​សែន ហើយ​សម្រាប់​មួយ​ឆ្នាំ​២០១៦​កន្លង​មកនេះ មាន​ចំនួន​១៥​ម៉ឺន​៨​ពាន់​៧១០​គ្រឿង ។

លោក​បាន​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ ម៉ូតូ​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​មានការ​កើនឡើង ជាង​១០​ម៉ឺន​គ្រឿង​ជា​រៀង​រាល់​១​ឆ្នាំ​តែ​ម្តង ៕