ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គួរ​កែ​លម្អ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម បើ​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​ស្រាវជ្រាវ​ម៉ា​ក្រូ សេដ្ឋកិច្ច​អាស៊ាន​+៣ ហៅ​កាត់​ថា​AMRO បាន​ស្នើ​ឲ្យ​ចាត់វិធានការ​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​កើត​ចេញពី​ការ​កើនឡើង​នៃ​ថ្លៃ​ពលកម្ម ប្រសិនបើ​

រាជធានី​ភ្នំពេញ ៖ អង្គការ​ស្រាវជ្រាវ​ម៉ា​ក្រូ សេដ្ឋកិច្ច​អាស៊ាន​+៣ ហៅ​កាត់​ថា​AMRO បាន​ស្នើ​ឲ្យ​ចាត់វិធានការ​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​កើត​ចេញពី​ការ​កើនឡើង​នៃ​ថ្លៃ​ពលកម្ម ប្រសិនបើ​កម្ពុជា​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន ខណៈ​ដែល​ការ​ព្យាករ​ថា​កម្ពុជា នឹង​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំង ជាមួយនឹង​អតិផរណា​មធ្យម ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា​GMAC បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ កក្កដា ម្សិលមិញ ។

យោង​តាម​របាយការណ៍​របស់​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​មួយ​នេះ បាន​បង្ហាញ​ផ្នែក​ផ្សេង​ៗ​ដែល​ត្រូវ​កែ​លម្អ​ដើម្បី​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម ហើយ​ឧស្សាហកម្ម​ដែល​ទទួល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​កើនឡើង​ថ្លៃ​ពលកម្ម រួម​មាន ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប ដោយសារ​ឧស្សាហកម្ម​ទាំងនេះ ជា​ឧស្សាហកម្ម​ប្រើ​ពលកម្ម​ខ្លាំង ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់ ។

ក្នុង​របាយការណ៍​នេះ​និយាយ​ថា ៖« ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​កើនឡើង​ថ្លៃ​ពលកម្ម កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ត្រូវការ​ឲ្យ​មាននៅ​ក្នុង​ផ្នែក​មួយ​ចំនួន​ដូច​ជា ការ​កែ លម្អ​គុណភាព​ការងារ ការ​កែ​លម្អ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កាត់​បន្ថយ​ការ​ចំណាយ​ភស្តុ​ភារ​និង​អគ្គិសនី »​។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំ​ង ម៉ូ​នី​កា បាន​យល​ស្រប​នឹង​របាយការណ៍​ខាងលើ​នេះ ដោយ​លើក​ឡើង​ថា បញ្ហា​ទាំងនោះ​គឺជា​បញ្ហា​ដែល​ត្រូវ​បានដឹង​ប៉ុន្មាន​ឆ្នាំ​រួច​មក​ហើយ ហើយ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន បាន​និង​កំពុងធ្វើការ​ងារ​លើ​បញ្ហា​ទាំងនោះ ។ 

លោក​បាន​ថ្លែង​ថា ៖« ពលកម្ម​គឺជា​បេះដូង​នៃ​ឧស្សាហកម្ម​ទាំងនេះ ខណៈ​ប្រាក់ខែ​អប្បបរមា​មាន​ចំនួន​១៥៣​ដុល្លារ និង​ប្រាក់​ឧបត្ថម្ភ​ដែល​តម្រូវ​ដោយ​ច្បាប់​មាន​ចំនួន​១៧​ដុល្លារ​ទៀត ដូច្នេះ​ប្រាក់ខែ​អប្បបរមា​សម្រាប់​ការ​ធ្វើ​ការងារ​៨​ម៉ោង​ធម្មតា គឺ​១៧០​ដុល្លារ​រួច​ទៅ​ហើយ ។ ដោយ​បូក​ជាមួយនឹង​ប្រាក់​រង្វាន់ ប្រាក់​លើកទឹកចិត្ត និង​ការងារ​ថែម​ម៉ោង កម្មករ​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​២០០​ដុល្លារ ឬ​ច្រើន​ជាង​នេះ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា  កំពុងធ្វើការ​ងារ​លើ​គោលនយោបាយ​យុទ្ធសាស្ត្រ​រយៈពេល​៨​ឆ្នាំ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​ឧស្សាហកម្ម​សំខាន់​ទាំងនេះ ដែល​រួមចំណែក​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ។

សាធារណជន​ដែល​មើល​ពី​ខាងក្រៅ​បាន​និយាយ​ថា ប្រាក់​ឈ្នួល​របស់​យើង គឺ​នៅ​ទាប​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ៗ ប៉ុន្តែ​វា​មិន​ពិត​ទេ ។ ប្រសិនបើ​យើង​ពិចារណា​ទៅ​លើ​កម្រិត​ផលិតភាព និង​ចំនួន​ថ្ងៃ​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា គឺ​តិច​ជាង​ប្រទេស​ដទៃ ប្រាក់​ឈ្នួល​របស់​យើង គឺ​ប្រហែល​ដូច​ប្រទេស​វៀតណាម​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​គឺ​រឹង​មាំ​ខ្លាំង​ឆ្ងាយ​ជាង​កម្ពុជា និង​មាន​លក្ខណៈ​ពិពិធ​កម្ម​ជាង​កម្ពុជា ។

សាធារណជន​ដែល​មើល​ពី​ខាងក្រៅ​បាន​និយាយ​ថា ៖« អ្វី​ដែល​សំខាន់​ដូច​ថ្លៃ​ពលកម្ម គឺ​ទំនាក់ទំនង​ការងារ ខណៈ​តម្លៃ​ជា​កត្តា​កំណត់​ចម្បង ភាព​រសើប​នៃ​ម៉ាក ក៏​ជា​កត្តា​សំខាន់​ខ្លាំង​ផង​ដែរ​សម្រាប់​កម្ពុជា »​។

បើ​ទោះបីជា​អនុលោម​ភាព​ការងារ​មាន​កម្រិត​ខ្ពស់​តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO-BFC)​ក៏​ដោយ ក៏​កម្ពុជា​មិន​ត្រូវ​បាន​ធានា​នូវ​ស្ថានភាព​ពិសេស​ណាមួយ ដើម្បី​ទទួល​បាន​បញ្ជា​ទិញ​អន្តរជាតិ​នោះ​ទេ ។

កម្ពុជា​អនុវត្ត​បាន​ល្អ​ជាង​ប្រទេស​ដទៃ បើ​និយាយ​ពី​អនុលោម​ភាព ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ភស្តុ​ភារ​វិញ ខណៈ​ថ្លៃ​ដឹក​ជញ្ជូន​មាន​ហេតុផល ការ​ចំណាយ​ទៅ​លើ​ឯកសារ​និង​សេវា​ដទៃ​ៗ​ទៀត​គឺ​ខ្ពស់​ណាស់ ។ ដំណើរការ​ស្មុគស្មាញ និង​រយៈពេល​យូរ​នៅ​ក្រសួង​មួយ​ចំនួន ក៏​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​ខាតបង់​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ផង​ដែរ ។ ក្រៅពី​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ ប្រទេស​នេះ​ក៏​ត្រូវ​ផ្តោត​ផង​ដែរ​ទៅ​លើ​លទ្ធភាព​ផ្គត់ផ្គង់​វត្ថុធាតុដើម​ក្នុងស្រុក ខណៈ​ការ​បញ្ជា​ទិញ​កំពុង​មាន​លក្ខណៈ​តូច​ទៅ​ៗ ហើយ​ពេលវេលា​ផលិត​មាន​លក្ខណៈ​ខ្លី​ទៅ​ៗ ។

នេះ​ជា​សម័យកាល​ពិត​នៃ​ឧស្សាហកម្ម​ម៉ូត​ដែល​រាជរដ្ឋាភិបាល​គួរ​បង្កើត​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​លើកទឹកចិត្ត​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម និង​សេវាកម្ម​គាំទ្រ​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ៕