ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​ជិត​១៧​ម៉ឺននាក់ ធ្វើចំណាក​​ស្រុក​​មករាជ​ធានី​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​១៧​ម៉ឺន​នាក់ ​កាលពី​ឆ្នាំ​២០១៦ បាន​សម្រេចចិត្ត​បោះបង់​ចោល​​ភូមិឋាន ស្រុក
កំណើត បងប្អូន សាច់ញាតិ និង​មិត្តភក្តិ​ពី​ទី​ជនបទ​ដាច់​ស្រយាល ​ឬ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា ​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការ​ងារ និង​ប្រកប​របរ​អាជីវកម្ម​ផ្សេង​ៗ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​១៧​ម៉ឺន​នាក់ ​កាលពី​ឆ្នាំ​២០១៦ បាន​សម្រេចចិត្ត​បោះបង់​ចោល​​ភូមិឋាន ស្រុក
កំណើត បងប្អូន សាច់ញាតិ និង​មិត្តភក្តិ​ពី​ទី​ជនបទ​ដាច់​ស្រយាល ​ឬ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា ​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការ​ងារ និង​ប្រកប​របរ​អាជីវកម្ម​ផ្សេង​ៗ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

នេះ​មិន​ទាន់​គិត​ពី​ពលរដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ចំណាកស្រុក​ទៅ​​ក្រៅប្រទេស និង​ចំណាកស្រុក​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​នោះ​ទេ ។
អាជ្ញា​ធ​រ​រាជធានី​ភ្នំពេញ​​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ​​កាលពី​ឆ្នាំ​២០១៦ ​មាន​ចំនួន​៥០.៣៣៤​គ្រួសារ ឬ​ប្រហាក់ប្រហែល​ជាង​១៥​ម៉ឺន​នាក់ បើ​គិត​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​មាន​មនុស្ស​៣​នាក់ និង​ពលរដ្ឋ​ចំនួន​១៧.២៦៧​នាក់​ផ្សេង​ទៀត​ មិន​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ គឺ​សរុប​ប្រមាណ​ជិត​១៧​ម៉ឺន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​ចំនួន​១.៤៦១.៨៥៣​នាក់ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១.៤៦១.៨៥៣​នាក់ ស្មើនឹង​២៨៩.៤៥៨​គ្រួសារ ស្ត្រី​៧៦៦.១១៨​នាក់ អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៨៨១.០២០​នាក់ ក្នុង​នោះ​គ្រួសារ​រស់នៅ​អចិន្ត្រៃយ៍​មាន​ចំនួន​២៣៩.២២៤​គ្រួសារ ចំណែក​គ្រួសារ​រស់នៅ​បណ្តោះអាសន្ន មាន​ចំនួន​៥០.៣៣៤​គ្រួសារ និង​ពលរដ្ឋ​ចំណាកស្រុក​មាន​ចំនួន​១៧.២៦៧​នាក់​ផង​ដែរ ។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​រដ្ឋបាល​ទូ​ទាំង​រាជធានី​ភ្នំពេញ ជា​ពិសេស​តំបន់​ស្មុគស្មាញ​ចំនួន​១០៩​គោលដៅ ។

ជា​លទ្ធផល សមត្ថកិច្ច​រក​ឃើញ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ដែល​បន្លំ​ខ្លួន​រស់នៅ​ដោយ​មិន​មាន​ចុះបញ្ជី​ស្នាម​ស្នាក់​នៅ ឬ​មានការ​ទទួល​ស្គាល់ ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​ដែល​បន្លំ​ខ្លួន​មក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ ភាគច្រើន​ពួក​គាត់​បាន​ចំណាកស្រុក​មក​ពី​តាម​ខេត្ត ឬ​តំបន់​ជនបទ​ដាច់​ស្រយាល អត់​ការងារ​ធ្វើ និង​មាន​ស្ថានភាព​គ្រួសារ​ក្រលំបាក​ផង​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ពួក​គាត់​បំពេញបែបបទ និង​ធ្វើ​លិខិត​ស្នាក់​នៅ​បណ្តោះអាសន្ន​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​សិន ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​មាន​តំបន់​ស្មុគស្មាញ​ច្រើន នៅ​ពេល​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តាម​តំបន់​ស្មុគស្មាញ​ទាំងនោះ សមត្ថកិច្ច​បាន​រក​ឃើញ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ស្ត្រី និង​ខ្ទើយ​រកស៊ី​ផ្លូវភេទ និង​ជនអនាថា​ជា​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ផង​ដែរ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​បន្ថែម​ថា កាលពី​ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១.៤៤៧.០៨៥​នាក់​ស្មើនឹង​២៨២.០២៤​គ្រួសារ ស្ត្រី​៧៦០.៧៤៤​នាក់ អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៨៨៥.៩៦៩​នាក់ ក្នុង​នោះ​គ្រួសារ​រស់នៅ​អចិន្ត្រៃយ៍​មាន​ចំនួន​២៣៥.៤៣៤​គ្រួសារ ចំណែក​គ្រួសារ​រស់នៅ​បណ្ដោះអាសន្ន​មាន​ចំនួន​៤៦.៥៩០​គ្រួសារ ។