ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បង្កើន​ការ​ផ្សព្វផ្សាយ​ប្រាសាទសំបូរព្រៃគុក​ទៅ​កាន់​អន្តរជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រាសាទសំបូរព្រៃគុក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក ក្រសួងទេសចរណ៍​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​នេះ​ទៅ​កាន់​ពិភពលោក​កាន់តែ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រាសាទសំបូរព្រៃគុក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក ក្រសួងទេសចរណ៍​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​នេះ​ទៅ​កាន់​ពិភពលោក​កាន់តែ​ច្រើន​ជាង​មុន និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ទាំងអស់ ដាក់​ប្រាសាទ​នេះ​ចូល​ក្នុង​កញ្ចប់​ទេសចរណ៍​របស់​ខ្លួន​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​នៅ​ការិយាល័យ​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ថា ក្រសួង​បាន​និង​កំពុង​រៀបចំ និង​បាន​ផ្សព្វផ្សាយ​រួច​មក​ហើយ នូវ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ប៉ុន្តែ​ពេល​ប្រាសាទ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រសួង​នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ពី​រមណីយដ្ឋាន​នេះ ។ លោក​បន្ត​ថា ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នឹង​បង្កើត​ឲ្យ​មាន​ខ្សែ​ទស្សនកិច្ច​បេ តិក​ភណ្ឌ​ថ្មី​មួយទៀត​រវាង​ប្រាសាទសំបូរព្រៃគុក ទៅ​កាន់​ប្រាសាទ​អង្គរ ខេត្តសៀមរាប និង​ឆ្ពោះទៅ​កាន់​ប្រាសាទព្រះវិហារ ព្រមទាំង​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទ​វត្ត​ភូ ប្រទេស​ឡាវ ផង​ដែរ ។

លោក​បន្ត​ថា ៖« ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នឹង​ចាប់អារម្មណ៍ និង​មក​ទស្សនា​ប្រាសាទ​នេះ​ច្រើន ព្រោះ​កន្លង​មក​ក្រសួង​ក៏​បាន​សហការ​ជាមួយ​សហគមន៍​នៅ​ជុំវិញ​ប្រាសាទ រៀបចំ​បង្កើត​ជា​ផលិតផល​ទេសចរណ៍​ផង​ដែរ តាម​រយៈ​ការ​សហការ​ជាមួយ​អង្គការ​ADB ដែល​បាន​ជួយ​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​នៅ​តំបន់​នេះ » ។

លោក​បន្ថែម​ថា លើស​ពី​នេះ ក្រសួង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​គណៈកម្មការ​គ្រប់គ្រង​ប្រាសាទសំបូរព្រៃគុក ដើម្បី​រៀបចំ​ជា​ផ្ទះ​ស្នាក់ (Home Stay) ភោជនីយដ្ឋាន ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ផង​ដែរ​ដោយ ធ្វើ​យ៉ាងណា​ផ្តោត​លើ​ទិស​ស្លោក «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ »​។

លោក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ត​ថា ជាមួយនឹង​ផែនការអភិវឌ្ឍន៍​តំបន់​នេះ ខេត្តកំពង់ធំ​ក៏​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​ផ្ទះសំណាក់​ជា​ច្រើន​ទៀត ព្រមទាំង​មាន​ភោជនីយដ្ឋាន ដែល​អាច​ទទួលភ្ញៀវ​ទេសចរ​បាន ព្រោះ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ មាន​ចម្ងាយ​ត្រឹមតែ​២៥​គីឡូម៉ែត្រ ពី​ប្រាសាទ​នេះ​ប៉ុណ្ណោះ ។

លោកស្រី​ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា ពិត​ណាស់​ការ​ដាក់​បញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កាន់តែ​ច្រើន ពិសេស​ភ្ញៀវ​អឺរ៉ុប ដែល​ចូល​ចិត្ត​តំបន់​រមណីយដ្ឋាន​បែប​នេះ ។ លោកស្រី​បន្ត​ថា កន្លង​មក​ប្រាសាទ​នេះ មិនសូវ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទេ តែ​ពេល​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ នឹង​មានការ​ចាប់អារម្មណ៍​ច្រើន ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក​ធួន ស៊ី​ណា​ន បាន​ថ្លែង​ថា កន្លង​មក ប្រសិនជា​មានការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក យើង​តែងតែ​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ចូល​ក្នុង​កញ្ចប់​ទេសចរណ៍​របស់​ខ្លួន និង​ជំរុញ​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​ខេត្តកំពង់ធំ​មួយ​យប់ ហើយ​ពួក​គេ​ទស្សនា​ប្រាសាទ និង​សហគមន៍​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ប្រាសាទ​នេះ ប៉ុន្តែ​ភ្ញៀវ​ភាគច្រើន​ពួក​គេ​គ្រាន់តែ​ឆ្លងកាត់​ប៉ុណ្ណោះ ហេតុនេះ​គួរតែ​មានការ​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ រម​នី​យ​ដ្ឋា​ន​កែ​ច្នៃ​នៅ​ជុំវិញ​តំបន់​នេះ​មួយ​ចំនួន​ទៀត ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

លោក​ធួន ស៊ី​ណា​ន ថ្លែង​ថា ៖« ខ្ញុំ​ជឿ​ថា ការ​ដាក់​ប្រាសាទ​នេះ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នឹង​ជួយ​ជំរុញ​វិស័យ​នេះ​ឲ្យ​មាន​ភាព​ផុសផុល​បន្ថែម​ទៀត ហើយ​ភ្ញៀវ​ទេសចរ នឹង​កើនឡើង »​។ លោក​បន្ត​ថា ៖« យើង​នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ប្រាសាទ​នេះ និង​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ចូល​ក្នុង​កញ្ចប់​ទេសចរណ៍​របស់​ខ្លួន​» ៕