ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ ងាក​មក​ជិះ​កង់​បី​ដែល​បំពាក់​បច្ចេកវិទ្យា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ការ​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​សាធារណៈ​រួម​មាន តាក់ស៊ី ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រ៉ឺ​ម៉ក​ម៉ូតូ ដែល​រកស៊ី​តាម​បែប​ប្រពៃណី ដូច​ជា ជិះ​ស្វែងរក​ម៉ូយ ឬ​ឈប់​នៅ​ទីតាំង​ណាមួយ​សម្រាប់​ដឹក​ភ្ញៀវ​នោះ គឺ​មិន​អាច​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ការ​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​សាធារណៈ​រួម​មាន តាក់ស៊ី ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រ៉ឺ​ម៉ក​ម៉ូតូ ដែល​រកស៊ី​តាម​បែប​ប្រពៃណី ដូច​ជា ជិះ​ស្វែងរក​ម៉ូយ ឬ​ឈប់​នៅ​ទីតាំង​ណាមួយ​សម្រាប់​ដឹក​ភ្ញៀវ​នោះ គឺ​មិន​អាច​ប្រកួតប្រជែង​ជាមួយរ​បរដូច​គ្នា​នេះ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​បាន​ទេ ហើយ​សព្វ​ថ្ងៃនេះ អ្នកដំណើរ ឬ​ភ្ញៀវ​ទេសចរ ក៏​មាន​និន្នាការ​ងាក​មក​ចាប់អារម្មណ៍​ទៅ​លើ​សេវា​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​នេះ​ដែរ ព្រោះ​វា​ផ្ដល់​ទំនុកចិត្ត មិនបាច់​តថ្លៃ និង​សុវត្ថិភាព​ខ្ពស់ មិន​ខ្លាច​គេ​ដឹក​ពង្វាងផ្លូវ​ជាដើម ពិសេស​អ្នក​ដែល​ពុំ​សូវ​ស្គាល់​ភូមិសាស្ត្រ ។ ដូច្នេះ​ប្រសិនបើ​សេវា​ដឹក​អ្នកដំណើរ​ដែល​បំពាក់​ប្រព័ន្ធ​ទំនើប​នេះ​កាន់តែ​ផុលផុស​នោះ អ្នក​រត់​ម៉ូតូឌុប​, ម៉ូតូ​កង់​បី និង​តាក់ស៊ី​ធម្មតា ប្រាកដជា​ប្រឈម​នឹង​បញ្ហា​អត់​ម៉ូយ​មិន​ខាន ។

ទោះបី​យ៉ាងណា អ្នកដំណើរ​ឬ​ភ្ញៀវ​ដែល​ចង់​ជិះ​ធ​ម្យោ​បាយ​ដែល​បំពាក់​បច្ចេកវិទ្យា​(App)​នេះ ក៏​ត្រូវ​មានចំណេះ​ដឹង​ខាង​បច្ចេកវិទ្យា ឬ​ចេះ​អង់គ្លេស​ខ្លះ​ដែរ ដើម្បី​ងាយស្រួល ឬ​ក៏​ពឹងពាក់​ឲ្យ​គេ​ណែនាំ​ពី​របៀប​ប្រើប្រាស់​ក៏​បាន ព្រោះ​ពុំ​មាន​អ្វី​ស្មុគស្មាញ​ច្រើន​ទេ ។

ដើម្បី​ជិះ​តាក់ស៊ី​ម៉ែត្រ ឬ​ម៉ូតូ​កង់​បី​ដែល​បំពាក់​បច្ចេកវិទ្យា​ដោយ​ភ្ជាប់​សេវា​អីុ​ធើ​រ​ណេ​ត​នេះ អ្នកដំណើរ​ចាំបាច់​ត្រូវ​ដំឡើង​(Install)​កម្មវិធី​របស់​ក្រុមហ៊ុន​ណាមួយ​នៅ​ក្នុង​ស្មា​ត​ហ្វូ​ន​ជា​មុន​សិន ។ ក្រោយ​ដំឡើង​រួច នឹង​មានការ​ណែនាំ​ឲ្យ​បញ្ចូល​លេខ​កូដ​ដើម្បី​បញ្ជាក់​ថា​យើង​ចង់​ប្រើប្រាស់​សេវា​នេះ និង​បំពេញបែបបទ​មួយ​ចំនួន​ដូច​ជា រូបថត​, ឈ្មោះ​, លេខ​ទូរស័ព្ទ និង​អុ​ី​ម៉ែ​ល​ជាដើម ។ បន្ទាប់​មក គឺ​ត្រូវ​ប្រាប់​ទីតាំង​ដែល​យើង​កំពុង​នៅ ពេល​នោះ​កម្មវិធី​នេះ​នឹង​បង្ហាញ​អ្នកបើកបរ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ហើយ​ទាក់ទង​តាម​ទូរស័ព្ទ​មក​យើង​ភ្លាម​ៗ​ដើម្បី​បញ្ជាក់​ទីតាំង​ឲ្យ​ច្បាស់ ។
សេវា​តាក់ស៊ី​ឬ​ម៉ូតូ​កង់​បី​ដែល​បំពាក់​បច្ចេកវិទ្យា​នេះ គឺ​បង្ហាញ​ពី​តម្លៃ​ច្បាស់លាស់ មិនបាច់​តថ្លៃ​ទេ ដោយ​គិត​ជា​គីឡូម៉ែត្រ​ទៅ​តាម​តម្លៃ​ដែល​មាន​បង្ហាញ​ជូន និង​បិទ​លើ​រថយន្ដ ឬ​ម៉ូតូ​នោះ ។ ដូច្នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ទំនុកចិត្ត​ច្រើន បើ​ធៀប​នឹង​ម៉ូតូឌុប ឬ​ម៉ូតូ​កង់​បី​ដែល​រកស៊ី​រត់​ឈ្នួល​ធម្មតា ។

លោក សាន ស៊ា​ន អ្នក​រត់​តាក់ស៊ី​ម៉ែត្រ​ដែល​បំពាក់​បច្ចេកវិទ្យា PassApp Taxi បាន​ឲ្យ​ដឹង​ថា ដើម្បី​ក្លាយជា​អ្នក​រត់​តាក់ស៊ី​នេះ​បាន អ្នកបើកបរ​ត្រូវ​មាន​ប័ណ្ណបើកបរ មានបទពិសោធន៍ និង​ស្គាល់​ភូមិសាស្ត្រ​ច្រើន ។

លោក​បន្ដ​ថា ៖« ការ​ជិះ​តាក់ស៊ី​ម៉ែត្រ​នេះ វា​ងាយស្រួល តម្លៃ​ឃើញនឹងភ្នែក និង​មិនបាច់​តថ្លៃ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​មាន​ទំនុកចិត្ត​ខ្ពស់ »​។

ទោះបី​យ៉ាងណា លោក​ថា របរ​បែប​ថ្មី​នេះ ពុំ​ទាន់​ជា​ផុសផុល​នៅឡើយ​ទេ ខណៈ​ដែល​អ្នកដំណើរ​ពុំ​ទាន់​យល់​ច្បាស់​ពី​របៀប​ប្រើប្រាស់ និង​មាន​ទម្លាប់​ចាស់​នៅឡើយ ។

លោក​ថា ៖« ពេល​ខ្លះ ភ្ញៀវ​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ផ្ទាល់ ហើយ​ក្រុមហ៊ុន​បាន​ផ្ដល់​ព័​ត៌​ឲ្យ​ទៅ​ដឹក លុះ​ដឹក​ដល់​គោលដៅ គាត់​[​ភ្ញៀវ​]​ឲ្យ​តម្លៃ​ទៅ​តាម​ទម្លាប់​ដែល​គាត់​ធ្លាប់​ជិះ​ដូច​សព្វមួយដង តែ​យ៉ាងណា ក្រុមហ៊ុន​ក៏​គេ​ពិនិត្យ​តាម​GPS ដឹង​ដែរ​ថា យើង​ដឹក​ត្រឹមណា ដល់​ត្រឹមណា គឺ​គេ​ដឹង​ច្បាស់ »​។

លោក​បញ្ជាក់​ថា ៖« សេវាកម្ម​នេះ ពេល​ឡើង​ជិះ​ភ្លាម ដឹង​តែ​គិតលុយ​ភ្លាម គឺ​គិត​ជា​គីឡូម៉ែត្រ ហើយ​តម្លៃ​សេវាកម្ម​ក្រុមហ៊ុន​លោក​គឺ​៣​ពាន់​រៀល​ក្នុង​១​គីឡូម៉ែត្រ » ។

បើ​ធៀប​នឹង​ការ​រកស៊ី​ដឹក​ភ្ញៀវ​ធម្មតា​វិញ បុរស​ដែល​មានបទពិសោធន៍​រត់​កង់​បី​រយៈពេល ៤​ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា វា​ងាយស្រួល​ច្រើន ដោយ​មិន​ចាំបាច់​សម្លឹង​មើល​ម៉ូយ ជិះ​ដើរ​រក​ម៉ូយ ឬ​ឈប់​រង់ចាំ​ដឹក​នៅ​កន្លែង​ណា​នោះ​ទេ គឺ​ក្រុមហ៊ុន​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្រប់ពេល ហើយ​បើ​យើង​ចង់​ដឹក​ឬ​មិន​ចង់ គឺ​ស្រេច​តែ​យើង ក្រុមហ៊ុន​មិន​បង្ខំ​ទេ ។ ចំណែក​ក្រុមហ៊ុន​វិញ គឺ​យក​កម្រៃ​១៥% មាន​ន័យ​ថា បើ​ដឹក​ភ្ញៀវ​បាន​១០​ម៉ឺន​រៀល គឺ​ត្រូវ​បង់​ឲ្យ​ក្រុមហ៊ុន​១៥.០០០​រៀល និង​តម្រូវ​ឲ្យ​បង់​ប្រចាំ​ថ្ងៃ ។

ដោយឡែក​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ប្រចាំការ​នៅ​ទល់មុខ​ផ្សារ​ទំនើប​មួយ​បាន​និយាយ​ថា ការ​រត់​កង់​បី​ឥឡូវ​ជួប​បញ្ហា​ច្រើន មិន​ដូច​ពី​មុន​ទេ ។

លោក សុខ លាង​ហ៊ួ អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នេះ​និយាយ​ថា ៖« បច្ចុប្បន្ន ការ​រកស៊ី​របរ​នេះ​កំពុង​ប្រកួតប្រជែង​គ្នា​ច្រើន ខ្ញុំ​រកស៊ី​តែឯង​អីុ​ចឹ​ង​ពិបាក​រក​ម៉ូយ​ណាស់ ហើយ​បើ​ទៅ​ដឹក​ចំ​កន្លែង​គេ​រកស៊ី​ដែរ​នោះ កាន់តែ​យ៉ាប់​ទៀត ព្រោះ​គេ​ថា​យើង​កាត់មុខ​មាត់​ឬ​ទៅ​ដណ្ដើម​ម៉ូយ​គេ » ។

លោក ហុង សុវណ្ណ​តារា នាយក​គ្រប់គ្រង​ក្រុមហ៊ុន GOX Press ដែល​បាន​វិនិយោគ​លើ​ការ​ផ្តល់​សេវាកម្ម​តាម​បច្ចេកវិទ្យា​ទំនើប​នេះ ថ្លែង​ថា លោក​បាន​ចាប់ផ្តើម​ដំណើរការ​សេវាកម្ម​នេះ​តាំងពី​ចុងឆ្នាំ​២០១៦ ។ វា​ជា​សេវាកម្ម​ភ្ជាប់​រវាង​អ្នក​ប្រើប្រាស់ និង​អ្នក​ផ្តល់​សេវាកម្ម​តាម​រយៈ​ទូរស័ព្ទ​ដៃ​។ អតិថិជន​អាច​ប្រើប្រាស់​សេវាកម្ម​ហៅ​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី តាម​រយៈ​ទូរស័ព្ទ​ដៃ ដោយ​គ្រាន់តែ​ទាញ​យក​APP​មក​ដំឡើង​ក្នុង​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ជា​ការ​ស្រេច ។

លោក​បន្ត​ថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើ​ការងារ​ជាមួយ​អ្នក​ផ្តល់​សេវាកម្ម​នេះ​ជា​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី​ចំនួន​២០០​នាក់​ហើយ និង​មាន​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​ចុះ​ឈ្មោះ​ដើម្បី​ដំណើរការ​ប្រព័ន្ធ​នេះ ។ អតិថិជន​ក៏​អាច​កុ​ុ​ម្មង់​ទិញ​ទំនិញ បន្លែ ឬ​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ​តាម​រយៈ​អ្នក​ផ្តល់​សេវាកម្ម​ជា​អ្នក​រត់​ម៉ូតូឌុប អ្នកបើកបរ​ម៉ូតូ​កង់​បី និង​តាក់ស៊ី ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បណ្តាញ​នេះ​ផង​ដែរ​។ លោក​ថា App នេះ​មាន​ចំនួន​៣​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ៕